កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ២០១៤៖ ពូល E និង ពូល F បើកយុទ្ធនាការប្រកួតនៅរាត្រីនេះ
× ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនរបស់ខ្សែប្រយុទ្ធ Lionel Messi និងក្រុមជម្រើសជាតិបារាំងនឹងត្រូវប្រកួតក្នុងយុទ្ធនាការ World Cup នៅថ្ងៃអាទិត្យ ក្រោមបេសកកម្មមួយក្នុងការគេចឲ្យផុតការជួបគ្នានៅក្នុងការប្រកួតជុំទី២។ ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវលេងការប្រកួតបើកឆាករបស់ពួកគេក្នុងពូល F នៅក្នុងទីក្រុង Rio de Janeiro ជាមួយនឹងក្រុមបូស្នី ដែលនឹងធ្វើការបង្ហាញខ្លួនក្នុងការប្រកួត World Cup ជុំផ្តាច់ព្រ័ត្រជាលើកទី១របស់ពួកគេបើគិតចាប់តាំងពីក្លាយជាប្រទេសឯករាជ្យកាលពីឆ្នាំ១៩៩២។
ក្នុងការប្រកួតពូល E ឯនោះវិញ ក្រុមជម្រើសជាតិបារាំងនឹងត្រូវជួបជាមួយនឹងហុងឌូរ៉ាសក្នុងទីក្រុង Porto Alegre ខណៈដែលក្រុមជម្រើសជាតិស្វ៊ីសនឹងត្រូវប៉ះជាមួយនឹងអេក្វាទ័រក្នុងទីក្រុង Brasilia។ ក្រុមម្ចាស់ជើងឯក World Cup ពីរសម័យកាល អាហ្សង់ទីន មិនធ្លាប់បានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសោះចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។
ប៉ុន្តែ ក្រោមជំនួយដ៏ធំក្នុងតំបន់ប្រយុទ្ធពីសំណាក់ខ្សែប្រយុទ្ធ Messi, Gonzalo Higuain, Sergio Aguero និងខ្សែបម្រើ Angel di Maria ពួកគេត្រូវបានចាត់ទុកថា ជាក្រុមមានក្តីសង្ឃឹមច្រើនជាងគេនៅពេលនេះ ដោយមិនចាញ់ក្រុមជម្រើសជាតិប្រេស៊ីលឡើយ។
លោកគ្រូបង្វឹក Alejandro Sabella បានជួបភាពស្រពេចស្រពិលលើខ្សែប្រយុទ្ធ Higuain របស់ក្លិប Napoli ដែលកំពុងតែជួបបញ្ហារបួសកជើងកាលពីខែមុន ខណៈដែលខ្សែប្រយុទ្ធ Ezequiel Lavezzi របស់ក្លិប Paris Saint-Germain កំពុងតែបង្ហាញភាពរឹងមាំក្នុងការហ្វឹកហាត់។
ក្រុមបូស្នីដឹងថា ពួកគេត្រូវតែរំពឹងថា គូប្រជែងរបស់ខ្លួននឹងចែកបាល់ឲ្យ Messi លេងគ្រប់ពេលទាំងអស់។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Safet Susic គ្រូបង្វឹករបស់បូស្នី បញ្ជាក់ថា លោកនឹងមិនមានកីឡាករតែម្នាក់ដើម្បីរារាំងតារាឆ្នើមរបស់ក្លិប Barcelona រូបនេះឡើយ។
ក្រុមដែលស្ថិតក្នុងពូលជាមួយពួកគេដែរគឺ នីហ្សេរីយ៉ា និងអ៊ីរ៉ង់ នឹងត្រូវធ្វើការប្រកួតលើកដំបូងរបស់ពួកគេនៅរាត្រីថ្ងៃចន្ទ។ ប៉ុន្តែ លោក Sabella ក៏នឹងត្រូវរក្សាការយកចិត្តទុកដាក់ទៅលើការប្រកួតក្នុងពូល E នេះផងដែរ។ ក្រុមឈរលេខ១ក្នុងពូលជាមួយនឹងអាហ្សង់ទីន នឹងត្រូវជួបជាមួយនឹងក្រុមលេខ២នៃពូល E ក្នុងវគ្គ១៦ក្រុមចុងក្រោយ៕
កម្មវិធីប្រកួតនៅរាត្រីនេះ
ស្វ៊ីស v អេក្វាទ័រ - ១១ យប់
បារាំង v ហុងឌូរ៉ាស - ២ ទៀបភ្លឺ
អាហ្សង់ទីន v បូស្នី - ៥ ព្រឹក
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com