ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
ប្រទេសជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ទទួលរងរលកកម្តៅក្តៅខ្លាំង។ នៅថៃ ក្តៅជាច្រើនថ្ងៃជាប់ៗគ្នា ហើយកម្តៅហក់ឡើងដល់ជាង ៤៤ អង្សារ។ បង់ក្លាដែស ក្តៅខ្លាំង ដល់ថ្នាក់ប្រកាសអាសន្ន។ ប្រទេសហ្វីលីពីន បានសម្រេចបិទសាលា និងឲ្យកូនសិស្សរៀនពីចម្ងាយតាមអនឡាញ។ ភូមាដែលជួបសង្គ្រាមស៊ីវិល ពលរដ្ឋជាច្រើនត្រូវទ្រាំលំបាករងកម្តៅ ដោយគ្មានកង្ហារ ឬម៉ាស៊ីនត្រជាក់។ វៀតណាម នៅប៉ែកខាងជើងប្រទេសដែលធ្លាប់តែល្បីត្រជាក់ ពេលនេះកម្តៅក្តៅជាង៤៣អង្សា។ រីឯ កម្ពុជា អាជ្ញាធរឧតុនិយម បានប្រកាសឲ្យពលរដ្ឋបង្កើនក្តីប្រុងប្រយ័ត្ន។
ក្នុងសប្តាហ៍នេះ ប្រទេសក្នុងតំបន់អាស៊ីឆ្លងកាត់អាកាសធាតុក្តៅខ្លាំង ជាមធ្យមជាង ៤០ អង្សាសេ។ ក្តៅខ្លាំងបំបែកកំណត់ត្រា កាលពីឆ្នាំទៅមិញ។ ព្រោះតែក្តៅខ្លាំងពេក ប្រទេសហ្វីលីពីន ក្រសួងអប់រំបានប្រកាសបិទសាលារៀន ចំនួន២ថ្ងៃជាប់គ្នា នៅថ្ងៃចន្ទនិងអង្គារ ចុងខែមេសានេះ និងដាក់យន្តការបង្រៀនពីចម្ងាយតាមប្រព័ន្ធអ៊ិនធ័រនែត។ នេះក៏ព្រោះតែគ្រូៗនិងកូនសិស្សតវ៉ា ត្អូញត្អែរពីរលកកម្តៅក្តៅខ្លាំងជ្រុល។ វិទ្យាស្ថានស្ថិតិជាតិហ្វីលីពីន បញ្ជាក់ថា សីតុណ្ហភាព ៣៨,៨អង្សារនៅរដ្ឋធានីម៉ានីល តែកម្រិតសីតុណ្ហភាពដែលរាងកាយមនុស្សទទួលដឹង គឺក្តៅជាង ៤៥ អង្សាឯណោះ។
ប្រទេសបង់ក្លាដែសវិញ សាលារៀនបានបិទទ្វារជាច្រើនថ្ងៃមកហើយ តែថ្ងៃអាទិត្យ សិស្សធំៗបានចាប់ផ្តើមមកសាលាវិញខ្លះ តែ ថ្នាក់រៀនសម្រាប់កូនសិស្សតូចៗ នៅតែបន្តបិទទ្វារ និងបន្ថយចំនួនម៉ោងសិក្សា។
នៅប្រទេសភូមា កម្តៅក្តៅឡើងដល់ ៤៥,៩ អង្សាសេ។ គេឃើញមនុស្សភាគច្រើននាំគ្នារត់រកទីម្លប់ រកដើមឈើជ្រកកោន។ ភូមាដែលជួបសង្គ្រាមស៊ីវិល បានធ្វើឲ្យដាច់ហេដ្ឋារចនាសម្ព័ន្ធសង្គម។ ទឹកម៉ាស៊ីនខ្វះខាត។ អគ្គិសនីក៏មិនគ្រប់គ្រាន់។ ពលរដ្ឋភូមាជាច្រើននាក់ ដែលគ្មានម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ត្រូវទ្រាំនឹងកម្តៅទាំងលំបាក ព្រោះគ្មានកង្ហារ ឬម៉ាស៊ីនត្រជាក់។ អ្នកស្រុកភូមា បន់ព្រះសំពះទេព្តា សូមឲ្យភ្លៀងធ្លាក់។
ប្រទេសថៃទទួលកម្តៅក្តៅច្រើនថ្ងៃជាប់ៗគ្នាមកហើយ។ ពីថ្ងៃអាទិត្យ ទីភ្នាក់ងារឧតុនិយមថៃ ឲ្យដឹង ថា សីតុណ្ហភាពហក់ឡើងដល់ជាង៤៤,១អង្សាសេ ក្នុងខេត្ត Phetchabun នៅប៉ែកខាងជើងប្រទេស។ ក្បែរខាងថៃ គឺកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យពលរដ្ឋខ្មែរបង្កើនក្តីប្រុងប្រយ័ត្ន ក្នុងសប្តាហ៍ថ្មី ដែលរលកកម្តៅក្តៅខ្លាំង អាចហក់ឡើងដល់ ៤៣អង្សាសេ។
កម្តៅក្តៅជាង៤៣អង្សា ក៏មានដូចគ្នាដែរ នៅវៀតណាម។ នៅប៉ែកខាងជើងប្រទេសវៀតណាម ដែលធ្លាប់តែល្បីត្រជាក់ នៅចុងសប្តាហ៍នេះ កម្តៅហក់ឡើងដល់ ៤៣,២អង្សា។
នៅអាស៊ីខាងត្បូង ពលរដ្ឋឥណ្ឌាកំពុងនាំគ្នាទៅបោះឆ្នោតក្រោមកម្តៅព្រះអាទិត្យ។ រដ្ឋឥណ្ឌាជាច្រើន ជួបកម្តៅខ្លាំង ដល់កម្រិត៤៤អង្សា។ នៅក្រុងបឹងហ្កាឡ័រ ពលរដ្ឋខ្លះត្អូញថាមិនដែលជួបអាកាសធាតុក្តៅដល់ថ្នាក់ហ្នឹងទេ។
អ្នកជំនាញអាកាសធាតុ ក្រើនរំឭកថា កំណើនកម្តៅផែនដី ដរចេញពីប្រែប្រួលអាកាធាតុ បង្កចេញពីទង្វើមនុស្ស តាមរយៈសកម្មភាពឧស្សាហកម្ម។ វាបានធ្វើឲ្យសីតុណ្ហភាពរឹងតែក្តៅទៅៗ រដូវក្តៅនិងរលកកម្តៅកាន់តែក្តៅ រយៈពេលយូរ និង កាន់តែញឹក ហើយនិងកាន់តែគ្រោះថ្នាក់៕