កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool សម្លឹងបេក្ខភាពផ្សេង បន្ទាប់ពី Leverkusen ចង់បន្តដំណើរជាមួយ Alonso
29, Mar 2024 , 11:10 am        
រូបភាព
Liverpool រំពឹងថា Xabi Alonso នឹងបន្តនៅ Bayer Leverkusen រដូវកាលក្រោយ ស្របពេលក្លិប នឹងពិចារណាបេក្ខជនផ្សេងទៀតដើម្បីជំនួសតំណែងអ្នកចាត់ការទូទៅលោក Jurgen Klopp។

Xabi Alonso អតីតខ្សែបម្រើឆ្នើមរបស់ហង្សក្រហម បានបង្ហាញភាពភ្ញាក់ផ្អើលតាមរយៈការដឹកនាំ Bayer Leverkusen មិនទាន់ស្គាល់ចាញ់សោះនៅរដូវកាលនេះ និងមានភាគរយខ្ពស់ដើម្បីគ្រងជើងឯក Bundesliga ផង។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៤២ឆ្នាំ ធ្លាប់ត្រូវបានផ្សារភ្ជាប់ទៅព័ត៌មានជាច្រើនកន្លងមក​ ថានឹងអាចចូលកាន់តំណែងនៅ Anfield បន្ទាប់ពីលោក Jurgen Klopp បានប្រកាសថានឹងចុះចេញពីតំណែងក្រោយបញ្ចប់រដូវកាល ២០២៣-២៤។
 
ក្លិប Leverkusen កំពុងនាំមុខកំពូលតារាងលីគកំពូលអាល្លឺម៉ង់ ព្រមទាំងកំពុងសម្លឹងការឈ្នះពានលីគកំពូលលើកដំបូងក្នុងប្រវតិ្តសាស្ត្រ ក៏ចង់បន្តដំណើរជាមួយនឹងលោក Alonso ដល់រដូវកាលក្រោយទៀត។ ទន្ទឹមនឹងការប្តូរចិត្តវិញរបស់ Liverpool ដោយឡែកប្រធានកិត្តិយសរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich លោក ​Uli Hoeness ក៏បានអះអាងថា ការចង់បាន Alonso ប្រហែលជារឿងមិនអាចទៅរួចឡើយ។
 
សម្រាប់ Bayern អតីតកីឡាករខ្លួន Alonso ក៏ជាបេក្ខភាពមួយរូបដែលនឹងអាចជំនួសតំណែងកំពូលដឹកនាំក្លិប ក្រោយពេលការចាកចេញរបស់លោក Thomas Tuchel ក្រោយចប់រដូវកាល ២០២៣-២៤។ បើតាមការអះអាងរបស់លោក Hoeness ៖«Alonso មើលទៅមានទំនោរចង់បន្តស្នាក់នៅជាមួយ Bayer Leverkusen ចំពោះភាពជោគជ័យពេលបច្ចុប្បន្ន ព្រោះគេអាចនឹងមិនចង់ចាកចោលក្លិបឡើយ។»។
 
Alonso ធ្លាប់រួមរស់ជាមួយ​ Liverpool ពីឆ្នាំ ២០០៤ ដល់ ២០០៩ ដោយបង្ហាញខ្លួន ២១០ប្រកួត។ បន្ទាប់មក Alonso បានផ្លាស់ទៅលេងឱ្យក្លិប Real Madrid មុនបន្តទៅចូលរួម Bayern Munich ដែលជាកន្លែងលោកធ្លាប់បង្ហាញខ្លួន ៣រដូវកាល មុនចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។
 
ចាប់ផ្តើមអាជីពដឹកនាំដំបូង Alonso បានទៅដឹកនាំក្រុមយុវជន Real Madrid អាយុក្រោម ១៤ឆ្នាំ ពីឆ្នាំ ២០១៨ ហើយបន្ទាប់មកផ្លាស់ទៅដឹកនាំក្រុម Real Sociedad B រយៈពេល ៣ឆ្នាំ។ នៅក្នុងខែតុលា ឆ្នាំ ២០២២ Leverkusen បានផ្តល់ឱកាសដល់បុរសវ័យ ៤២ឆ្នាំ រូបនេះ ឱ្យកាន់កាប់តំណែងដឹកនាំក្រុមឈុតធំលើកដំបូង ដោយលោកបានដឹកនាំក្លិបចាកចេញពីតំបន់កាត់ចោល រហូតឡើងមកដល់ចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Bundesliga កាលពីរដូវកាលមុន។
 
រដូវកាលនេះ ក្រោមការដឹកនាំពេញដៃរបស់ Alonso ក្លិប Leverkusen បន្តនាំមុខដាច់ ១០ពិន្ទុ ពីក្រោមការពារជើងឯក Bayern Munich ខណៈការប្រកួតលីគកំពូលនៅសល់ ៨ប្រកួត ប៉ុណ្ណោះ។ Leverkusen ក៏នៅមានពានរង្វាន់ចំនួន​ ២ផ្សេងទៀត ត្រូវប្រជែងរួមមានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន German Cup និងវគ្គ ៨ក្រុមចុងក្រោយ Europa League។
តំណែងបន្តពីលោក Klopp នៅក្លិបរហស្សនាមហង្សក្រហម ត្រូវបានគេមើលឃើញថាលោក Ruben Amorim អ្នកចាត់ការក្រុម Sporting Lisbon និងលោក Roberto de Zerbi គ្រូបង្វឹករបស់ Brighton & Hove Albion កំពុងក្លាយជាបេក្ខភាពឈានមុខ៕

Tag:
 (Bayer Leverkusen
  Xabi Alonso)
© រក្សាសិទ្ធិដោយ thmeythmey.com