កីឡាអន្តរជាតិ
អន្តរជាតិ
Championship៖ Leicester វិលទៅ Premier League ខណៈ Leeds United បន្តរងសម្ពាធ
27, Apr 2024 , 8:19 pm        
រូបភាព
ក្លិប Leicester City បានឈ្នះកៅអី វិលត្រឡប់មកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេសវិញ នាថ្ងៃទី២៦ ខែមេសា​ បន្ទាប់ពីក្រុមគូប្រជែងរបស់ខ្លួន ក្នុងក្របខណ្ឌ Championship ក្រុម Leeds United បានបរាជ័យ ក្រោមថ្វីជើងក្រុម Queen Park Rangers លទ្ធផល ៤-០។

 
ការចាញ់របស់ Leeds ធ្វើឱ្យ Leicester City ឈរកំពូលតារាង ឈរក្នុងចំណោមក្រុមកំពូល ទាំង ២ ដោយសុវត្ថិភាព។ លទ្ធផលចាញ់បានធ្វើឱ្យក្រុមលេខ ២ Leeds United ខកខាន ការឡើងទៅកាន់ Premier League ដោយស្វ័យប្រវត្តិ នឹងថែមទាំងប្រឈមមុខជាថ្មី ចំពោះ ការប្រជែងចាកចេញពីក្របខណ្ឌលំដាប់ទីពីរអង់គ្លេស។
 
Leeds United មានគម្លាតពិន្ទុពីក្រោម Leicester City ៤ពិន្ទុ ខណៈខ្លួននៅសល់ ១ប្រកួត ក្នុងដៃប៉ុណ្ណោះ ហើយត្រូវបានតាមពីក្រោយដោយក្រុម Ipswich Town ស្ថិតនៅលេខ ៣ ដែលមានគម្លាតត្រឹមតែ ១ពិន្ទុ ហើយមាន ២ប្រកួតក្នុងដៃ។
 
ជំនួបដែល Leeds ចាញ់ហើយអាចធ្វើឱ្យមានការខកចិត្តនោះ ក្រុម Queen Park Rangers បានបង្ហាញទម្រង់លេងមួយយ៉ាងល្អ ដោយនៅត្រឹមវគ្គទីមួយពួកគេ រកបាន២គ្រាប់ ដោយ គ្មានការឆ្លើយតបអ្វីទាំងអស់។
 
កីឡាករ Ilias Chair ស៊ុតគ្រាប់ទីមួយនាទី៨ មុនពេលកីឡាករ Lucas Andersen ស៊ុតគ្រាប់ ទីពីរនាទី២២។ ចូលវគ្គទីពីរ កីឡាករ Lyndon Dykes ស៊ុតគ្រាប់ទី៣ នាទី៧៣ ហើយគ្រាប់ ទី៤ សម្រេចដោយកីឡាករ Sam Field នៅនាទី៨៦។
 
Leeds ក្នុងវគ្គទីពីរ ក៏ព្យាយាមរកវិធីសាស្ត្រវាយបក​ ប៉ុន្តែធ្វើមិនបានសម្រេចនោះឡើយ ដោយក្រុម Queen Park ហាក់បីមានភាពខ្លាំងក្លាជាងខ្លួនក្នុងការប្រកួតនោះ៕
 
 

Tag:
 Premier League
  Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com