កីឡាជាតិ
ជាតិ
ឈុត​សម្លៀ​ក​បំពាក់​​ក្រុម​ជម្រើសជាតិ​ដែល​លេង​នៅ World Cup កំពុង​ត្រូវប៉ាន់​នៅ​ស្រុក​ខ្មែរ
21, Jun 2014 , 5:20 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅក្នុង​អំឡុង​រដូវ​កាល World Cup ឆ្នាំ២០១៤នេះ អាជីវ​ករលក់​សំលៀកបំពាក់ កីឡា​ជា ច្រើន​នៅក្នុង​ទី​ក្រុម​ភ្នំពេញ ហាក់​មាន​ទឹកមាត់​លេប ខណៈ​ប្រជាពលរដ្ឋ​នាំគ្នា​ជាវ ដើម្បី ស្លៀក​គាំទ្រ​ក្រុម​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត និង​ធ្វើជា​អំណោយ​ជូន​បងប្អូន​ញាតិមិត្ត ផងដែរ។ អាជីវករ​ភាគច្រើន​បាន​អះអាងស្រដៀងៗគ្នា​ថា ការលក់​មានការ​កើនឡើង ទ្វេដង​បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា។



អាជីវ​ករលក់​សំលៀកបំពាក់​កីឡា​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​កាក់កប​នៅ​អំឡុង​រដូវ កាល World Cup ឆ្នាំ២០១៤នេះ ខណៈពេលដែល​ការបញ្ជាទិញ​របស់​ពួកគេ​មានការ​កើន ខ្ពស់​លើសពី​ថ្ងៃ​ធម្មតា។ 

លោក ហេង ប៊ុន​សុង ម្ចាស់​ហាង I Sport Cambodia Shop បានអោយដឹងថា នៅក្នុង​អំឡុង​ការ ប្រកួត World Cup នេះ លោក​លក់បាន​ចាប់ពី ៧០ ទៅ ១០០ ឈុត​ក្នុង​មួយថ្ងៃ បើ​គិត​ជា​ទឹកប្រាក់​បាន​ជាង ៣០០ដុល្លារ​អាមេរិក។ លើសពីនេះទៅទៀត ក៏មាន​ការ​កុ​ម៉​ង់ ជាវដុំ​ចាប់ពី ២០០០ ទៅ៣០០០ ឈុត​ផងដែរ។ 

ងាក​ទៅ​មើល​ហាង​លក់​សម្លៀកបំពាក់ និង​សម្ភារ​កីឡា ISC  ដែលមាន​ទីតាំង​នៅក្បែរ​ស្តុ​ប ម៉ុង​ឌី​យ៉ា​ល់ ឯណោះ​វិញ លោក តា​រ៉ា ជា​ម្ចាស់​ហាង​មួយ​នេះ បានអោយដឹងថា នៅក្នុង​អំឡុង​នៃ​ការប្រកួត World Cup ឆ្នាំ២០១៤នេះ លោក​លក់​ស្បែកជើង និង​ខោអាវ កីឡា​បាន​មិន​ក្រោម ៥០ឈុត​ទេ​ក្នុង​មួយថ្ងៃ បើ​គិត​ជា​ទឹកប្រាក់​ក៏​មិន​ក្រោយ ២០០ដុល្លារ នោះដែរ។ អាជីវករ​វ័យ​កណ្តាល រូបនេះ អោយដឹងទៀតថា អតិថិជន​ភាគ ច្រើន ពេញនិយម​ឈុត​ក្រុម​ប្រទេស​អង់គ្លេស ប្រេ​ស៊ី​ល អាឡឺម៉ង់ និង​ហូ​ឡង់​ជាដើម។

ចំណែកឯ កញ្ញា លី​លី ជា​ម្ចាស់​ហាង​សម្ភារៈ​កីឡា១៦៨ នៅក្នុង​សង្កាត់​បឹង​កេងកង​បី ម្នាក់ទៀត​ក៏បាន​អះអាងថា នៅ​អំឡុង​ថ្ងៃ World Cup នេះ ការលក់​របស់​កញ្ញា​ក៏មាន​ការ កើនឡើង​ផងដែរ។ ម្ចាស់​ហាង​វ័យក្មេង សម្បុរ​ស ជា​កូនកាត់​ចិន​រូបនេះ រៀបរាប់​ទាំង​ទឹក មុខរីក​រាយ​ថា ៖«ខ្ញុំ​លក់ដាច់​ជាង​សព្វដង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខ្ញុំ​លក់បាន​ចាប់ពី ៤០ ទៅ ៥០ កំ​ផ្លេ​រ​ឯណោះ​ក្នុង​មួយថ្ងៃ។ បើ​គិត​ជា​ទឹកប្រាក់​វិញ​បាន​ជិត ២០០ដុល្លារ។ បន្ថែម​ពីនេះ​ទៀត​ក៏មាន​អ្នក​កុំម៉ង់ យកទៅលក់​បន្ត​ជាច្រើន​ទៀតផង​ដែរ ខ្ញុំ​ពិតជា​ត្រេកអរ ណាស់...។ នៅ​ថ្ងៃ​ធម្មតា​ខ្ញុំ​លក់បាន​ត្រឹម ៥ ទៅ ១០ កំ​ប្លេ​រ ប៉ុណ្ណោះ»។

ទន្ទឹង​នឹងមាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​យ៉ាង​ដូច្នេះ តំលៃ​នៃ​សំលៀកបំពាក់ ទាំងនោះ​ក៏មាន​ការប្រែប្រួល​ផងដែរ។ កញ្ញា លី​លី បានអោយដឹងថា នៅ​ថ្ងៃ​ធម្មតា​មុន ពេលដែល​កា​ប្រកួត World Cup ចូលមក​ដល់​សំលៀកបំពាក់ កីឡា​មួយឈុត​តម្លៃ​ចាប់ពី ៣ ទៅ ៤ដុល្លារ​កន្លះ ប៉ុន្តែ​នៅក្នុង​អំឡុង World Cup នេះ មួយ ឈុត​មានតម្លៃ​ចាប់ពី ៤ដុល្លារ​កន្លះ រហូតដល់ ៥ដុល្លារ​កន្លះ។ កញ្ញា​បន្ថែមថា អតិថិជន​ភាគច្រើន​ជា​យុវជន ពួកគេ​នាំគ្នា​ជាវ​ឈុត​សំលៀកបំពាក់​តាម​ក្រុម​ប្រទេស​ដែល​ពួកគេ​ស្រឡាញ់ និង​គាំទ្រ។

ចំពោះ​ឈុត​កីឡា​ដែល កំពុងតែ​មានការ​គាំទ្រ​នេះ​ផងដែរ កញ្ញា លី​លី បានអោយដឹងថា កញ្ញា​នាំ ចូល​ដោយផ្ទាល់​ពី​ប្រ​ថៃ និង​ហុងកុង ហើយ​កញ្ញា ក៏​កំពុងតែ​បន្ថែម​ការ​កុំម៉ង់​ចូល សំលៀកបំពាក់​ទាំងនោះ​ទៀតផង។

ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​អំឡុង​រដូវ​កាល​ប្រកួត World Cup ឆ្នាំ២០១៤នេះ គេ​សង្កេតឃើញ​អាជីវ​ករលក់​សំលៀកបំពាក់​កីឡា​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាច្រើន កំពុង​លក់ ដាច់​ទ្វេដង ខណៈពេលដែល​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​នៅតែ​បន្ត​ជាវ​គាំទ្រ​ក្រុម ដែល​ពួកគេ​ពេញ​ចិត្តជា​បន្តបន្ទាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com