កីឡាជាតិ
ជាតិ
កម្ពុជា ចុះ MOU នាំយកអត្តពលិកខ្មែរ-អាម៉េរិក ចូលជម្រើសជាតិ ត្រៀមកីឡាយុវជនអាស៊ី
29, Mar 2024 , 6:59 pm        
រូបភាព
អនុស្សរណៈយោគយល់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយសមាគមកីឡាខ្មែរ-សហរដ្ឋអាមេរិក រូបពី NOCC
អនុស្សរណៈយោគយល់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយសមាគមកីឡាខ្មែរ-សហរដ្ឋអាមេរិក រូបពី NOCC
គោលបំណងក្នុងការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងទំនាក់ទំនងការទូត និងនាំយកអត្ដពលិកខ្មែរ-អាម៉េរិក ដែលមានសមត្ថភាពចូលជម្រើសជាតិកម្ពុជា ត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះកីឡាយុវជន ឆ្នាំ២០២៩។ នេះជាការលើកឡើងរបស់ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្នុងពីធីចុះ MOU កាលពីថ្ងៃទី២៨ ខែមីនា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

 
លោក Sokhary C. Chau ប្រធានសមាគមកីឡាខ្មែរប្រចាំសហរដ្ឋអាម៉េរិក (USA-Cambodian Sports Association) បានជួបជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា (NOCC) និងជា តំណាងក្រសួងអប់រំ យុវជន និងកីឡា  ដើម្បីចុះអនុស្សរណៈយោគយល់ ដោយផ្អែកលើការផ្លាស់ប្ដូគ្នាទៅវិញទៅមក និងបញ្ជូនអត្ដពលិក ដែលមានឈាមជ័រខ្មែរពីទឹកដីអាម៉េរិក ចូលក្រុមជម្រើសជាតិកម្ពុជា។ 
 
តំណាងក្រសួងអប់រំរូបនេះ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថា សមាគមប្រចាំសហរដ្ឋអាម៉រិកនេះ បានធ្វើកិច្ចការរួមគ្នាជាច្រើន ក្នុងពេលកន្លងមកហើយ ដូចជាការបញ្ជូនអត្ដពលិក ដែលមានសមត្ថភាព និងគុណភាព ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាដើម។
 
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា សមាគមនេះ បានដើរតួនាទីសំខាន់ ដោយផ្លាស់ប្ដូរ និងបញ្ជូនអត្តពលិកខ្មែរ-អាម៉េរិកមួយចំនួន មកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងប្រភេទកីឡា បាល់ទះ បាល់បោះ និងជឺជិតស៊ូ ជាដើម។
 
អគ្គលេខាធិការ NOCC រូបនេះ បញ្ជាក់ថាគោលដៅ នៃការធ្វើ MOU គឺដើម្បីស្វែងរកអ្នកមានទេព្យកោសល្យ និងកីឡាករ-កីឡាការិនីខ្មែរ ដែលរស់នៅ និងកើតនៅសហរដ្ឋអាម៉េរិក អាចចូលជាក្រុមជម្រើសជាតិ ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិសំខាន់នានា ជាពិសេស ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍យុវជនអាស៊ី ឆ្នាំ២០២៩។
 
«គោលដៅមួយទៀត នៃការចុះហត្ថលេខានេះ ក៏មានគោលដៅក្នុងការស្វែងរកអ្នកមានទេព្យកោសល្យ និងកីឡាករកូនខ្មែររបស់យើងទាំងក្នុង និងក្រៅប្រទេស មានទេព្យកោសល្យល្អ មានបច្ចេកទេសល្អ ត្រៀមឆ្ពោះទៅការរៀបចំកីឡាករកម្រិត ជម្រើសជាតិរបស់យើង ត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩។ យើង ធ្វើឲ្យមានប្រសិទ្ធភាពបន្ថែម ក្នុងការស្វែងរកឲ្យបានពិតប្រាកដនូវកីឡាករ ដែលមានទេព្យកោសល្យ និងបច្ចេកទេសខ្ពស់ និងគុណផលកីឡាខ្ពស់។ នេះ គឺជាគោលដៅ ដែលយើងត្រូវធ្វើសម្រាប់ឆ្នាំ២០២៩។»។ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ដូច្នេះ។
 
អនុស្សរណៈនេះ មានសុពលភាពចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៧៕
 

Tag:
 វ៉ាត់ ចំរើន
  អនុស្សរណៈ
  Asian Youth Games
© រក្សាសិទ្ធិដោយ thmeythmey.com