កីឡាជាតិ
ជាតិ
ខ្មែរ​ឥស្លាម​​មួយ​ចំនួន​​កំពុង​​ត្រៀម​​ភ្នែក​​មើល ​World​ Cup​
12, Jun 2014 , 10:37 am        
រូបភាព
ភ្នំពេញ៖ រដូវ​កាល​បាល់ទាត់​WorldCup ២០១៤ ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ប្រេ​ស៊ី​ល នឹង​ចាប់ផ្តើម​នា​វេលា​ម៉ោង៣រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​សុក្រ (ម៉ោង​នៅ​កម្ពុជា)។ មាន​មនុស្ស​មិនតិច​ទេ ដែល​កំពុង​រង់ចាំ​មើល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ក្នុងនោះ​មាន​ទាំង​ខ្មែរឥស្លាម ដែល​គេ​ស្គាល់​ថា ជា​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ដ៏​ស្មោះស្ម័គ្រ។



«ខ្ញុំ​ត្រៀម​រួចហើយ។ ទន្ទឹង​ចាំតែ​ដល់​ថ្ងៃ​ទេ។ ខ្ញុំ​គិតថា ខ្ញុំ​នឹងមាន​ពេល​មើល​បាន​ច្រើន ព្រោះថា ពេលនេះ ការងារ​ខ្ញុំ​មិនសូវ​រវល់​ប៉ុន្មាន​ទេ»។ នេះ​ជាការ​លើកឡើង​របស់លោក លី រ៉​នី រស់នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​ដេក​រាប់​ថ្ងៃ​នៃ​ការប្រកួត។លោក រ៉​នី ដែល​ស្រលាញ់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​និយាយ លោក​ទំនងជា​ត្រូវ​លៃលក​ពេលវេលា​ច្រើន ដើម្បី​មើល​WorldCup នេះ។ លោក​បានបញ្ជាក់៖« ខ្ញុំ​អាច​មើល​ការចាក់ ផ្សាយ​ឡើងវិញ​បាន ប៉ុន្តែ​គូរ​ពិសេស ចង់​មើល​ផ្ទាល់​ជាង»។

ជា​អ្នកគាំទ្រ ក្រុម​ជម្រើសជាតិ អា​ហ្ស​ង់​ទីន និង​ស្រលាញ់​កីឡាករ Messi លោក ស្រ៊ី​ប ឡា​នី​មិន​ខុសគ្នា​ប៉ុន្មាន​ពី​លោក រ៉​នី នោះទេ។ ក្រៅពី​ការងារ និង​ការសិក្សា​ហើយ​នោះ យុវជន​រូបនេះ គឺជា​អ្នក​ស្រឡាញ់​កីឡាបាល់ទាត់​ដ៏​ងប់ងុល​ម្នាក់។ ថ្លែងប្រាប់​គេហទំព័រ​ព័ត៌មានថ្មីៗ លោក ឡា​នី ពន្យល់ថា៖« ខ្ញុំ​មាន​គម្រោង​មើល​បាល់ទាត់​នឹង​មិត្តភក្តិ​នៅផ្ទះ ប៉ុន្តែ​បើ​គូ​ពិសេស យើង​អាច​ទៅ​មើល តាម​ហាង​កាហ្វេ ព្រោះ​ទីនោះ​មាន​ភាព​អ៊ូអរ ឬថា ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស»។ លោក ឡា​នី បាន​ព្រលយ​សំដី​ថា លោក​មានលទ្ធភាព​មើល​ព្រឹត្តិការណ៍ WorldCup ឆ្នាំនេះ​បាន​ច្រើន ព្រោះថា លោក​ទើបនឹង​ប្រឡង​ចប់​ហើយថ្មីៗ ។

មិនមែន​មានតែ​អ្នក​នៅ​ភ្នំពេញ​ទេ ដែល​រំជើបរំជួល​ខ្លាំង​ទៅនឹង​ព្រឹត្តិការណ៍ WorldCup នេះ លោក តាំ អ៊ី​សា អ្នក​ខេត្ត​ត្បូងឃ្មុំ​នោះ ស្វះ​ស្វែងរក​ទិញ​តារាង​ប្រកួត តាំងពីដើម​ខែមិថុនា​ម​ក​ម្លេះ។ លោក​បាន​ទូរ​សព្ទ​មក​កូន​របស់លោក ដែល​កំពុងធ្វើការ​នៅ​ភ្នំពេញ ឲ្យ​រក​ទិញ​ក្រដាស​តារាង​ប្រកួត ដែលមាន​ម៉ោង​ក្នុងប្រទេស​ស្រាប់​ឲ្យ​លោក ដើម្បី​ងាយស្រួល​លោក​តាមដាន។ បុរស​អាយុ៥០ឆ្នាំ​រូបនេះ​ថ្លែងថា៖« ខ្ញុំ​មិនទាន់​គាំទ្រ​ប្រទេស​ណាមួយ​ទេ ចាំមើល​ថ្វី​ជើង​លេង សិន»។

គួរ​បញ្ជាក់ថា ខ្មែរឥស្លាម​បានរួម​ចំណែក​សំខាន់ ក្នុង​ការជួយ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់ ហើយ​ក្លិប​មួយ​ភាគ​ធំ​ដែល​កំពុង​លេង​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​ក៏មាន​វត្តមាន​កីឡាករ​ខ្មែរ-ឥស្លាម​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com