សុខភាព
អន្តរជាតិ
វ៉ាក់​សាំង​​បង្ការ​​ជំងឺ​​គ្រុម​​ឈាម​​នឹង​​ផលិត​​រួច​រាល់​​នៅ​​ចុង​ឆ្នាំ​ ២០១៥​
16, Jun 2014 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុម​ឈាម អាច​នឹង​ត្រូវគេ​បញ្ចប់​ការផលិត​នៅត្រឹម​ចុងឆ្នាំ ២០១៥ ខាងមុខនេះ ហើយ​វា​នឹង​ក្លាយជា​ថ្នាំ​បង្ការ​ជំងឺ​គ្រុម​ឈាម​ជា​លើកដំបូង​បំផុត នៅលើ​ពិភពលោក ព្រោះថា​ថ្នាំ​បង្ការ​ជំងឺ​ប្រភេទ​នេះ គឺ​មិន​ធ្លាប់មាន​ជា​យូរណាស់​មកហើយ។



សូម​ស្ដាប់ លោក បាន សំអាង លម្អិត​ព័ត៌មាន​នេះ



ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ Sanofi Pasteurបានសម្រេច​របក​គំ​ឃើញ​ថ្មី​មួយ នៅក្នុង​ការអភិវឌ្ឍ​ថ្នាំ​បង្ការ​ជំងឺគ្រុនឈាម​មួយ​ប្រភេទ ដែល​អាច​នឹង​ត្រូវគេ​ផលិត​ឲ្យ​រួចរាល់​នៅត្រឹម​ចុងឆ្នាំ ២០១៥ ខាងមុខនេះ។ លោក​Guillaume Leroyប្រធាន​ផ្នែក​ថ្នាំ​បង្ការ​ជំងឺ​គ្រុម​ឈាម​របស់​ក្រុម​ដដែល​នេះ បានប្រកាស​ពី​ភាពជោគជ័យ​នៃ​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​តំបន់​អាស៊ី ដើម្បី​សាកល្បង​ពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​វ៉ាក់សាំង​នេះ។

ក្រុមហ៊ុន giant Sanofi Pasteur បាន​ឲ្យ​ដឹងថា ខ្លួន​កំពុងធ្វើការ​សាកល្បង ករណី​ជំងឺ​គ្រុម​ឈាម ទៅលើ​ក្រុមមនុស្ស​ចំនួន ១ ម៉ឺន​នាក់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ថៃ និង​ម៉ាឡេស៊ី។ លទ្ធផល​នៃ​ការសាកល្បង​នេះ បាន​បង្ហាញថា កម្រិត​នៃ​ការឆ្លង​ជំងឺ​គ្រុម​ឈាម​បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្ដាល ក្នុងចំណោម​អ្នក​ទាំងអស់នោះ ក្រោយ​ពេលដែល​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួចមក​នោះ។

ការសាកល្បង​ចំពោះ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ថ្មី​នេះ ក៏​នឹងត្រូវ​ធ្វើឡើង​ចំពោះ​មនុស្ស​ជាង ២ ម៉ឺន​នាក់​ផ្សេងទៀត ដែល​ប្រឈម​នឹង​ការឆ្លង​ជំងឺគ្រុនឈាម​នៅក្នុង​ទ្វីបអាហ្វ្រិក។ លោក Leroy បាន​បញ្ជាក់ថា យើង​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ដ៏​សំខាន់​មួយ ហើយ​នៅ​ចុងឆ្នាំ ២០១៥ ខាងមុខនេះ យើង​នឹងមាន​ការវិភាគ​ពេញលេញ​ចំពោះ​លទ្ធផល​ដែល​យើង​ទទួលបាន​ទាំងអស់នោះ។

លទ្ធផល​នៃ​ការសាកល្បង​ទាំងនេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​Sanofi Pasteur ខិត​ទៅកាន់​តែ​ជិត​ចំពោះ​ការព្យាយាម​ក្នុង​ការផលិត​ថ្នាំ​បង្ការ​ប្រភេទ​នេះ អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​នោះ។ ការងារ​បង្កើត​វ៉ាក់សាំង​នេះ គឺ​ត្រូវបាន​ពន្យា​ពេល​ម្ដង​ហើយ​ម្ដងទៀត ដោយសារ​តែមាន​ករណី​នៃ​ជំងឺ​នេះ កើតឡើង​ថ្មី​ទៀត​រហូតដល់​ទៅ ៤ ប្រភេទ​ផ្សេងគ្នា។

យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក គ្រុនឈាម​គឺជា​ជំងឺ​ដែលមាន​ការរីក​រាលដាល​ខ្លាំង​គេ​ជំងឺផ្សេងៗទៀត នៅក្នុង​ប្រទេស​ជាង ១០០ ទូទាំង​ពិភពលោក ហើយ​ក្នុងនោះ​មនុស្ស ៤ នាក់​ក្នុងចំណោម ១០ នាក់ កំពុង​ប្រឈម​នឹង​ការឆ្លង​ជំងឺគ្រុនឈាម។ ជាង​ពីរភាគបី​នៃ​ករណី​ជំងឺគ្រុនឈាម​នៅក្នុង​ពិភពលោក គឺ​កើតឡើង​នៅក្នុង​ទ្វីបអាស៊ី​ជាពិសេស​តំបន់​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Sanofi Pasteur បានប្រកាសថា​ប្រសិនបើ​ថ្នាំ​បង​ង្កា​រ​ប្រភេទ​នេះ អាច​នឹងត្រូវ​ផលិត​បាន​នៅ​ចុង​ឆ្នាំនេះ​មែន​នោះ ក្រុមហ៊ុន​នឹង​យក​វា​ទៅ​ដាក់លក់​នៅក្នុង​ទីផ្សារ​ដែលមាន​តម្រូវការ​ខ្លាំង ដែល​ក្នុងនោះ​ក៏មាន​ទីផ្សារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។

នៅពេលដែល​ថ្នាំ​បង្ការ​ជំងឺគ្រុនឈាម ត្រូវបាន​គេ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ ក្រុមហ៊ុន​នឹង​ផលិត​វ៉ាក់សាំង​ប្រភេទ​នេះ​ចំនួន ១០០ លាន​ដូ​ត​ស៍​ក្នុងមួយឆ្នាំៗ ហើយ​នៅមុន​ពេលដែល​ថ្នាំ​បង្ការ​ប្រភេទ​នេះ​បាន​សាកល្បង​ជិត​រួចរាល់​កាលពីពេល​កន្លង​ទៅនោះ ក្រុមហ៊ុន​បាន​វិនិយោគ​នូវ​ទឹកប្រាក់ ជាង ៤៧០ លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​នៅក្នុង​ប្រទេស​បារាំង ក្នុង​ឆ្នាំ ២០០៩ ៕

ប្រែ​សម្រួល​ដោយ បាន សំអាង


© រក្សាសិទ្ធិដោយ thmeythmey.com