អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន សន្យាជួយស្រីលង្កាកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ
28, Mar 2024 , 9:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីស្រីលង្កា លោក Dinesh Gunawardena (ឆ្វេង) និងប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបភាព ៖ Xinhua
នាយករដ្ឋមន្រ្តីស្រីលង្កា លោក Dinesh Gunawardena (ឆ្វេង) និងប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបភាព ៖ Xinhua
ចិនដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ស្រីលង្កា សន្យានឹងជួយប្រទេសកោះអាស៊ីខាងត្បូងមួយនេះ អភិវឌ្ឍកំពង់ផែទឹកជ្រៅយុទ្ធសាស្ត្រ និងព្រលានយន្តហោះនៅរដ្ឋធានីកូឡុំបូ។ នេះ​បើតាម​នាយក​រដ្ឋមន្ត្រី​ស្រីលង្កា លោក Dinesh Gunawardena នៅថ្ងៃទី២៧ ខែមីនា អំឡុង​ទស្សនកិច្ចនៅចិន​ ៦​ថ្ងៃ​។

 
បន្ថែមពីលើការប្តេជ្ញាចិត្តរបស់ចិនក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ នាយករដ្ឋមន្ត្រីស្រីលង្កា បាននិយាយថា ទីក្រុងប៉េកាំងនឹងគាំទ្រកូឡុំបូ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលបរទេសឡើងវិញ ដែលជាលក្ខខណ្ឌសំខាន់ ដើម្បីពន្យាពេលសងបំណុល ២,៩ពាន់លានដុល្លារ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF) ។ 
 
ជំហររបស់ចិនលើការរៀបចំរចនាសម្ព័ន្ធបំណុល សម្រាប់ស្រីលង្កា មិនត្រូវបានបង្ហាញជាសាធារណៈទេ ប៉ុន្តែមន្ត្រីស្រីលង្កាបាននិយាយថា ចិនមិនចង់កាត់បន្ថយប្រាក់កម្ចីទេ ហើយអាចពង្រីកលក្ខខណ្ឌកម្ចី និងកែសម្រួលអត្រាការប្រាក់។ នៅឆ្នាំ ២០២២ ស្រីលង្កាបានធ្លាក់ខ្លួនអស់ទុនបំរុងរូបិយប័ណ្ណបរទេស។ ក្រោយមក ស្រីលង្កាបានប្រកាសពីការខកខានមិនអាចសងបំណុលបរទេស ដែលមានតម្លៃ ៤៦ពាន់លានដុល្លារ។
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ កំពង់ផែសមុទ្រ Hambantota ភាគខាងត្បូងរបស់ស្រីលង្កា ត្រូវបានប្រគល់ឱ្យក្រុមហ៊ុនរដ្ឋរបស់ចិនក្នុងឆ្នាំ២០១៧ ក្រោមការជួលរយៈពេល ៩៩ឆ្នាំដែលមានតម្លៃ ១,១២ពាន់លានដុល្លារ។
 
ទាក់ទិនរឿងនេះ ឥណ្ឌា និងអាម៉េរិកបង្ហាញជំហរព្រួយបារម្ភថា ការបង្កើតកំពង់ផែសមុទ្រចិននៅ Hambantota ភាគខាងត្បូងស្រីលង្កា អាចបម្រើផលប្រយោជន៍ដល់កងទ័ពជើងទឹកចិន នៅក្នុងមហាសមុទ្រឥណ្ឌា។ យ៉ាងណាមិញ ស្រីលង្កាអះអាងថា កំពង់ផែរបស់ខ្លួន នឹងមិនប្រើប្រាស់សម្រាប់គោលបំណងយោធាណាមួយឡើយ៕ 

Tag:
 ចិន
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com