ជាតិ
សង្គមជាតិ
មន្ត្រី៧៦នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ ក្រោយតេស្តឃើញសារធាតុញៀនតាមទឹកមូត្រ
29, Apr 2024 , 2:55 pm        
រូបភាព
ដោយ: រួបរួម
គិតត្រឹមថ្ងៃទី២៩ ខែមេសា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន៧៦នាក់ ត្រូវបណ្តេញចេញពីក្របខណ្ឌ ក្រោយតេស្តឃើញសារធាតុញៀនតាមទឹកមូត្រ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្តេញសង្គមផ្លូវការរបស់សម្តេច។



ការតេស្តរកសារធាតុញៀនតាមទឹកមូត្រ ជាការអនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ចុះកាលពីថ្ងៃទី២០ ខែកុម្ភៈ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ អនុវត្តលើអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំនួន៥៦ ៤៤៥នាក់ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ ក្នុងនោះវិជ្ជមានចំនួន៧៦នាក់ ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌ។

បើតាមបណ្តាញសង្គមសម្តេច ហ៊ុន ម៉ាណែត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តអនុវត្តតាមបទបញ្ជាដដែលនេះ ជាមួយនឹងការដាក់ចេញវិធានការមួយចំនួន ក្នុងនោះមានដូចជាការ កៀគរជំនួយដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម និងកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត។

ស្របពេលជាមួយគ្នា ស្ថាប័នជំនាញនេះ នឹងបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានាទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពទាំងនោះ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង ព្រមទាំងណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគេទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕



© រក្សាសិទ្ធិដោយ thmeythmey.com