ជាតិ
អាកាសធាតុក្តៅ៖ ក្រសួងរំលឹកពលរដ្ឋ កុំនៅក្រោមកម្ដៅថ្ងៃយូរពេក និងកុំងូតទឹកត្រជាក់ភ្លាមៗ
28, Apr 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មី ឱ្យមហាជនរក្សាសុខភាព សុវត្ថិភាព ពិសេស ការប្រើប្រាស់ទឹក និងរបៀបរស់នៅ ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង។



អាកាសធាតុក្តៅខ្លាំង អាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាខ្សោះជាតិទឹក ជំងឺបេះដូង រលាកផ្លូវដង្ហើម ហើយនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀត។ នេះបើតាមសេចក្ដីក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ មេសា។ 
 
ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសាទឹកឱ្យបានញឹកញាប់ ពោលគឺលើសពី ២លីត្រ ក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។ ជាមួយគ្នាដែរ ពលរដ្ឋ ត្រូវ ចៀសវាងការពិសាជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករ អំបិលច្រើន ដែលនាំឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។
 
​ក្រសួងណែនាំ ឱ្យស្លៀកសម្លៀកបំពាក់ស្រាល រលុងពណ៌មិនដិតពេក និងពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្ដៅថ្ងៃ។ «ចៀស​វាង​ស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារកម្ដៅព្រះអាទិត្យ។ ចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង»។ នេះជាការគូសបញ្ជាក់​របស់ក្រ​សួងសុខាភិបាល។ 
 
ចំពោះសមាជិកគ្រួសារត្រូវតែតាមដានមើលឱ្យបានញឹកញាប់ លើមនុស្សចាស់អាយុ៦០ឆ្នាំឡើង ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារក្រោមអាយុ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ ព្រោះពួកគេត្រូវការជំនួយ។ ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ) នេះជាសញ្ញាដំបូងនៃផលប៉ះពាល់ពីកម្ដៅ ត្រូវផ្លាស់ប្ដូរទៅរកទីកន្លែងត្រជាក់ និងត្រូវសម្រាក ២ ទៅ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំហើយបន្តសកម្មភាព ព្រោះអាចមានហានិភ័យខ្ពស់។ នេះជាការណែនាំរបស់ក្រសួង ហើយបញ្ជាក់ឱ្យពួកគេឆាប់ទៅពេទ្យ បើរោគសញ្ញាណាមួយ ដែលកើតមានហើយ តែមិនបានធូរស្រាលទៅវិញ។ 
 
ក្រសួង បន្តណែនាំឱ្យរក្សាវត្ថុដែលងាយឆេះ ដាក់នៅឱ្យឆ្ងាយពីប្រភពកម្ដៅ ហើយកុំទុកទៀន ឬអណ្តាតភ្លើ​ង ដោយមិនមានអ្នកមើលថែ ដើម្បីកាត់បន្ថយហានិភ័យ នៃអគ្គិភ័យកើតឡើងជាយថាហេតុ ក្នុងអំឡុងពេលអាកាសធាតុក្តៅ។ ពលរដ្ឋ ត្រូវប្រាកដថាខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដែលកំពុងប្រើមានស្ថានភាពល្អ ចៀសវាងការប្រើប្រាស់មិនត្រឹមត្រូវតាមបច្ចេកទេស ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីពីឧបករណ៍ទាំងនោះ នៅពេលមិនប្រើប្រាស់វា។ 
 
ទាក់ទិននឹងអាកាសធាតុក្ដៅខ្លាំងនេះ ក្រសួងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់តាមដានសុខភាព ប្រជាជនក្នុងតំបន់ ជាពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង៕
 

Tag:
 អាកាសធាតុ
  ក្ដៅខ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com