ជាតិ
អាស៊ាន
២៥ឆ្នាំហើយ ដែលកម្ពុជា ចូលជាសមាជិកអាស៊ាន!
30, Apr 2024 , 8:19 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ កម្ពុជាបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន រយៈពេល ២៥ ឆ្នាំមកហើយ ។ កម្ពុជា បានចូលជាសមាជិកទី​១០ របស់អាស៊ាន កាលពីថ្ងែទី ៣០ មេសា ឆ្នាំ ១៩៩៩។ បាវចនា​របស់​អាស៊ាន​គឺ​ជា វាសនា​តែ​មួយ អត្តសញ្ញាណ​តែ​មួយ និង​ជា​សហគមន៍​តែ​មួយ (One Vision, One Identity, One Community)។​



មូលហេតុដែលជំរុញកម្ពុជា ឱ្យចូលជាសមាជិកអាស៊ាន គឺមានហេតុផលចំនួន​៤  រួមមាន៖ ទី១ អាស៊ានមានគោលការណ៍ការពារអធិបតេយ្យ នៃរដ្ឋជាសមាជិកដោយមិនលូកដៃចូលកិច្ចការផ្ទែក្នុងរបស់ប្រទេស ដែលជាសមាជិក, ទី២ អាស៊ាន អនុវត្តការងារដោយផ្អែកលើគោលការណ៍កុងសង់ស៊ីស ដោយមិនប្រកាន់ ប្រទេសអ្នកមានឬ អ្នកក្រ សមាជិកចាស់ ឬសមាជិកថ្មី ពោលគឺប្រទេសជាសមាជិកនីមួយៗ មានសិទ្ធិស្មើគ្នានៅក្នុងការសម្រេចចិត្តរបស់អាស៊ាន, ទី៣ កត្តាសមាហរណកម្មតំបន់ ពោលគឺ កម្ពុជានិងទទួលបានផលប្រយោជន៍ពីសមាហរណកម្មតំបន់ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច និងសង្គម និងទី​៤​ អាស៊ានជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា មានន័យថា កម្ពុជាអាចចរចាជាមួយប្រទេសដទៃ តាមរយៈអាស៊ាន។  
 
រយៈពេល ២៥ ឆ្នាំនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន ចំនួនបី​លើកហើយ។ ក្នុងនោះ ជាម្ចាស់ផ្ទះអាស៊ានលើកទី១ នៅឆ្នាំ​២០០២ , លើកទី​២ នៅក្នុងឆ្នាំ​២០១២ និងលើកទី​៣ ឆ្នាំ២០២២ ។ សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននេះ គឺជាលក្ខណៈវិលជុំ ដោយមានរយៈពេល១០ឆ្នាំម្ដង ។ 
 
សូមរំលឹកថា អាស៊ាន ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី ៨ សីហាឆ្នាំ​១៩៦៧ នៅទីក្រុងបាងកក ដែលមានសមាជិក៥ប្រទេសដំបូងគឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ បច្ចុប្បន្ន​នេះ អាស៊ាន​ មាន​សមាជិក​ចំនួន​១០ប្រទេស ។ ចំពោះ​ប្រទេស​ទីម័រ​ខាង​កើត​ ក៏​កំពុង​តែ​ស្នើ​សុំ​ចូល​ជា​សមាជិក​ទី​១១​នៃ​សមាគម​អាស៊ាន​នេះ ​ផង​ដែរ។
 
ខាងក្រោម​នេះ​គឹជា​កាលបរិច្ឆេទ​ដែល​ប​ណា្ត​ប្រទេស​ទាំង​ដប់​ក្លាយជា​សមាជិក​អាស៊ាន​ផ្លូវការ៖
 
១. ថៃ ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
២. ម៉ាឡេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៣. សិង្ហ​បុរី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៤. រដ្ឋ​ហ្វីលីពីន ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៥. ឥណ្ឌូនេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
៦. ប្រ៊ុយណេ ដា​រូ​សា​លឹម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤
៧. វៀតណាម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥
៨. មី​យ៉ាន់​ម៉ា ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
៩. ឡាវ​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
១០. កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ៕

© រក្សាសិទ្ធិដោយ thmeythmey.com