កីឡាជាតិ
ជាតិ
ស្រីៗ​ក៏​​ក្រោក​​មើល​ World​ Cup ​ទាំង​យប់​​ដែរ​ ប៉ុន្តែ​​មើល​​ក្រុម​​ដែល​​ខ្លួន​​ស្រឡាញ់​​ប៉ុណ្ណោះ​
16, Jun 2014 , 11:57 am        
រូបភាព
កញ្ញា យិន ម៉ារ៉ាឌី អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្លិបភ្នំពេញក្រោន ហើយក្នុងព្រឹត្តិការណ៍ World Cup កញ្ញាគាំទ្រ​អង់គ្លេស និង​ជប៉ុន
កញ្ញា យិន ម៉ារ៉ាឌី អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្លិបភ្នំពេញក្រោន ហើយក្នុងព្រឹត្តិការណ៍ World Cup កញ្ញាគាំទ្រ​អង់គ្លេស និង​ជប៉ុន
រដូវ​កាល World Cup  បានចាប់ផ្តើម​តាំងពី​ថ្ងៃ​សុក្រ​មកម្ល៉េះ ដោយ​ព្រឹត្តិការណ៍​កីឡា៤ឆ្នាំ​ម្តង​មួយ​នេះ​ទាក់ទាញ​មនុស្ស​រាប់លាន​ក្នុង​ពិភពលោក។ នៅ​កម្ពុជា ពេលវេលា​ប្រកួត​ភាគច្រើន​ប្រព្រឹត្តទៅ​នៅ​ម៉ោង១១យប់ ម៉ោង២ ម៉ោង៣ និង​ម៉ោង៥ទៀបភ្លឺ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មិនមែន​មាន តែប្រុសៗទេ ដែល​ក្រោក​មើល​ការផ្សាយ​ផ្ទាល់ នារីៗមួយចំនួន​ក៏​សុខចិត្ត​បញ្ឈរភ្នែក​ដើម្បី​តាមដាន​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​ផងដែរ។



ដោយសារតែ​ស្រលាញ់​ជម្រើសជាតិ​ប្រេ​ស៊ី​ល កញ្ញា លី ហ្វី​នី មិន​ស្ទាក់ស្ទើរ​ចំពោះ​ការលះបង់​ពេលវេលា សម្រាប់​តាមដាន​ការប្រកួត​របស់​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ និង​ក្រុមខ្លាំងៗផ្សេងទៀត​នោះទេ។ ជា​មន្ត្រីរាជការ​ម្នាក់ ពេលខ្លះ ហ្វី​នី ត្រូវ​ចេញ ទៅធ្វើ​ការ​នៅតាម​បណ្តា​ខេត្ត ដូច្នេះ​នាង​អាច​បាន​ត្រឹម មើល​ការប្រកួត​គូ​ពិសេស ឫ​គូ​ដែល នាង​ស្រលាញ់​តែប៉ុណ្ណោះ។ កញ្ញា បន្ថែមថា ៖« ខ្ញុំ​ត្រៀម​កាហ្វេ មី និង​អាហារសម្រន់​មួយចំនួន សម្រាប់​ពេល​មើល​បាល់ទាត់​ពេលយប់។ ខ្ញុំ​រំភើប​នឹង​ព្រឹត្តិការណ៍​នេះ​ណាស់ ព្រោះ​វា៤ឆ្នាំមាន ម្តង»។

«នៅពេល​មានការ​ប្រកួត៣គូ​ចឹ​ង ខ្ញុំ​ជ្រើស​តែមួយ​មក​មើល។ បើ​ឲ្យ​មើល​ទាំងអស់ ប្រហែល មិនអាច​ធ្វើការ​បានទេ។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា យិន ម៉ា​រ៉ា​ឌី ។ ម៉ា​រ៉ា​ឌី ដែល​អះអាង ថា មើល​ការប្រកួត​ក្នុង​បន្ទប់​តែម្នាក់ឯង​នោះ​រំលឹក​ពី​ពេលវេលា​កាលពី​យប់ថ្ងៃសុក្រ ថានាង​បាន បើក​ទូរទស្សន៍​ចោល​តាំងពី​ម៉ោង១យប់ ដើម្បី​ត្រៀម​ទស្សនា​ពិធី​បើក​ព្រឹត្តិការណ៍​នេះ។

ម៉ា​រ៉ា​ឌី បន្ថែមថា៖« គ្រួសារ​មិនសូវ​ចូលចិត្ត​ឲ្យ​ខ្ញុំ មើល​បាល់ទាត់​ទេ ព្រោះ​គាត់​គិតថា ខ្ញុំ​ជា​ស្រី។ ដូច្នេះ ខ្ញុំ​សប្បាយ​ដេក​មើល​ក្នុង​បន្ទប់​ម្នាក់ឯង។ ខ្ញុំ​ស្រលាញ់​ជម្រើសជាតិ​អង់គ្លេស និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ផងដែរ»។

អ្នកគាំទ្រ​ក្រុម​អា​សឺ​ណ​ល់​មួយរូប ប្រាប់ថា នាង​ស្រលាញ់​ជម្រើសជាតិ​ប្រេ​ស៊ី​ល។ នាង​បន្ថែម ថា ខ្លួន​ស្រលាញ់​បាល់ទាត់ ដូច្នេះ​នាង​ចាំបាច់ ត្រូវ​លះបង់​ពេលវេលា សម្រាប់​មើល។ មាន មិត្តភក្តិ​មួយចំនួន តែង​ថា​ឲ្យ​នាង ប្រយ័ត្ន​បង់​សម្រស់ ព្រោះ​មើល​បាល់​ទាល់ ប៉ុន្តែ​ការណ៍​នេះ មិនបាន​រារាំង​នាង​នោះទេ នាង​ត្រឹម​ឆ្លើយថា «មិន​ខ្វល់» តែប៉ុណ្ណោះ។ «ខ្ញុំ​មិនអាច​ដេកលក់​ទេ ប្រសិន​ណា ខ្ញុំ​មិនបាន​មើល​ក្រុមបាល់ទាត់​ដែល​ខ្ញុំ​ស្រលាញ់។ ប្រេ​ស៊ី​ល ឫ​អេ​ស្ប៉ា​ញ ដែល អាច​ឈ្នះ ព្រឹត្តិការណ៍​បាល់ទាត់ នៅ​ឆ្នាំនេះ»។ នេះ​ជា​សំដី​បន្ថែម​របស់​អ្នកគាំទ្រ​ក្លឹប​បាល់ទាត់ អា​សឺ​ណ​ល់ ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ ដែល​អះអាងថា គ្រួសារ​នាង​សុទ្ធសឹង​អ្នក​ស្រលាញ់ វិស័យ​កីឡា។

អ្នកស្រី ពេជ្រ សង្វា ភរិយា​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​នៃ​ក្លិប​ចម្ការកៅស៊ូ​បឹងកេត ឃួន ឡា​បូ​រ៉ាវី ក៏​មិន​មើលរំលង​ព្រឹត្តិការណ៍​កីឡា​ដ៏​សំខាន់​នេះដែរ។ ខណៈ​កីឡាករ បូរ៉ា​វី ដែលជា​ស្វាមី គាំទ្រ​កីឡាករ Lionel Messiនិង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន អ្នកស្រី សង្វា និយាយថា អ្នកស្រី​ចូលចិត្ត​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ និង​ខ្សែប្រយុទ្ធ Robin van Persie។

ដោយឡែក អ្នកស្រី ចំណាន ដែលជា​អាជីវករ​មួយរូប​នៅ​ម្តុំ​ស្ទឹងមានជ័យ បាន​និយាយថា អ្នកស្រី​តាមដាន World Cup ជាមួយ​ស្វាមី ហើយ​ពេលខ្លះ​ស្វាមី​បែរជា​គេង​លង់លក់​មុន ដោយ​ទុក​ឲ្យ​អ្នកស្រី​មើល​ការប្រកួត​តែម្នាក់ឯង៕


© រក្សាសិទ្ធិដោយ thmeythmey.com