ជាតិ
សេដ្ឋកិច្ច
អាកាសធាតុប្រែជាក្ដៅខ្លាំង ធ្វើឱ្យដំណាំកសិករភូមិពាមតាអ៊ួរ បាត់ផលជាងពាក់កណ្ដាល
28, Apr 2024 , 8:19 pm        
រូបភាព
សៀមរាប៖ បម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ធ្វើឱ្យកម្ដៅថ្ងៃកើនឡើងជាបន្តបន្ទាប់ ​ពីមួយឆ្នាំទៅមួយឆ្នាំ។ ការណ៍នេះធ្វើឱ្យការបង្កបង្កើនផលដំណាំរបស់កសិករ ដែលដាំបែបប្រពៃណី ពិបាកក្នុងការដាំដុះនារដូវនេះ។



ទោះស្ថិតនៅតំបន់ដែលមានដីជីវជាតិ ដីល្បាប់ពី​កំណកទឹកបឹងទន្លេសាបក៏ដោយ តែរលកកម្ដៅ​ដ៏ហួតហែង ​ក្រោមសីតុណ្ហភាពពី៣៨ ដល់៤២អង្សានៅរដូវនេះ ធ្វើឱ្យដំណាំចម្រុះដែលដាំលើដីវាល មិនអាចទ្រាំទ្របានឡើយ។ ដំណាំខ្លះមិនអាចលូតលាស់ទៅមុខលឿន គ្មានផ្កា ផ្លែតូច ហើយខ្លះទៀត ក៏ស្វិតក្រៀមងាប់ទៅវិញ និងមិនទាន់ទទួលផលនៅឡើយ។ ការណ៍នេះ ធ្វើឱ្យកសិករដែលខំចាយពេល ចាយទុនដាំនោះ ខាតបង់ថវិកាមួយចំនួនធំ។
 
ផ្ទៃដីចម្ការដែលមិនមានទឹកគ្រប់គ្រាន់
កសិករនៅភូមិពាមតាអ៊ួរ ឃុំកែវពណ៌ ស្រុកពួក កំពុងជួបប្រទះបញ្ហាខាងលើនេះ។ អ្នកស្រី ហេង ស្រីឡា ឆ្លៀតដកឃ្លាពីរបរនេសាទនារដូវទឹកសម្រក មកដាំដុះដំណាំចម្រុះ ដូចជាម្ទេស ត្រប់ ល្ពៅ ត្រឡាច និងឪឡឹក។ បឹងទន្លេសាប បានរួមមាឌចាប់ពីខែ១២តទៅ ផ្តល់ឱកាសដល់ពលរដ្ឋនៅតំបន់នេះ កាប់គាស់ដីធ្វើចម្ការ គ្រាន់បានចំណូលសម្រាប់ទ្រទ្រង់ជីវភាព ខណៈដែលផលនេសាទថមថយ។ ខុសពីឆ្នាំទៅមិញ អ្នកស្រី ហេង ស្រីឡា ដែលកំពុងបេះត្រប់ជាមួយប្ដី នៅក្នុងចម្ការមុខផ្ទះបណ្ដែតទឹក ប្រាប់ថាផលដំណាំឆ្នាំនេះមិនសូវកើតល្អទេ គឺធ្លាក់ចុះជាងពាក់កណ្ដាល។ និយាយបណ្ដើរ​ ងើយមើលមេឃបណ្ដើរ កសិកររូបនេះថា ខែនេះទឹកប្រឡាយគោករីងទឹកស្ទើរគ្មានសល់ ធ្វើឱ្យទឹកល្អក់ខាប់ ពិបាកទាញទឹកស្រោចដំណាំ​។ បញ្ហានេះក៏ដោយសារមិនទាន់មានភ្លៀងធ្លាក់។ 
 

ផ្ទះបណ្ដែតទឹកអ្នកភូមិពាមតាអ៊ួរនារដូវប្រាំង

អ្នកស្រី ហេង ស្រីឡា មានដីចម្ការ២ទីទីតាំងតូចល្មមៗ ដែលអ្នកស្រីថា អាស្រ័យផលជាង១០ឆ្នាំ​មកហើយ។ អ្នកភូមិពាមតាអ៊ួរខ្ទង់ ៣០០គ្រួសារ ពឹងលើកដីគោកមួយនេះសម្រាប់អាស្រ័យផល ​នារដូវទឹកសម្រក។ ទិន្នផលធ្លាក់ចុះ ជាកង្វល់សម្រាប់កសិករទាំងមូល។ អ្នកស្រី ស្រីឡា ពន្យល់ថា៖ «​ឆ្នាំទៅត្រប់បេះម្ដងជាង១០០គីឡូ(ក្រាម) តែឆ្នាំនេះបានជាង២០ គីឡូ(ក្រាម) តម្លៃលក់បាន១០០០រៀល ឆ្នាំទៅ៨០០រៀល»។​ 
 
ជាទូទៅកសិករនៅតំបន់នេះ ចាប់ផ្តើមចុះដាំដំណាំផ្សេងៗ ពីខែមករាតទៅ។ ដំណាំល្ពៅ ត្រឡាច និងម្ទេស ដែលកសិករនិយមដាំ ហើយឈ្មួញក៏ប្រមូលទិញទាំងអស់ៗ ដឹកទៅលក់នៅផ្សារក្នុងក្រុងសៀមរាប ឬអាចហួសទៅប្រទេសថៃផងដែរ។ ក្នុងខែនេះ ដំណាំល្ពៅលក់បានមួយគីឡូ៦០០រៀល ត្រឡាច៥០០រៀល និងម្ទេសអាចម៍សត្វតម្លៃ ១០,០០០រៀល។​
 

កសិករ លោក ស៊ុម ម៉ាប់

កសិករមួយរូបទៀត គឺលោក ស៊ឹម ម៉ាប់ ក៏មិនសូវមានបន្លែលក់ដែរ។ កសិករ និងជាអ្នកប្រមូលបន្លែ​បោះ ទៅឈ្មួញកណ្ដាល​បន្ត​​ប្រាប់ថា ជាទូទៅបន្លែភាគច្រើន ពឹងលើរបបទឹកភ្លៀងមួយផ្នែកធំ តែបើខ្សត់ភ្លៀងហើយ គឺមិនបានផលឡើយ។ 
 



លោក ម៉ាប់ បន្ថែមថា៖ «ឆ្នាំទៅក្នុងរដូវនេះប្រមូលផលបានច្រើន ខុសតែឆ្នាំនេះ។ ឆ្នាំទៅ បានល្ពៅ និងត្រឡាច មួយថ្ងៃខ្ទង់១០តោន ដឹក២ទៅ៣លាន។ ឆ្នាំនេះអត់ទេ ពេលនេះអស់ច្រើន ១តោន ឬ៣០០ ទៅ៥០០គីឡូអស់ហើយ»។ យ៉ាងណាកសិកររូបនេះថា តម្លៃទិន្នផលឆ្នាំនេះល្អគួរសម ធៀបនឹងឆ្នាំទៅ។ លោកបន្តថា៖« ខុសគ្នាច្រើនដែរ ឆ្នាំទៅល្ពៅមួយថង់ ៣ ទៅ៤ពាន់រៀល។ ឆ្នាំនេះ មួយថង់ ៦ ទៅ៧ពាន់រៀល»។ 
 
ដើម្បីអាចសម្រួលនឹងបញ្ហានេះ អ្នកស្រី ស្រីឡា យល់ថា ឆ្នាំក្រោយៗ រកសិករគួរពន្លឿនការដាំដុះឱ្យបាន​ដើមរដូវ ត្រៀមគ្រាប់ពូជរួចរាល់ និងដាំភ្លាមៗ ក្រោយទឹកស្រក។ ការណ៍នេះនឹងជួយឱ្យដំណាំលូតលាត់ល្អ និងឆាប់ប្រមូលផល៕ 
 

Tag:
 កសិកម្ម
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com