កីឡាអន្តរជាតិ
អន្តរជាតិ
Messi ស៊ុតបាល់បញ្ចូលទី ២គ្រាប់ ជួយ Miami យកឈ្នះ New England
28, Apr 2024 , 1:59 pm        
រូបភាព
 
ខ្សែប្រយុទ្ធ Lionel Messi និង Inter Miami កំពុងតែបន្តបង្ហាញការយល់ចិត្តគ្នានៃទម្រង់លេងក្នុងលីគកំពូលអាម៉េរិក Major League Soccer ក្នុងជ័យជម្នះ ៤-១ ទល់នឹងក្រុម New England Revolution។

Messi ស៊ុតបាល់ប្រើបច្ចេកទេសដ៏ពូកែរបស់គេ ដោយគ្រាប់ទី១ នៅនាទី ៣២ ហើយគ្រាប់ទីពីរ នៅនាទី៦៧ ក្នុងជំនួបដែលក្រុម Inter Miami បានវាយបកយកឈ្នះ ក្រោយត្រូវម្ចាស់ផ្ទះស៊ុតចូល ១គ្រាប់តាំងពីដើមវគ្គទី១។ Messi ជួយក្រុមបំបាក់ម្ចាស់ផ្ទះ New England ចំពោះមុខអ្នកគាំទ្រក្លិប ៦៥,៦១២នាក់ នាកីឡដ្ឋាន Gillette ទីក្រុង Foxborough ក្នុងរដ្ឋ Massachusetts។
 
២គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Luis Suarez  ស៊ុតគ្រាប់ជ័យជម្នះទី៤ ហើយកីឡាករ Benjamin Cremaschi ជាអ្នកស៊ុតគ្រាប់វាយបកទី៣។
 
រកបានគ្រាប់បាល់ជាមួយ Inter Miami កីឡាករម្ចាស់ពាន World Cup 2022 បច្ចុប្បន្នកំពុងនាំមុខគេក្នុងនាមជាកីឡាករស៊ុតបាល់ចូលច្រើនជាងគេ ៩គ្រាប់ ពីការបង្ហាញខ្លួន ៧លើកក្នុងលីគ MLS។ ក្រៅពីការស៊ុតបញ្ចូលទីខ្លួនឯង Messi បញ្ជូនបាល់ដល់មិត្តរួមក្រុមស៊ុត ៧គ្រាប់ផងដែរ។ 
 
ពេលឃើញ Messi ជាកូនក្រុមបង្ហាញទម្រង់លេងល្អ លោក Gerardo Martino បានសរសើរដល់រូបគេយ៉ាងខ្លាំង ចំពោះជ័យជម្នះ។
 
លោក Gerardo បាននិយាយដូច្នេះ៖«មនុស្សគ្រប់គ្នាក្នុងកីឡដ្ឋានបានមកទស្សនាដើម្បីចង់ឃើញ និងគាំទ្រដល់ Messi តែក្រោយមកពួកគេក៏ចង់ឱ្យក្រុមឈ្នះដូចគ្នា។ ទោះបែបណាក្តី យើងត្រូវបានលើកទឹកចិត្តដោយបរិយាកាសដែលទីក្រុងនីមួយៗផ្តល់ ប៉ុន្តែយើងដឹងថាលើកទឹកចិត្តគូប្រជែងផងដែរ ហើយយើងព្យាយាមរៀបចំសម្រាប់វា។»។ 
 
Miami រកបាន ២១ពិន្ទុ ពីការប្រកួតចំនួន ១១លើក ដែលកំពុងតែក្លាយជាក្រុមស្ថិតនៅកំពូលតារាងលីគ MLS ភាគខាងកើត។ ចំណែកក្រុម New England វិញ មានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ៩លើក ដោយក្នុងនោះយកឈ្នះ ១លើក ស្មើ១ លើក ចាញ់ ៧លើក ឈរបាតតារាងលីគ MLS តំបន់ភាគខាងកើត៕
 
 
 
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com