កីឡាជាតិ
ជាតិ
លី​ក ២០១៤៖ ទ័ព ប៉ះ ប៉ូ​លិ​ល និង ក្រោ​ន ជួប វេ​ស្ទើ​ន ជា​គូ​ចាប់អារម្មណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ
14, Jun 2014 , 1:13 pm        
រូបភាព
ដោយ:
កម្មវិធី​ប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ បានធ្វើ​ដំណើរ​មកដល់​សប្ដាហ៍​ទី ១៦ ហើយ​គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍ ទី ១៤ មិថុនា នេះ​ដោយមាន​ក្រុមពិសេសៗ ជាច្រើន​ប៉ះគ្នា លើ ២ ទីលាន​ពោលគឺ​នៅ​ស្ដា​ត​ចាស់ ២ ប្រកួត និង ពហុ​កីឡដ្ឋាន​ជាតិ ២ ប្រកួត។



Albirex Niigata Phnom Penh Vs បៀ​ល​ប្រាយ ម៉ោង ១:៣០ រសៀល (ស្ដា​ត​ចាស់)

១៥ ប្រកួត​ទៅហើយ Albirex Niigata Phnom Penh ទើបតែ​ស្គាល់​រស់ជាតិ​ឈ្នះ ១ និង ស្មើ ២ លើក​តែប៉ុណ្ណោះ។ បរាជ័យ​ចុងក្រោយ​ក្រោម​ថ្វីដៃ​ក្រុម​ខេត្តស្វាយរៀង ៣ ទល់ ០ ធ្វើឱ្យ​ក្រុម​មាន​ថ្នាក់ដឹកនាំ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​មិន​អស់ចិត្ត ព្រោះ ២ ប្រ​កូត​មុន ស្មើ​ទាំងពីរលើក។

ចំណែក បៀ​ល​ប្រាយ វិញ នៅមាន​ឱកាស​ប្រជែង​ក្នុង​ចំណាត់ថ្នាក់ Top4 ដើម្បី​ចូល​លេង​ក្នុង​ពានរង្វាន់​ថ្មី​មួយទៀត​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ទើបតែ​បង្កើតឡើង​គឺ Royal Cup នៅ​ចុង​ឆ្នាំនេះ បើទោះជា​ឃ្លាតឆ្ងាយ​ពី​តំបន់​កំពូល​តារាង​ក៏ដោយ។

វេ​ស្ទើ​ន Vs ភ្នំពេញ​ក្រោ​ន ម៉ោង ៣:៤៥ ល្ងាច (ស្ដា​ត​ចាស់)
ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ឡុង រិ​ទ្ធា វេ​ស្ទើ​ន មិនទាន់មាន​អ្វី​ចាប់អារម្មណ៍​នៅឡើយ​ទេ ប៉ុន្ដែ​ប្រកួត​ចុងក្រោយ​ក្រុម​សាកលវិទ្យាល័យ​មួយ​នេះ បាន​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ៣ ទល់ ០ នៅ​ទីលាន​ស្ដា​ត​ចាស់​នេះ​តែម្ដង។

ងាក​ទៅ​មើល​ភ្នំពេញ​ក្រោ​ន វិញ ទំនងជា​នៅ​ក្ដាប់​កៅអី​កំពូល​តារាង​បន្តទៀត​នៅ​សប្ដាហ៍​នេះ ព្រោះ​កីឡាករល្អៗ មួយចំនួន​ដែល​រងរបួស​មួយចំនួន​បាន​ត្រឡប់មក​ទីលាន​វិញ​ហើយ ស្របពេល Bisan George កំពុង​ស្ថិតនៅ​កំពូល​តារាង​នៃ​ទា​ត់ប​ញ្ជូ​ល​ទី​ច្រើនជាងគេ មាន ១៦ គ្រាប់​ម្នាក់ឯង។

ត្រាយ​អាស៊ី Vs គីរីវង់​សុខ​សែន​ជ័យ ម៉ោង ៣:៣០ រសៀល (ពហុ​កីឡដ្ឋាន​ជាតិ)
ត្រាយ​អាស៊ី ក្រោម​ការដឹកនាំ​ដោយ​លោក Daisuke Yoshioka ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៥ មាន ២១ ពិន្ទុ ក្នុង​តារាង​លី​ក​កម្ពុជា​បច្ចុប្បន្ន។ គួច ដា​នី, សុខ ចាន់​រស្មី, Nwakuna Friday, សួង វិ​រះ សុទ្ធតែ​ផ្ទាំង​ស៊ី​ប​ក្នុងការ​បំប៉ោង​សំណាញ់​ទី​គូប្រកួត។

ដោយឡែក គីរីវង់​សុខ​សែន​ជ័យ កំពុងតែ​ជួប​ទុក្ខ​ធ្ងន់​ដោយសារ​ធ្លាក់​ទៅក្នុង​តំបន់​បាត​តារាង​ក្រោយ​ការចាកចេញ​របស់លោក គ្រូបង្វឹក ទេព ឡុង​រចនា កាលពី​ជើង​ទី២ កន្លងទៅ។ មើល​ឱ្យចំ ក្រុម​មកពី​ខេត្ត​តាកែ មួយ​នេះ​គឺជា​ក្រុម​ទាត់​ចូល​ទី​គូប្រកួត​តិចជាងគេ ពោលគឺ ១៥ ប្រកួត​រកបាន​តែ ៦ គ្រាប់​ប៉ុណ្ណោះ ប៉ុន្ដែ​ធ្វើឱ្យ​របូត​គ្រាប់​បាល់​ដល់​ទៅ ២៦ គ្រាប់​ឯណោះ។

ទ័ព Vs ប៉ូលិស ម៉ោង ៦ ល្ងាច (ពហុ​កីឡដ្ឋាន​ជាតិ)

ក្រុមបាល់ទាត់​ក្រសួង​ការពារ ដែល​អ្នកគាំទ្រ​និយម​ហៅថា ទ័ព ក៏​ធ្វើ​មិនសូវ​បានល្អ​ដែរ​គិត​ត្រឹម​ពេលនេះ មានពេលខ្លះ​លេច ពេលខ្លះ​អណ្តែត។ ១៥ ប្រកួត​កន្លងមក ឈ្នះ ៤ ស្មើ ៦ និង ចាញ់ ៥ ប្រកួត មាន ១៨ ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ ។ បណ្ដុះ​យុវជន​ខ្មែរ​គឺជា​គោលការណ៍​មួយ​ដែល ក្រុម​គ្រប់គ្រង​ដោយ​ស្ថាប័នរដ្ឋ​មួយ​នេះ​ប្រកាន់​មិន​យក​កីឡាករ​បរទេស។

ចំណែក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម ប៉ូលិស កំ​ពូ​ង​តែ​ត្រូវការ​ពិន្ទុ​ឈរ​តំណែង Top 4។ អ្នកចាំទី​ដៃ​ស្អិត​ជនជាតិ​ជប៉ុន Yasuyuki Yoshida មិន​បានឃើញ​បង្ហាញខ្លួន​ក្នុង​ជម្រើស ១១ នាក់​ដំបូង​របស់លោក អ៊ុង កង​យ៉ា​និ​ត សោះ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ។ ប៉ុន្ដែ​លោក​ធ្វើជា​គ្រូ​អ្នកចាំទី​វិញ​ម្ដង ដោយ​ទុក​ឱកាស​ឱ្យ អ្នកចាំទី​ល្អ​ប្រចាំ​ពានរង្វាន់ Hun Sen Cup 2014 ប្រាក់ ភិ​រុណ បញ្ចេញស្នាដៃ។

តើ​ក្រុម​ណា​អាច​រកបាន ៣ ពិន្ទុ​ប្រចាំ​សប្ដាហ៍​ទី១៦ នេះ?




© រក្សាសិទ្ធិដោយ thmeythmey.com