ហ្វីលីពីនបានបិទសាលារៀនទូទាំងប្រទេសនៅថ្ងៃទី ២៩-៣០ ខែមេសា។ ទន្ទឹមនេះ ឡាវកំពុងពិចារណាឲ្យសិស្សសាលាឈប់សម្រាក ប្រសិនបើអាកាសធាតុបន្តក្តៅក្នុងរយៈពេលយូរ។
នៅថ្ងៃទី២៨ ខែមេសា រដ្ឋាភិបាលហ្វីលីពីនបានប្រកាសបញ្ឈប់ការបង្រៀនផ្ទាល់នៅសាលារៀនទូទាំងប្រទេសនៅថ្ងៃទី ២៩ និង៣០ ខែមេសា បន្ទាប់ពីទទួលរងនូវរលកកម្ដៅខ្លាំងក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមសារព័ត៌មាន Bloomberg។
មុននោះ សារព័ត៌មាន Reuters បានរាយការណ៍ថា សាលារៀនរដ្ឋាជាង ៧០០០ នៅហ្វីលីពីនបានប្តូរទៅរៀនតាមអនឡាញកាលពីសប្តាហ៍មុន ដោយសារតែកំដៅឡើងខ្លាំងនៅក្នុងតំបន់ជាច្រើន។
ភាគច្រើនសាលារៀននៅហ្វីលីពីនមិនមានម៉ាស៊ីនត្រជាក់ ដែលធ្វើឱ្យសិស្សានុសិស្សត្រូវស៊ូទ្រាំនឹងកំដៅដ៏ខ្លាំងនៅក្នុងបន្ទប់រៀនដែលមានខ្យល់ចេញចូលមិនគ្រប់គ្រាន់។
លើសពីនេះ គ្រូបង្រៀនជាង ៧៥ភាគរយនៅហ្វីលីពីនយល់ថា កំដៅបច្ចុប្បន្នមិនអាចទ្រាំបាន ហើយ ៨៧ភាគរយនៃសិស្សបានទទួលរងនូវរោគសញ្ញាផ្សេងៗទាក់ទងនឹងកំដៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
នៅថ្ងៃទី២៩ ខែមេសាសីតុណ្ហភាពនៅទីក្រុងម៉ានីលមានកម្រិតអតិបរមា ៣៧,៤ងអង្សាសេ។ នេះបើតាមទីភ្នាក់ងារឧតុនិយមហ្វីលីពីន។
ចំណែកអាជ្ញាធរឡាវ ក៏បានចេញវិធានការគាំទ្រប្រជាជនដើម្បីទប់ទល់នឹងកំដៅក្នុងបរិបទនៃសីតុណ្ហភាពខ្ពស់ដែលអូសបន្លាយរយៈពេលយូរនាប៉ុន្មានថ្ងៃថ្មីៗនេះ។
យោងតាមកាសែត Laotian Times ក្រសួងអប់រំ និងកីឡាឡាវ នៅថ្ងៃទី២៦ ខែមេសា បានណែនាំដល់អ្នកគ្រប់គ្រងសាលានៅទូទាំងប្រទេសពិចារណាអនុញ្ញាតឱ្យសិស្សឈប់សម្រាកបើចាំបាច់ ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យសុខភាព ប្រសិនកុមារត្រូវស៊ូទ្រាំនឹងសីតុណ្ហភាពខ្ពស់ដូចសព្វថ្ងៃនេះ។
ជាពិសេស ក្នុងករណីដែលថ្នាក់រៀនមិនមានកង្ហារ ឬម៉ាស៊ីនត្រជាក់ គ្រូគួរពិចារណាឱ្យសិស្សឈប់សម្រាកពីសាលារៀន។
សម្រាប់ទីក្រុងវៀងចន្ទន៍នៅថ្ងៃទី២៩ ខែមេសា សីតុណ្ហភាពខ្ពស់បំផុតមានកម្រិត ៤១អង្សាសេ។ នេះបើតាមវេបសាយ Weather.com ។
គួរបញ្ជាក់ថា ទីក្រុងជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងជួបប្រទះការឡើងកម្តៅខ្លាំង ក្នុងនោះ ខេត្តខ្លះនៅមីយ៉ាន់ម៉ាកើនសីតុណ្ហភាពដល់ ៤៨អង្សាសេ ខណៈមីយ៉ាន់ម៉ាតំបន់ខ្លះកើនដល់៥០អង្សាសេ។សីតុណ្ហភាពរដូវក្តៅឆ្នាំនេះនឹងកើនឡើងខ្លាំងនៅ២ខែខាងមុខ ដោយសារបាតុភូត El Nino ។ នេះបើតាមទីភ្នាក់ងារបារាំង AFP។