កីឡាអន្តរជាតិ
អន្តរជាតិ
លោក Wenger ចង់នៅបន្តទៀត បន្ទាប់ពីដឹកនាំ Arsenal លើកពាន FA Cup
× អ្នកចាត់ការទូទៅក្លិប Arsenal លោក Arsene Wenger បានប្រកាសពីគម្រោងនៅបន្តទៀតជាមួយក្លិប បន្ទាប់ពីក្លិបកាំភ្លើងធំរបស់លោកវាយបក Hull City ដើម្បីលើកពាន FA Cup នៅកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃសៅរ៍ ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានរយៈពេល១២០នាទីនៅកីឡដ្ឋាន Wembley។
ការទទួលបានពាន FA Cup នេះ គឺជាការលុបលាងនៅការខកចិត្តអស់រយៈពេល៩ឆ្នាំកន្លងមកដោយពួកគេមិនទទួលបានអ្វីទាល់តែសោះ បើគិតចាប់តាំងពីឈ្នះ Manchester United ដើម្បីលើកពាន FA Cup កាលពីឆ្នាំ២០០៥ ។
លោក Wenger បាននិយាយក្នុងបទសម្ភាសមួយថា៖ «ខ្ញុំតែងតែលើកឡើងថា អនាគតរបស់ខ្ញុំមិនទាក់ទងនឹងពានរង្វាន់នេះឡើយ [FA Cup] ប៉ុន្តែខ្ញុំតែងតែចង់នៅបន្តជាមួយក្លិប»។ ចំពោះជ័យជម្នះ FA Cup លោក Wenger បាននិយាយថា៖ «យើងនឹងចង់ចាំថ្ងៃនេះជាប្រវត្តិសាស្ត្រ ចំពោះការចាប់ផ្តើមមិនល្អ និងការវាយវិញរបស់យើង...អបអរសាទរដល់ Hull ផងដែរ ដែលបានលេងបានយ៉ាងអស្ចារ្យនៅក្នុងការប្រកួតទាំងមូល»។
ខ្សែបម្រើ Aaron Ramsey បានរកគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម ខណៈដែល Arsenal បានបញ្ចប់រយៈពេលនៃការមិនឈ្នះពានសោះក្នុងរយៈពេល៩ឆ្នាំរបស់ពួកគេតាមរយៈការវាយបកដេញតាមពីក្រោយពីរគ្រាប់ដើម្បីផ្តួលក្រុម Hull City ក្នុងលទ្ធផល ៣-២ ។
ខណៈដែលធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Hull បានធ្វើឲ្យ Arsenal មានការស្លន់ស្លោតាមរយៈការរកគ្រាប់បាល់នាំមុខ ២-០ ក្នុងរយៈពេលត្រឹមតែ៨នាទី តាមរយៈការគ្រាប់បាល់បញ្ចូលទីរបស់ខ្សែការពារកណ្តាល James Chester និង Curtis Davies។
ប៉ុន្តែ ការស៊ុតបាល់ពិន័យពីចម្ងាយចូលទីយ៉ាងល្អរបស់ខ្សែបម្រើ Santi Cazorla បានកាត់បន្ថយសម្ពាធផ្សេងៗនៅនាទី ទី១៧ ហើយក្រោយពីខ្សែការពារ Laurent Koscielny បានរកគ្រាប់បាល់បំប៉ោងសំណាញ់ដើម្បីតាមស្មើនៅក្នុងរយៈពេល១៩នាទីចុងក្រោយនៃម៉ោងធម្មតា Ramsey ក៏បានរកគ្រាប់បាល់ឈ្នះនៅនាទីបន្ថែមតែម្តង៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com