កីឡាអន្តរជាតិ
អន្តរជាតិ
ក្នុង​ជំនួប​ជាមួ​យ​សហ​រដ្ឋ​អាមេរិក តើ​ព័រ​ទុយ​ហ្គាល់​អាច​ស្រោច​ស្រង់មុខ​មាត់​បាន​ដែរឬទេ?
22, Jun 2014 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នឹង​ព្យា​យាម​ប្រយុទ្ធ​ដើម្បី​រក្សា​ធ្វើ​ឲ្យ​យុទ្ធ​នា​ការ World Cup របស់​​​ពួក​គេ​នៅ​តែ​នៅ​រស់ នៅ​ពេល​ដែល​ពួក​គេ​ជួប​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អាមេ​រិក ក្នុង​ការ​ប្រកួត​ដ៏​សំ​ខាន់​នៅ​រាត្រី​ថ្ងៃ​នេះ​។ ប៉ុន្តែ ក្រោយ​ពី​រង​បរា​ជ័យ ៤-០ ក្រោម​ស្នា​ដៃ​ក្រុម​​អាល្លឺ​ម៉ង់ ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ពូល G របស់​ពួក​គេ រូប​ភាព​​របស់ Ronaldo ដែល​បង្ហាញ​ពី​ការ​ហ្វឹក​ហាត់​រួម​ជា​មួយ​នឹង​ការ​រុំ​កញ្ចប់​ទឹក​កក​លើ​ជង្គង់​របស់​គេ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ព័រ​ទុយ​ហ្គាល់​កាន់​តែ​មាន​ការ​​ព្រួយ​បារម្ភ​។



ក្រុម​ព័រ​ទុយ​​ហ្គាល់​នឹង​ប្រកួត​ជា​មួយ​នឹង​សហ​រដ្ឋ​អាមេ​រិក ដែល​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ២-១ កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង Manaus​។ ក្នុង​ការ​ប្រកួត​ពូល H ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​នឹង​ត្រូវ​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​ក្នុង​ទីក្រុង Rio de Janeiro ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​​​អាល់​ហ្សេ​រី ក្នុង​ទីក្រុង Porto Alegre នៅ​រាត្រី​នេះ​។

លោក Paulo Bento គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ មិន​បាន​បញ្ជាក់​ថា តើ Ronaldo នឹង​លេង ឬ​យ៉ាង​ណា​ឡើយ​។ ប៉ុន្តែ លោក​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ថា កីឡាករ​បួន​នាក់​ផ្សេង​ទៀត​ដែល​រួម​មាន Pepe ខ្សែ​ការ​ពារ Fabio Coentrao ខ្សែ​ប្រយុទ្ធ Hugo Almeida និង​អ្នក​ចាំ​ទី Rui Patricio នឹង​ត្រូវ​អវត្ត​មាន​។

លោក Bento បាន​ឲ្យ​ដឹង​ថា៖ «ស្ថាន​ភាព​ផ្សេង​ៗ​ស្ថិត​ក្នុង​លក្ខ​ណៈ​ធម្មតា​ ព្រោះ​ថា យើង​អាច​នឹង​ឈ្នះ ឬ​ក៏​អាច​នឹង​វេច​បញ្ចេច​របស់​យើង​ទៅ​ផ្ទះ​វិញ​»​។​ ស្រប​ពេល​ជា​មួយ​នឹង​គ្នា​នេះ លោក Jurgen Klinsmann គ្រូ​បង្វឹក​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាមេ​រិក នឹង​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ Jozy Altidore ដែល​បាន​ជួប​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង​។

ខ្សែ​ប្រយុទ្ធ Clint Dempsey ដែល​បាន​រក​គ្រាប់​បាល់​បើក​ឆាក​ក្នុង​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម​​ហ្គា​ណា​នោះ អាច​នឹង​លេង​ដោយ​ពាក់​ម៉ាស​ការ​ពារ ក្រោយ​ពី​រង​របួស​បាក់​​ក្តោង​ច្រមុះ​ក្នុង​ការ​ប្រកួត​ទី​១​៕

កម្ម​វិធី​ប្រកួត​នៅ​រាត្រី​នេះ
បែល​ហ្ស៊ិក v រុស្ស៊ី - 11 យប់
កូរ៉េ​ខាង​ត្បូង v អាល់​ហ្សេ​រី - 2 ទៀប​ភ្លឺ
ព័រ​ទុយ​ហ្គាល់ v សហ​រដ្ឋ​អាមេ​រិក​​ - 5 ទៀប​ភ្លឺ

ប្រែសម្រួលដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com