សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនចិន BYD ពន្យារពេលសាងសង់រោងចក្រនៅវៀតណាម
29, Mar 2024 , 9:29 pm        
រូបភាព
ការដំឡើងរថយន្តក្រុមហ៊ុន​ BYD នៅខេត្ត Saanxi ប្រទេសចិន។ រូបភាព ៖ Xinhua
ការដំឡើងរថយន្តក្រុមហ៊ុន​ BYD នៅខេត្ត Saanxi ប្រទេសចិន។ រូបភាព ៖ Xinhua
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានជ្រើសសួនឧស្សាហកម្ម ហ៊្វូ ហា ក្នុងខេត្ត ហ្វ៊ូ ថក់ លើផ្ទៃដីទំហំ ១០០ហិកតាសម្រាប់សាងសង់រោងចក្រ។ យ៉ាងណាមិញ គម្រោងនេះមិនទាន់ត្រូវបានអនុវត្តភ្លាមៗនោះទេ ដោយសារការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងបញ្ហាទីផ្សារមួយចំនួន។

 
លោក លឿង ថាញ់ ទុង អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GELEX បានប្រាប់សារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមនៅថ្ងៃទី២៨ ខែមីនា ថា ក្រុមហ៊ុន BYD គ្រោងដំឡើងរោងចក្រផលិតរថយន្តអគ្គិសនីលើផ្ទៃដី ១០០ហិកតានៅសួនឧស្សាហកម្ម ហ៊្វូ ហា ក្នុងខេត្ត ហ្វ៊ូ ថក់ ភាគខាងជើងប្រទេសវៀតណាម។ 
 
យ៉ាងណាមិញ ដោយសារតែការផ្លាស់ប្តូរយុទ្ធសាស្រ្ត និងភាពយឺតយ៉ាវនៃទីផ្សាររថយន្តអគ្គិសនី ការសាងសង់រោងចក្រមិនអាចត្រូវបានអនុវត្តក្នុងពេលឆាប់នោះទេ។ បច្ចុប្បន្ននេះ ភាគីទាំងសងខាងកំពុងស្វែងរកពេលវេលាសមស្របដើម្បីចាប់ផ្តើមគម្រោងនេះ។
 
កាលពីដើមឆ្នាំ២០២៣ សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិន គ្រោងនឹងសាងសង់រោងចក្រនៅវៀតណាមដើម្បីផលិតគ្រឿងបន្លាស់រថយន្ត។ បន្ទាប់មក នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ជិន ហុង ហា នៅខែឧសភាឆ្នាំមុន នាយកប្រតិបត្តិ BYD Group លោក Wang Chuanfu ក៏បានលើកឡើងនូវបំណងប្រាថ្នានេះ។ 
 
ក្រោយមក លោក Wang Chuanfu បានស្នើឱ្យបង្កើតលក្ខខណ្ឌអំណោយផលសម្រួល បញ្ចប់នីតិវិធីវិនិយោគ ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ BYD ក៏មានគម្រោងបង្កើតខ្សែច្រវាក់គាំទ្រសហគ្រាសវៀតណាមក្នុងវិស័យរថយន្តអគ្គិសនីដែរ។
 
BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ចិន។ កាលពីឆ្នាំមុន ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សនេះបានកត់ត្រាការកើនឡើងភ្លាមៗនៃប្រាក់ចំណេញសុទ្ធដែលមានរហូតដល់ ៣០ពាន់លានយ័ន (៤,២ពាន់លានដុល្លារ) ជិតទ្វេដងនៅឆ្នាំ២០២២។ 
 
នៅក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២៣ BYD បានវ៉ាដាច់ Tesla លើការលក់ចំនួនរថយន្តអគ្គិសនីទូទាំងពិភពលោកមានជាង ៥២៥ ៤០០គ្រឿង ខណៈ Tesla លក់បានត្រឹម ៤៨៤ ៥០០គ្រឿង។
 
BYD មានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្រៅប្រទេសដំបូងគេនៅថៃ។ ទន្ទឹមនេះ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ជាគោលដៅបន្ទាប់សម្រាប់ផែនការសាងសង់រោងចក្របន្ថែមទៀតនៅអាស៊ីអាគ្នេយ៍៕
 

Tag:
 វៀតណាម
  ចិន
  រថយន្តអគ្គិសនី
  BYD
© រក្សាសិទ្ធិដោយ thmeythmey.com