កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុម​​ក្រូ​​អា​ស៊ី​​ចាត់​ទុក​ថា​​ជំនួប​​ជា​មួយ​​ម៉ិ​ក​​ស៊ិ​ក​​គឺ​ជា​​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​
23, Jun 2014 , 7:48 pm        
រូបភាព
ដោយ: ថ្មីៗ
លោក NikoKovac បាន​និយាយថា ក្រុម​ក្រូ​អាស៊ី​របស់លោក​នឹង​ប្រឈមមុខ​នឹង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ World Cup ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​នៅពេល​ជួប​ជាមួយនឹង​ក្រុម​ម៉ិ​ក​ស៊ិ​កនៅ​រាត្រី​នេះ ខណៈដែល​ការទទួល​ជ័យជម្នះ​មួយ​នឹងធ្វើ​ឲ្យ​ពួកគេ​ឈ្នះ​កៅអី​ទៅលេង​វគ្គ១៦ក្រុម​ចុងក្រោយ។



ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បានធ្វើការ​វាយបក​ពី​ការបរាជ័យ​ក្នុងការ​ប្រកួត​បើកឆាក​របស់​ពួកគេ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ក្នុងការ​ប្រកួត​ពូ​ល A ជាមួយនឹង​ជ័យជម្នះ​យ៉ាង​កក់ក្តៅ ៤-០ លើ​ក្រុម​កា​មេ​រូ​ន​កាលពី​ថ្ងៃ​ពុធ​មុន ដើម្បី​រក្សា​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​ឈានទៅ​វគ្គ​បន្ត​នៅតែ​នៅរស់។

ខ្សែប្រយុទ្ធ Mario Mandzukic បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​តង់​ទី២ ខណៈដែល​ក្រុម​ក្រូ​អាស៊ី​មួយ​នេះ បាន​ទម្លាក់​ក្រុម​កា​មេ​រូ​ន ដែល​នៅសល់​សមាជិក​ត្រឹមតែ១០នាក់ ឲ្យ​ធ្លាក់​ចេញពី​យុទ្ធនាការ​នេះ​ទាំង​ភាពអាម៉ាស។ កីឡាករ​ទាំងពីរ​នាក់​របស់​ក្លិប Wolfsburg ដែល​រួមមាន​ខ្សែប្រយុទ្ធ IvicaOlic និង​ខ្សែបម្រើ Ivan Perisic ក៏បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ ប៉ុន្តែ ក្រុម​ក្រូ​អាស៊ី​នៅតែ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ៣នៅលើ​តារាង​ពីក្រោយ​ក្រុម​លេខ១ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​ក ដដែល។

លោក Kovac ដឹងថា ក្រុម​របស់លោក​នឹងត្រូវ​ប្រឈមមុខ​នឹង​ឧ​ប​ស័គ្គ​ដ៏​ធំ​មួយ​នៅពេល​ជួប​ជាមួយនឹង​ក្រុម​របស់លោក Miguel Herrera ក្នុង​ទីក្រុង Recife ក្រោយពី​ម៉ិ​ក​ស៊ិ​ក​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល។ អ្នកចាំទី​របស់​ម៉ិ​ក​ស៊ិ​ក Guillermo Ochoa បានធ្វើ​ឲ្យ​ខ្លួនគេ​ទទួល​ការចាប់អារម្មណ៍​ក្នុង​យុទ្ធនាការ World Cup ជាមួយនឹង​ការសង្គ្រោះ​បាល់​បាន​យ៉ាង​ល្អជា​ច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ទះ​បាល់​ចេញពី​ការ​តែ​តរបស់​កីឡាករ Neymar ក្នុង​ទីក្រុង Fortaleza កាលពី​អង្គារ​មុន ផងដែរ។ 

លទ្ធផល​ស្មើ​នៅពេល​ជួប​ជាមួយនឹង​ក្រុម​ក្រូ​អាស៊ី នឹង​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ឈានទៅ​វគ្គ​បន្ត ក្រោយពី​ការបញ្ចប់​លទ្ធផល ០-០ ជាមួយ​ប្រេ​ស៊ី​ល និង​ជ័យជម្នះ ១-០ លើ​កា​មេ​រូ​ន។ ស្របពេល​ជាមួយគ្នានេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ហូ​ឡង់ និង​ស៊ី​លី នឹង​ធ្វើការ​ប្រជែង​គ្នា​ដើម្បី​ចំណាត់ថ្នាក់​លេខ១ក្នុង​ពូ​ល B នៅ​រាត្រី​នេះ និង​សង្ឃឹមថា ពួកគេ​អាច​គេច​ផុតពី​ការជួប​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើង​ពិភពលោក៥សម័យកាល ប្រេ​ស៊ី​ល។ ដោយឡែក ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល ត្រូវបាន​រំពឹងថា នឹងត្រូវ​ជួប​ការប្រកួត​ជា​សាមញ្ញ​មួយ​ដើម្បី​ដណ្តើម​កៅអី​ទៅ​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup ខណៈដែល​លទ្ធផល​ស្មើនឹង​គ្រប់គ្រាន់​សម្រាប់​ពួកគេ៕

កម្មវិធី​ប្រកួត​នា​រាត្រី​នេះ
អូស្ត្រាលី ជួប អេ​ស្ប៉ា​ញ–11 យប់
ហូ​ឡង់ ជួប ឈី​លី –11 យប់
កា​មេ​រូ​ន ជួប ប្រេ​ស៊ី​ល – 3 ទៀបភ្លឺ
ក្រូ​អាស៊ី ជួប ម៉ិ​ក​ស៊ិ​ក – 3 ទៀបភ្លឺ

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com