កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង កើនកំណត់ត្រាគ្រងជើងឯក Hun Sen Cup ច្រើនជាងគេ៥លើក
29, Apr 2024 , 10:39 am        
រូបភាព
ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ សម្តេច ហ៊ុន សែនលើកទី១៧ ឆ្នាំ២០២៤។ ឈ្នះជើងឯករដូវកាលទី    ១៧នេះ  ជួយស្វាយរៀងកើនកំណត់ត្រាគ្រងជើងឯក Hun Sen Cup ៥លើក ច្រើនជាងគេចំណោមក្រុមទាំងអស់នៅកម្ពុជា។



ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ២៩ ៧៦៩នាក់ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២៨ ខែមេសា ទាំងក្រុមស្វាយរៀង និងភ្នំពេញក្រោន ពិតជាបានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនរៀងៗខ្លួន ជាមួយការវាយសម្រុកគ្នាទៅវិញទៅមក ប្រកបដោយគុណភាព។ យ៉ាងណាក៏ដោយ ក្រោយវាយសម្រុកយ៉ាងមុតស្រួច និងប៉ះទង្គិចគ្នា៩០នាទី ក្រុមទាំងពីរនៅតែមិនអាចមានគ្រាប់បាល់កើតឡើង។
 
ក្រុមទាំងពីរ តម្រូវឱ្យប្រកួតក្នុងម៉ោងបន្ថែម១៥នាទីពីរដង។ ត្រឹម៩នាទី នៅម៉ោងបន្ថែម១៥នាទីលើកទី១ ខ្សែប្រយុទ្ធឆ្នើម Marcus Haber ជាអ្នកបញ្ចប់ទីឱ្យស្វាយរៀង និងជាគ្រាប់បាល់ជ័យជម្នះលើក្រុមភ្នំពេញក្រោនផងដែរ។ ១គ្រាប់របស់កីឡាករសញ្ជាតិកាណាដា បានជួយក្រុមដែលមាន លោក ឌី វិជ្ជា ជាប្រធានក្លិប គ្រងជើងឯក សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០២៤ និងជាលើកទី៥ ច្រើនជាងគេក្នុងកំណត់ត្រា។
 
ចំណោមជើងឯក Hun Sen Cup ១៧លើក ព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រ៩លើក ក្នុងនោះឈ្នះ៥លើក (២០១១, ២០១២, ២០១៥, ២០១៧ និង២០២៤) និងរង​ជើង​ឯក​៤លើក (២០០៨, ២០១៦, ២០១៩​ និង ២០២១)។ ក្រុមកងយោធពលខេមរភូមិន្ទ និងវិសាខា ឈ្នះ៣លើកដូចគ្នា ស្របពេលភ្នំពេញក្រោន គ្រងជើងឯក២លើក និងរងជើងឯក២លើក។ ក្រុមដែលធ្លាប់ឈ្នះ១លើក មានណាហ្គាវើលដ៍ ប៉ូលិស បឹងកេត ខេមរាកីឡា។
 
សម្រាប់ប្រាក់រង្វាន់របស់ក្រុមជើងឯកឆ្នាំ២០២៤ ទទួលបាន១៥០លានរៀល ស្របពេលក្រុមរងជើងឯករងបាន ១០០លានរៀល និងលេខបី ៧០លានរៀល។
 
ដោយឡែកគូដណ្តើមចំណាត់ថ្នាក់លេខ៣ វិសាខា បានយកឈ្នះបឹងកេត ដោយបាល់កាត់ក្តីប៉េណាល់ទី១១ម៉ែត្រ ក្នុងលទ្ធផល ៥-៣ ក្រោយការប្រកួត៩០នាទី និងម៉ោងបន្ថែម​១៥​នាទី២ដង បញ្ចប់ក្នុងលទ្ធផល ០-០។ 
 
កីឡាករសញ្ជាតិប្រេស៊ីល De Liveira Bastos Jonata របស់ក្រុមវិសាខា ទទួលបានស្បែកជើងមាស ក្រោយស៊ុតបញ្ចូលទីច្រើនជាងគេចំនួន ៦គ្រាប់ ក្នុងយុទ្ធនាការពានសម្តេច ហ៊ុន សែន ឆ្នាំ២០២៤​នេះ៕

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com