ជាតិ
គ្មានលទ្ធភាពរៀននៅសាលា តែកុមារា អាត និងអុង ​ខ្មីឃ្មាតសិក្សានៅពេលយប់
30, Apr 2024 , 7:20 pm        
រូបភាព
សកម្មភាពកុមារា អៀង អាត និង អៀង អុង កំពុងរៀននៅពេលយប់ ជាមួយក្មេងដទៃទៀត
សកម្មភាពកុមារា អៀង អាត និង អៀង អុង កំពុងរៀននៅពេលយប់ ជាមួយក្មេងដទៃទៀត
បាត់ដំបង៖ កុមារា អាត និងអុង ដែលជាបងប្អូនបង្កើតនឹងគ្នា បានចូលរៀនថ្នាក់ទី១ នៅសាលារៀន បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ពួកគេ បានឈប់រៀន ដើម្បីជួយធ្វើការឪពុកម្តាយដែល​ជាអ្នកស៊ីឈ្នួលមើលថែដីចម្ការឱ្យគេ។ ដ្បិតគ្មានលទ្ធភាពរៀននៅសាលាដូចក្មេងដទៃ ប៉ុន្តែកុមារា អុង វ័យ១៤ឆ្នាំ និងកុមារា អាត វ័យ ១៥ឆ្នាំ ខ្មីឃ្មាតសិក្សានៅពេលយប់ ជាមួយគ្រូស្ម័គ្រចិត្តម្នាក់នៅក្នុងភូមិ។ ពួកគេ បានសុំគ្រូចូលរៀនដោយឥតបង់ថ្លៃ ដើម្បីអាចចេះអានអក្សរ និងគិតលេខ។

  
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ខាងក្រោមនេះ៖

 
នៅវេលាម៉ោង ៧ព្រឹក សិស្សានុសិស្សតូចៗតាម​ថ្នាក់រៀននីមួយៗ កំពុងឈ្ងោកមុខសរសេរអក្សរ កត់ត្រាមេរៀននៅលើក្តារខៀន ឬលេងល្បែងសិក្សាយ៉ាងរីករាយនៅក្នុងថ្នាក់រៀន។ ផ្ទុយពីសិស្សានុសិស្សទាំងនោះ កុមារា អៀង អាត ​អាយុ១៥ឆ្នាំ និងកុមារា អៀង អុង អា​យុ ១៤ឆ្នាំ បែរជាកំពុងស្ថិតនៅក្នុងដីចម្ការដំណាំមួយកន្លែង ក្នុងភូមិដែលខ្លួនរស់នៅ ដើម្បីជួយធ្វើការងារ​ឪពុកម្តាយ ដែលជាអ្នកធ្វើចម្ការឱ្យគេ។
 
ពួកគេ ​បានបោះបង់ចោលការសិក្សាទាំងបង្ខំ ក្រោយចូលរៀននៅថ្នាក់ទី១ បាន​មួយរយៈខ្លី​ ដោយសារតែជីវភាពគ្រួសារក្រី​ក្រ។ អុង និងអាត បានទៅស៊ីឈ្នួលធ្វើការឱ្យគេជាមួយឪពុកម្តាយ ក្នុងដីចម្ការរបស់អ្នកភូមិ ក្នុងភូមិ​​អូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំប ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤ល្ងាច។
 


កុមារា អៀង អុង
 
ទោះជាយ៉ាងណា ដោយសារតែចង់រៀនក្មេងប្រុស​ អុង បានទៅសុំគ្រូក្នុងភូមិ ឱ្យជួយបង្រៀនអក្សរ និងលេខដល់រូបគេនៅពេលយប់។ 
 
កុមារា អុង ​ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ បានទៅរៀនជាមួយអ្នកគ្រូ គឹមអាង ពីម៉ោង​៧ ដល់៨យប់។ ទើបចូលរៀន​បាន​ប្រហែល៣ខែ​ ឥឡូវនេះ អុង ចេះអានអក្សរ និងប្រកបបានខ្លះ ព្រមទាំងចេះបូក-ដកលេខខ្លះដែរ។ 
 
ចំណែកកុមារា អៀង អាត វិញ ក៏ធ្លាប់បានចូលរៀននៅសាលាត្រឹមថ្នាក់ទី១ កាលពីគេអាយុ១០ឆ្នាំ បានមួយរយៈពេលខ្លីដែរ។ មិនខុសពីប្អូនប្រុសឡើយ អាត ឈប់រៀនក៏ដើម្បីទៅធ្វើការក្នុងចម្ការជាមួយឪពុកម្តាយដែរ។ ក្មេងប្រុស អាត ដែលមានមុខមាំ ហើយចូលចិត្តជ្រួញចិញ្ចើមជាប្រចាំ សារភាពថា ខ្លួនមិនសូវចាំមេរៀនឡើយ ដូច្នេះការរៀនជាច្រើនខែមកនេះ គេចេះច្បាស់តែអក្សរ ”ក” ប៉ុណ្ណោះ។
 
បើទោះបីជាគេរៀនយឺតជាងក្មេងៗដទៃយ៉ាងណាក្ដី ក៏ក្មេង​រូបនេះ នៅតែចង់រៀនដដែល។ គេថាគេចង់ទទួលបានការងារល្អមួយ ដែលមិនធ្វើឱ្យរូបគេ ត្រូវធ្វើការងារហត់នឿយ ដូចសព្វថ្ងៃនេះ។ ទោះជាគេយល់បែបនេះក្ដី ប៉ុន្តែនៅពេលដែលសួរគេថា ថ្ងៃ​អនាគតតើគេចង់ធ្វើអ្វី? គេពុំអាចឆ្លើយបាននៅឡើយ។
 

កុមារា អៀង អាត
 
អុង និងអាត គឺក្មេងដែលមានឆន្ទៈរៀនសូត្រ។ នេះជាការលើកឡើងរបស់ អ្នកគ្រូ ស៊ិម គឹម​អាង ដែលអនុញ្ញាតឱ្យក្មេងទាំងពីរនាក់ បានរៀនដោយមិនអស់ប្រាក់។ ប៉ុន្តែសម្រាប់ អ្នកគ្រូ ស៊ិម គឹមអាង បើទោះបីជាពួកគេមានការប្ដេជ្ញាចិត្តរៀនយ៉ាងណាក៏ដោយ បើមិនមានគំរូភាពល្អៗទេ ក៏ពួកគេមិនអាចគិតបានវែងឆ្ងាយដែរ។ តួយ៉ាង កុមារា អុង ចង់រៀនត្រឹមតែថ្នាក់ទី៧ ឬទី៨ ប៉ុណ្ណោះព្រោះគេ​ឃើញតែអ្នកភូមិរៀន បានត្រឹមថ្នាក់នេះ។ នៅក្នុងភូមិទៀតសោត ក៏ទំនងជាគេមិនដែលឃើញអ្នកណា មានការងារល្អជាងអ្នកបើកឡានធំៗនោះទេ ទើបបានជាគេ គិតចង់តែបើកឡានដែរ​។
 
អ្នកគ្រូវ័យក្មេងរាងខ្ពស់ស្រឡះរូបនេះ ទទូចឱ្យអាណាព្យាបាល និងឪពុកម្ដាយធ្វើជាគំរូដល់កូនៗ ពិសេសគួរផ្ដល់ឱកាសដល់ពួកគេ បានចេញទៅមើលសង្គមនៅខាងក្រៅ ដើម្បីឱ្យពួកគេអាចស្វែងរកចំណូលចិត្តរបស់ខ្លួនឃើញ។


អ្នកគ្រូ ស៊ិម គឹមអាង
 
អ្នកស្រី ម៉ែន សុខុម គឺជាម្ដាយរបស់កុមារា អាត និងអុង។ ​ជាអ្នកស៊ីឈ្នួលធ្វើការតាមចម្ការ ​អ្នកស្រី សុខុម ទទួលបានប្រាក់ចំណូល ២៥,០០០រៀល ក្នុងមួយថ្ងៃ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ​។ ទាំងប្ដី ប្រពន្ធ និងកូនៗ សុទ្ធតែចេញទៅធ្វើការនៅតាមចម្ការគេដូចគ្នា។ ស្ត្រីវ័យ៤០ឆ្នាំរូបនេះ អះអាងថា ​ប្រាក់កម្រៃដែលទទួលបានពីការស៊ីឈ្នួលនេះ ​ដោះស្រាយជីវភាពប្រចាំថ្ងៃសឹងមិនគ្រប់។
ឃើញកូនៗ ចង់រៀនបែបនេះ អ្នកស្រី ម៉ែន សុខុម ពិតជាសប្បាយចិត្ត ប៉ុន្តែអ្នកស្រី ក៏នឹកតូចចិត្តដែរ ដែល​ពុំមានលទ្ធភាពបញ្ជូនកូនៗឱ្យទៅសាលារៀន​។ ស្ត្រីវ័យ៤០ឆ្នាំ​រូបនេះ លើកឡើងថា ប្រសិនមានស្ថាប័ន ឬអង្គការណាមាន​មេត្តាផ្តល់​ការ​បណ្ដុះបណ្ដាលដល់កូនៗខ្លួន ​គាត់ សុខចិត្តនៅធ្វើការតែពីរនាក់ប្ដីប្រពន្ធ។


អ្នកស្រី  ម៉ែន សុខុម ត្រូវជាម្ដាយរបស់ អាត និង អុង
  
លោក ស៊ាន សារឿន គឺជាមេឃុំផ្លូវមាស បានប្រាប់សារព័ត៌មានថ្មីៗថា គ្រួសាររបស់អ្នកស្រី ម៉ែន សុខុម ពិតជាមានការខ្វះខាតពិតប្រាកដមែន។ មេឃុំរូបនេះ បន្តថា កន្លងមកអាជ្ញាធរឃុំក៏ធ្លាប់ចុះណែនាំ និងជំរុញឱ្យ អ្នកស្រី សុខុម បញ្ជូនកូនទៅសាលារៀនដែរ។ ប៉ុន្តែជាលទ្ធផលក្មេងៗ នៅតែមិនបានចូលរៀនដដែល។
 
«គាត់ខ្វះខាត ហើយឱ្យកូនទៅរកស៊ីចិញ្ចឹម មិនរុញកូនឱ្យទៅរៀនទេ។ ខ្ញុំចុះទៅអប់រំដល់ផ្ទះ ទាំងនាយកសាលា ទាំងក្រុមប្រឹក្សាឃុំ មេភូមិអីហ្នឹង​ ឱ្យគាត់បញ្ជូនកូនទៅរៀន ប៉ុន្តែគាត់បែរជានាំកូនទៅកាច់ពោត ទៅកាប់ទំពាំងទៅវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សារឿន។
 
បើតាមលោក សារឿន ក្មេងៗក្នុងឃុំរបស់លោក ដែលបានបោះបង់​ការសិក្សាដោយសារ​តែ​​ជីវភាពក្រខ្សត់ មានប្រមាណ១០នាក់។ ទោះជាយ៉ាងណា លោកថា អាជ្ញាធរឃុំ បានសុំឱ្យ​យ​សាលារាយការណ៍អំពីអវត្តមានរបស់សិស្ស ដើម្បី​ក្រុម​ប្រឹក្សាឃុំ ចុះ​អប់រំណែនាំគ្រួសារទាំងនោះ ឱ្យបញ្ជូនកូនៗទៅរៀនជាទៀងទាត់។


កុមារា អៀង អុង
 
អ្នកគ្រូ ស៊ិម គឹមអាង គឺជាគ្រូបង្រៀនក្រៅម៉ោង ដល់ក្មេងៗខ្វះខាត ដោយមិនគិតថ្លៃ អ្នក​គ្រូ​ឆ្លៀតពេលទំនេររបស់ខ្លួន នៅពេលល្ងាចឬយប់ ចន្លោះម៉ោង៥ ដល់ម៉ោង៨យប់ ដើម្បី​បង្រៀន​អក្សរ និងលេខដល់ក្មេងៗក្នុងភូមិអូរល្មូន។ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ មានតែពេលយប់នេះទេ ដែល​អ្នកគ្រូវ័យក្មេងរូបនេះ អាចបង្រៀនក្មេងៗ ហើយបង្រៀនច្រើនកម្រិតក្នុងពេលតែមួយតែម្ដង។
 
ការបង្រៀនរបស់អ្នកគ្រូ មានទាំងបង្រៀនសរសេរ ប្រកប និងគណិតវិទ្យា ហើយបន្ថែម​ពីនោះ អ្នកគ្រូក៏មានម៉ោងនិទានរឿងឱ្យក្មេងស្ដាប់ផងដែរ។ អ្នកគ្រូវ័យ២២ឆ្នាំ គឹមអាង ថា​ការនិទានរឿងឱ្យក្មេងៗស្ដាប់ គឺជាវិធីអប់រំផ្លូវចិត្ត ឱ្យក្មេងចេះគិត និងមានការប្រៀបធៀប​​ល្អ។ អ្នកគ្រូអះអាងថា ក្រោយពីខ្លួននិទានរឿងឱ្យក្មេងៗស្ដាប់ គាត់សង្កេតឃើញថា ក្មេងៗបានផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេ ទៅជាល្អបន្តិចម្ដងៗ។
 
វិលមកកុមារាខាងលើវិញ អ្នកគ្រូថា ក្មេងៗទាំងពីរនាក់ ពួកគេពិតជាមានចិត្តចង់រៀន​ពិតមែន​។ អ្នកគ្រូជឿថា ប្រសិនមានអង្គការណាមួយ យកពួកគេទៅបណ្ដុះបណ្ដាល​ឆ្ងាយពីគ្រួសារ នោះក្មេងៗទាំងពីរប្រាកដជាអាច ក្លាយជាធនធានមនុស្សដ៏ល្អ​សម្រាប់​សង្គម។ ចង់ឱ្យអង្គការយកទៅបណ្ដុះបណ្ដាលឆ្ងាយពីគ្រួសារ ក៏ព្រោះអ្នកគ្រូយល់ឃើញថា ប្រសិន​ក្មេងៗនៅជិតគ្រួសារ ពួកគេមិនអាចដាច់ចិត្តមិនជួយគ្រួសារ ក្នុងស្ថានភាពលំបាកឡើយ ដូច្នេះការសិក្សារបស់ពួកគេ ក៏មិនអាចទៅមុខឆ្ងាយបាន។
 

សកម្មភាពកុមារា អៀង អាត កំពុងរៀននៅពេលយប់
 
 
 អ្នកគ្រូ ស៊ិម គឹមអាង ថាអ្វីដែលជាឧបសគ្គសម្រាប់ក្មេងៗ ចំពោះការសិក្សា គឺការចំណាក​ស្រុក​​តាម​ម្ដាយឪពុក ទៅធ្វើការនៅតាមខេត្តនានា ធ្វើឱ្យការសិក្សារបស់ពួកគេក៏​អាក់​ខាន​ដែរ។ អ្នកគ្រូចង់ឱ្យម្ដាយឪពុក ក្លាយជាអ្នកអានសៀវភៅ ព្រោះមធ្យោបាយនេះ ពិតជាមាន​ប្រសិទ្ធភាពបំផុត ដែលអាចជំរុញកូនៗឱ្យចូលចិត្តអានសៀវភៅដែរ៕
 

Tag:
 បាត់ដំបង
  អំណាន
  អប់រំ
  សិក្សា
  កុមារា
  បង្រៀន
  សាលា
© រក្សាសិទ្ធិដោយ thmeythmey.com