ជាតិ
សមត្ថកិច្ច ដុតកម្ទេចប្រហិតខូចគុណភាពជាង៨តោន ដែលចរាចរនៅក្រុងភ្នំពេញ
× ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានដុតកម្ទេចចោលប្រហិតចម្រុះខូចគុណភាពជាង៨តោន ដែលនាំចូលគ្មានប្រភពច្បាស់លាស់ មកចែកចាយក្នុងរាជធានីភ្នំពេញ។
សាខា ក.ប.ប. រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មេសា បានដកហូតប្រហិតចម្រុះចំនួន៨០កេស និង១៦២បាវ ឬស្មើ៨,៦២០គីឡូក្រាម ពីឈ្មួញដែលលួចនាំចូលតាមរយៈរថយន្២គ្រឿង បម្រុងយកទៅចែកចាយក្នុងរាជធានីភ្នំពេញ។ ទំនិញទាំងនោះ រួមមាន ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ និងប្រហិតដង្កៀបក្តាម។
មកដល់ថ្ងៃទី២៩ មេសានេះ ក.ប.ប. បានបញ្ជាក់ថា ប្រហិតទាំងនោះត្រូវបានឈ្មួញទុច្ចរិចបន្លំនាំចូល ដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់។ ចំណែកការវេចខ្ចប់ដោយច្រកដាក់ក្នុងការ៉ុង និងដឹកជញ្ជូន មិនត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស នៃកម្រិតសីតុណ្ហភាព ដែលនាំឱ្យបាត់បង់គុណភាព និងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com