ជាតិ
សង្គមជាតិ
សមិទ្ធផល ២៥ឆ្នាំ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​
28, Apr 2024 , 9:19 am        
រូបភាព
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
 
 
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ ARDB បានផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលមានសកម្មភាពទ្រទ្រង់សេដ្ឋកិច្ចជនបទ ព្រមទាំងសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាតិ-អន្តរជាតិ ក្នុងការផ្តល់ឥណទានគាំទ្រការអនុវត្តគម្រោងក្នុងវិស័យ​កសិកម្ម និងអភិវឌ្ឍន៍ជនបទ។

 
ក្នុងរយៈពេល២៥ឆ្នាំមកនេះ ARDB បានវិវឌ្ឍន៍ពីធនាគារឯកទេស ដែលធ្វើតែប្រតិបត្តិការផ្តល់ឥណទានដុំដល់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជដែលធ្វើប្រតិបត្តិការធនាគារពេញលេញរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ  សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្តល់មធ្យោបាយទូទាត់។ សំពៀតឥណទានរបស់ធនាគារដែលបានចាប់ផ្តើមពី ០,៥២លានដុល្លារ នៅឆ្នាំ១៩៩៨ បានកើនឡើងដល់ ៤២៣លានដុល្លារ នៅឆ្នាំ២០២៣ ខណៈទ្រព្យសកម្ម ក៏កើនពី ២,៤៩លានដុល្លារ នៅឆ្នាំ១៩៩៨ ​ដល់ ៤៦០លានដុល្លារ នៅឆ្នាំ២០២៣។
 
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាអភិវឌ្ឍន៍ផលិតផលឥណទាន និងសេវាកម្មថ្មីៗបែបឌីជីថល ដើម្បីផ្តល់សេវាពេញលេញ រហ័ស ដល់អតិថិជន។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងអនុវត្តន៍គម្រោងពិសេសរបស់រាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍នានា ឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល​ ក្នុងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ឱ្យកាន់តែទំនើប សម្បូរបែប និងមានភាពធន់ ​សំដៅធានាសន្តិសុខស្បៀង បង្កើតម្លៃបន្ថែមខ្ពស់ ជំរុញការប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ​។ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com