កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលបន្ថែមកងកម្លាំងសន្តិសុខនៅកីឡដ្ឋានក្នុងទីក្រុង Rio
× ប្រទេសប្រេស៊ីលនឹងប្រើប្រាស់របារ និងប៉ុស្តិ៍ដ៏រឹងមាំបន្ថែមទៀតទៅលើតំបន់ប្រឈមមុខនឹងហានិភ័យខ្ពស់ដើម្បីការពារការវាយសម្រុកចូលបន្ថែមទៀតពីសំណាក់អ្នកគាំទ្រដែលគ្មានសំបុត្រក្នុងការប្រកួត World Cup នៅឯកីឡដ្ឋាន Maracana។ នេះបើយោងទៅតាមការបញ្ជាក់របស់មន្ត្រីកាលពីថ្ងៃសៅរ៍។
ក្រុមអ្នកគាំទ្រដ៏ច្រើនបានធ្វើការសម្រុកចូលក្នុងការប្រកួតចំនួនពីរក្នុងកីឡដ្ឋានដែលរៀបចំ World Cup នៅទីក្រុង Rio de Janeiro ដែលបាននាំឲ្យអ្នករៀបចំការប្រកួតមានភាពអាម៉ាសយ៉ាងខ្លាំង ក៏ដូចនាំឲ្យមានកង្វល់ទៅលើសន្តិសុខផ្សេងៗសម្រាប់ការប្រកួតដែលនៅសល់ ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៣ ខែកក្កដា ផងដែរ។
លោក Jose Luis Castro មេបញ្ជាការយោធាទៅទីក្រុង Rio បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងនឹងបង្កើតកម្លាំងការពារដាច់ដោយឡែកពីគ្នាបន្ថែមទៀតជាមួយនឹងរបងចល័ត ក្នុងតំបន់មានការជ្រួលច្របល់នៅកីឡដ្ឋាន Maracana និងកម្លាំងប៉ូលិសចល័ត៦០០នាក់ក្នុងតំបន់ទាំងនោះ»។
មន្ត្រីប៉ូលិស៦០០នាក់នឹងត្រូវបន្ថែមទៀតទៅលើកងកម្លាំងចំនួន២៥០០នាក់ដែលត្រូវបានដាក់ពង្រាយជុំវិញកីឡដ្ឋាននេះ។ ពួកគេនឹងធ្វើការការពារច្រកចូលទាំង១២ និងតំបន់ដែលមានហានិភ័យខ្ពស់ចំនួន៦ផ្សេងទៀត។ សន្តិសុខនៅខាងក្នុងកីឡដ្ឋានត្រូវបានគ្រប់គ្រងដោយបុគ្គលិកឯកជនរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com