អន្តរជាតិ
នាយករដ្ឋមន្ត្រី​ចិន ទស្ស​កិច្ច​នៅក្នុង​ប្រទេស​អង់គ្លេស
16, Jun 2014 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
នាយករដ្ឋមន្ត្រី​ចិន ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ ទៅកាន់​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះ។ ប្រមុខ​រដ្ឋាភិបាល​ចិន លោក លី ខឹ​ឈាង បានបង្ហាញ​ក្តីសង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក នឹង​ជួយ​ផ្លាស់ប្តូរ​នូវ​ការភាន់ច្រលំ​មួយចំនួន ដែល​អង់គ្លេស​មាន​ចំពោះ​ប្រទេស​របស់​ចិន ហើយ​ថា វា​ក៏​នឹង​អាចជួយ​ពង្រឹង​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​ផងដែរ។



ស្តាប់សំឡេង



ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់លោក​នាយករដ្ឋមន្ត្រី​ចិន  លី ខឹ​ឈាង  បានចាប់ផ្តើម​ហើយ​នៅថ្ងៃនេះ   ទៅកាន់​ប្រទេស​អង់គ្លេស។ លោក លី ខឹ​ឈាង  បាន​ថ្លែងថា លោក​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​អង់គ្លេស​នេះ នឹង​ជួយ​បំបាត់​នូវ​ការភាន់ច្រលំ​នានា​ដែល​អង់គ្លេស​ធ្លាប់មាន​ចំពោះ​រដ្ឋាភិបាល​លោក​កន្លងមក ហើយ​ថា វា​នឹង​ជួយ​អោយ​ប្រទេស​ទាំងពីរ​អាច​បង្កើន និង​ពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​អោយ​កាន់តែ​ល្អប្រសើរ​ថែម​ទៀតផង។ ប្រមុខ​រដ្ឋាភិបាល​ចិន​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ អង់គ្លេស និង​ចិន ហាក់បីដូចជា​មិន​វិ​វត្ត​ទៅមុខ​សោះឡើយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ដូច្នេះ​លោក​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​ធ្វើអោយ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ ដោយសារតែ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​ម្ចាស់​ក្ស​ត្រី Elizabeth ទី២ នៃ​ប្រ​ទេ​អង់គ្លេស។

នៅក្នុង​អត្ថបទ​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន London Times បានសរសេរថា ដំណើរ​ទស្សនកិច្ច​នៃ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ទៅកាន់​ប្រទេស​អង់គ្លេស គឺមាន​គោលដៅសំខាន់ៗចំនួន​បី។ ក្រៅពី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង់គ្លេស រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានបំណង​ចង់​ផ្លាស់ប្តូរ​នូវ​ការភាន់ច្រលំ និង​ជម្រះ​អោយអស់​នូវ​មន្ទិលសង្ស័យ​ទាំង​អម្បាល​មាន របស់​អង់គ្លេស​ដែល​ធ្លាប់មាន​កន្លងមកនេះ​ចំពោះ​ប្រទេស​ចិន។

ក្រៅពី​លើកឡើង​នូវ​គោលបំណង​ទាំងបី​នេះ លោកនាយក​រដ្ឋមន្ត្រី​ចិន បាន​ហៅ​ប្រទេស​អង់គ្លេស​ថា ជា​ដៃ​គួ​ដ៏​ល្អ មិនអាច​ខ្វះ​បានឡើយ។ និយាយ​ក្នុងនាម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង លោក លី ខឹ​ឈាង អះអាងថា ចិន​នឹង​បន្តសកម្មភាព ភ្ជាប់​ទំនាក់ទំនង​យ៉ាងសកម្ម ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​លើ​សកលលោក ដើម្បី​លើកកម្ពស់​នូវ​សន្តិភាព និង​សហប្រតិបត្តិការ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក លី ខឹ​ឈាង​នៅពេលនេះ គឺជា​លើកដំបូង​បំផុត​មួយ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ចិន Weng Jiabao បានធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អង់គ្លេស​កាលពី​ឆ្នាំ ២០១១ ។ ប៉ុន្តែ​កាលពី​ឆ្នាំ ២០០៥ វា​ក៏មាន​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រធានាធិបតី​ចិន លោក Hu Jintao ដែរ។ ខណៈពេល​នោះ គេ​សង្កេតឃើញ​មាន​ចលនា​បាតុកម្ម​របស់​ប្រជាជន​ទី​បេ និង​សកម្មជន​សិទ្ធិមនុស្ស ប្រឆាំងនឹង​រដ្ឋាភិបាល​ចិន។ ហើយ​អ្វីដែល​រឹត​គួរអោយ​ចាប់អារម្មណ៍ គឺ​ជំនួប​មួយ​រវាង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ កា​មេ​រ៉ូ​ន ជាមួយ​សម្តេច​សង្ឃ ដា​ឡៃ​ឡា​ម៉ា  បានធ្វើអោយ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ចិន និង​អង់គ្លេស​កាន់តែ​ធ្លាក់ចុះ​ដុនដាប៕

ប្រែ​សម្រួល​ដោយ សៅ ផល​និស្ស័យ


© រក្សាសិទ្ធិដោយ thmeythmey.com