កីឡាជាតិ
ជាតិ
ល្បុក្កតោ ចំណោម១២ប្រភេទកីឡា ក្នុងការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤
× ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បញ្ជាក់ថាគោលដៅនៃព្រឹត្តិការណ៍នេះ ដើម្បីបំផុសសកម្មភាពកីឡា ក្នុងគ្រឹះស្ថានអប់រំ និងដើម្បីតម្រង់ទិសអ្នកមាននិស្ស័យកីឡា ឲ្យក្លាយជាកីឡាករ-កីឡាការិនី នាពេលអនាគត។
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ មាន១២ប្រភេទកីឡា ដោយមានប្រតិភូ ជាកីឡាករ-កីឡាការិនីសិស្សបឋម និងគ្រូបង្វឹក សរុបចំនួន ២៩៦០នាក់ មកពីបណ្ដាល ២៥រាជធានីខេត្ត ចូលរួម។ ពីធីបើកការប្រកួត នឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០ រសៀល។ ១២ប្រភេទកីឡានោះ មានដូចជា៖បាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WT, តេក្វាន់ដូ ITF, ប៊ូល និងប៉េតង់, ល្បុក្កតោ, ហែលទឹក និង គុនដាវ។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រូបពីអគ្គនាយកដ្ឋានកីឡា
លោក ហួត សេងទ្រី បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា គោលបំណងធំ៤យ៉ាង នៃការរៀបចំព្រឹត្តិការណ៍គឺ៖
១-ដើម្បីបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី ខេត្ដ។
២-ជួយឲ្យសិស្សានុសិស្សមានសុខភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតឆ្នៃប្រឌិត និងការតស៊ូស្វិតស្វាញ សម្ដៅលើការដណ្ដើមបានលទ្ធផលល្អប្រសើរ។
៣-លើកទឹកចិត្ត ដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីជ្រើសរើសជាកីឡាករ-កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ។
៤-បង្កើតឱកាសឲ្យសិស្សជួបជុំគ្នា ចងមិត្តភាព និងសាមគ្គីភាព ដើម្បីចេះរស់ជាមួយគ្នាក្នុងសង្គម។
ប្រតិភូចូលរួមប្រកួត មានដូចជា៖
- បាល់ទាត់ មានចំនួន ៧៦១នាក់
- បាល់ទះ មានចំនួន ៤៧៩នាក់
- បាល់បោះ មានចំនួន ៣៨៨នាក់
- អត្ដពលកម្ម មានចំនួន ២២២នាក់
- វាយកូនឃ្លីលើតុ មានចំនួន ២១នាក់
- វាយសី មានចំនួន ៨៤នាក់
- តេក្វាន់ដូ WT មានចំនួន ៥២នាក់
- តេក្វាន់ដូ ITF មានចំនួន ៦៣នាក់
- ប៊ូល និងប៉េតង់ មានចំនួន ៦៥នាក់
- គុនល្បុក្កតោ មានចំនួន ៧៧នាក់
- ហែលទឹក មានចំនួន ៣៧នាក់
- គុនដាវ មានចំនួន ៣៥នាក់៕
Tag:
(កីឡាសិស្សបឋម
ហួត សេងទ្រី)
© រក្សាសិទ្ធិដោយ thmeythmey.com