កីឡាជាតិ
ជាតិ
លីក​មាន​៤គូនៅ​ថ្ងៃសៅរ៍នេះ ខណៈកំពូល​តារាងភ្នំពេញក្រោន​ប៉ះបាតតារាង Albirex
21, Jun 2014 , 12:46 pm        
រូបភាព
ដោយ:
កម្មវិធី​ប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ នឹង​ដំណើរការ​សប្ដាហ៍​ទី ១៧ ហើយ​គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ទី ២១ មិថុនា នេះ​ស្របពេល​គណៈកម្មាការ​រៀប​ចំការ​ប្រកួត​បាន​ស្រេច​ប្ដូរ​ប្រកួត​ទី ៩៩ រវាង​ក្រុម​បៀ​ល​ប្រាយ និង អាស៊ី​អឺរ៉ុប វេលា​ម៉ោង ៣:៣០ នាទី​រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ ថ្ងៃនេះ ទៅ​ថ្ងៃអាទិត្យ​ស្អែក​ពេលវេលា និង ទីកន្លែង​ដដែល ហើយ​យក​គូប្រកួត​ទី ១០១ រវាង​ក្រុម​វេ​ស្ទើ​ន និង បឹងកេត នៅ​ថ្ងៃស្អែក​មក​ជំនួស​វិញ។ គូ​ដែល​ចាប់អារម្មណ៍​នៅថ្ងៃនេះ​គឺ ក្រុម​កំពូល​តារាង​ក្នុង​លី​ក​ភ្នំពេញ​ក្រោ​ន ប៉ះ​ក្រុម​បាត​តារាង Albirex Niigata PP។



• បឹងកេត Vs វេ​ស្ទើ​ន ម៉ោង ៣:៣០ រសៀល នៅ​ពហុ​កីឡដ្ឋាន (Live BTV)
ក្រុម​ចម្ការកៅស៊ូ​បឹងកេត ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​ប្រដេញ​តំបន់​កំពូល​តារាង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន។ កីឡាករសំខាន់ៗដូចជា ឃួន ឡា​បូ​រ៉ាវី, ចាន់ វឌ្ឍនាកា, Momoh សុទ្ធតែ​ត្រៀមខ្លួន​រួចរាល់​ជួយ​រុញ​ក្រុម​លោក ប្រាក់ វុទ្ធី ឱ្យទៅ​មុខ។

ចំណែកឯ​ក្រុម​វេ​ស្ទើ​ន យូ​នី​អែ​ហ្វ​ស៊ី ក៏​កំពុងតែ​ត្រូវការ​ពិន្ទុ​ឱ្យដាច់​ឆ្ងាយ​ពី​តំបន់​បាត​តារាង ព្រោះ​ពេលនេះ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី១០ ប៉ុណ្ណោះ។ លោក ឡុង រិ​ទ្ធា បាន​ជួយ​ស្រោចស្រង់​វេ​ស្ទើ​ន​យ៉ាង​ត្រដាបត្រដួស ដោយ ៥ ប្រកួត​ចុងក្រោយ​ឈ្នះ គីរីវង់ ៣ – ០ ស្មើ ក្រសួងការពារជាតិ ១ – ១ និង អាស៊ី​អឺរ៉ុប ២ – ២ តែ​ចាញ់​ភ្នំពេញ​ក្រោ​ន ២ – ០ និង ស្វាយរៀង ៥ – ០ ។

• Albirex Niigata PP Vs ភ្នំពេញ​ក្រោ​ន ម៉ោង ៦ ល្ងាច នៅ​ពហុ​កីឡដ្ឋាន
ទោះជា​ក្រុម​នៅក្រោម​ក្នុង​តារាង តែមួយ​រយៈពេល​ចុងក្រោយ​នេះ Albirex មិន​អន់​ដូច​លើក​មុន​ទេ ពោលគឺ​ប្រកួត​ស្មើ​បៀ​ល​ប្រាយ ២ – ២, ចាញ់​ស្វាយរៀង ៣ – ០, ស្មើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២ – ២ និង ស្មើ ត្រាយ​អាស៊ី ១ –១ ។

ចំណែក​ភ្នំពេញ​ក្រោ​ន​កំពុង​ឈរ​ដាច់​កំពូល​តារាង​នៃ​លី​ក ក្រោយ​ប្រកួត ១៦ លើក​ក្រោយ​ប្រកួត​ឈ្នះ ១២ ស្មើ ៣ និង ចាញ់ មាន ៣៩ ពិន្ទុ។ ខ្សែប្រយុទ្ធ Bisan Goerge ជា​អ្នករក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ឱ្យ​ភ្នំពេញ​ក្រោ​ន​ច្រើនជាងគេ​គឺ​ចំនួន ១៦ គ្រាប់។

• ក្រសួងការពារជាតិ Vs គីរីវង់​សុខ​សែន​ជ័យ ម៉ោង ១:៣០ រសៀល នៅ​ស្ដា​ត​ចាស់
ប្រកួត​ចុងក្រោយ​ក្រសួងការពារជាតិ​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​លទ្ធផល ៣ ទល់ ២ ។ ក្រុម​លោក អុ​ព សំអាន នៅ​មិនទាន់​អស់​ឱកាស​ប្រជែង​តំបន់ Top4 នៅឡើយ​នោះទេ បើទោះជា​ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ៨ មាន ១៨ ពិន្ទុ​ក៏ដោយ។

ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ វិញ​ក្រោយ​ការចាកចេញ​របស់លោក ទេព ឡុង​រចនា ទម្រង់​ប្រកួត​របស់​ក្រុម​ធ្លាក់ចុះ​ជា​លំដាប់ ខណៈ​កីឡាករល្អៗ មួយចំនួន​កំពុងមាន​បញ្ហា​របួស ហើយ​កីឡាករ​ខ្លះទៀត​ជាប់​ពិន័យ។

• ត្រាយ​អាស៊ី Vs ណាហ្គា វេលា​ម៉ោង ៣:៤៥ ល្ងាច​នៅ​ស្ដា​ត​ចាស់
ក្រុម​ត្រាយ​អាស៊ី ជា​ក្រុម​ចំណូល​ថ្មី តែ​កីឡាករ​ភាគច្រើន​មិន​ថ្មី​ដូច​ឈ្មោះ​ក្រុម​នោះទេ។ សុខ ចាន់​រស្មី, Friday, សួង វិ​រៈ សុទ្ធតែជា​តារា​ជើង​ស៊ុត​របស់​ក្រុម។ ប្រកួត​ចុងក្រោយ ត្រាយ​អាស៊ី យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ រហូតដល់ ៤ ទល់ ១។

ណាហ្គា​ខ​ប​ដូចជា​អស់​ឱកាស​ឆ្ងាយ​ក្នុងការ​ប្រជែង​យក​ជើងឯក​ពី​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ុន្ដែ​ក្រុម​មួយ​នេះ​នៅមាន​ឱកាស​ប្រជែង​យក​កៅអី​លេខ ២ ពី​ក្រុម​ចម្ការកៅស៊ូ​បឹងកេត ព្រោះ​ពិន្ទុក្បែៗគ្នា។ លោក ប្រាក់ សុវណ្ណារ៉ា កំពុង​ឈឺក្បាល​បញ្ហា​កីឡាករល្អៗមួយចំនួន​របស់​ក្រុម​របួស៕





© រក្សាសិទ្ធិដោយ thmeythmey.com