កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ី​ល​ត្រូវ​ជួប​ឈី​លី ខណៈ​ហូ​ឡង់​ត្រូវ​ប៉ះ​ជាមួយ​ម៉ិ​ក​ស៊ិ​កនៅ​វគ្គ១៦ក្រុម​ចុងក្រោយ
24, Jun 2014 , 7:32 am        
រូបភាព
ដោយ: រួបរួម
ការប្រកួត​ពូ​ល A និង B នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បានបញ្ចប់​កាលពី​យប់មិញ។ ប្រេ​ស៊ី​ល​យកឈ្នះ​កា​មេ​រូ​ន ៤-១ ដើម្បី​ទទួលបាន​តំណែង​លេខ​មួយ​ពូ​ល A ស្របពេល​ដែល​ម៉ិ​ក​ស៊ិ​ក​យកឈ្នះ​ក្រូ​អាស៊ី ៣-១ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ពីរ។ ក្នុងជំនួប​ពូ​ល B ហូ​ឡង់​បាន​យកឈ្នះ​ឈី​លី ២-០ ប៉ុន្តែ​ក្រុម​ទាំងពីរ​សុទ្ធតែ​ទទួលបាន​កៅអី​នៅ​វគ្គ១៦ក្រុម​ចុងក្រោយ ខណៈ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​អេ​ស្ប៉ា​ញ បានបញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ជាមួយនឹង​ជ័យជម្នះ ៣-០ លើ​អូស្ត្រាលី។



ពូ​ល A៖ ប្រេ​ស៊ី​ល​លេខ​មួយ  ម៉ិ​ក​ស៊ិ​ក​លេខ​ពីរ

Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់​ក្នុង​ជ័យជម្នះ ៤-១ លើ​កា​មេ​រូ​ន ខណៈ Fernando និង Fred បន្ថែម​បាន​ម្នាក់១គ្រាប់។ គ្រាប់​បញ្ចូល​ទី១គ្រាប់​របស់​កា​មេ​រូ​នរក​បាន​ដោយ Joel Matip។ ដោយឡែក​ជ័យជម្នះ ៣-១ របស់​ម៉ិ​ក​ស៊ិ​កលើ​ក្រូ​អាស៊ី គឺជា​ការសម្រេច​ផល​របស់ Andres Guardado, Rafael Marquez និង Javier Hernadez រីឯ Ivan Perisic ប្រឹង​វាយបក​បាន​មួយ​គ្រាប់​សម្រាប់​ក្រូ​អាស៊ី។


នៅក្នុង​ពូ​ល A នេះ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​បាន​ចំណាត់ថ្នាក់​លេខ១ ជាមួយនឹង​ការទទួលបាន៧ពិន្ទុ ម៉ិ​ក​ស៊ិ​ក​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ២ដោយមាន៧ពិន្ទុ​ស្មើ ប៉ុន្តែ​ចាញ់​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី។ ក្រូ​អាស៊ី​រង​ការខកចិត្ត​ដោយ​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ការទទួលបាន៣ពិន្ទុ ខណៈ​កា​មេ​រូ​ន​ចាញ់​ទាំងបី​ប្រកួត។

ពូ​ល B៖ ហូ​ឡង់​លេខ​មួយ ឈី​លី​លេខ​ពីរ

Leroy Fer និង Memphis Depay បាន​ជួយ​ឲ្យ​ហូ​ឡង់​យកឈ្នះ​ឈី​លី ២-០ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល B។ ប៉ុន្តែ​ទោះបីជា​បរាជ័យ​ក៏ដោយ ឈី​លី ទទួលបាន​ចំណាត់ថ្នាក់​លេខ​ពីរ ខណៈ​ជើងឯក​ឆ្នាំ​ចាស់ អេ​ស្ប៉ា​ញ បញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ជាមួយនឹង​ការ​ដណ្តើមបាន៣ពិន្ទុ​ពី​អូស្ត្រាលី។ David Villa, Fernando Torres និង Juan Mata គឺជា​អ្នករក​ជ័យជម្នះ​បង្គ្រប់កិច្ច​ឲ្យ​អេ​ស្ប៉ា​ញ។


ហូឡង់ទ​ទួលបាន៩ពិន្ទុ​ពេញ​ពី​ការប្រកួត​ក្នុង​ពូ​ល B ខណៈ​ឈី​លី​មាន៦ពិន្ទុ​ឈរ​នៅ​លេខ​ពីរ។ អេ​ស្ប៉ា​ញ​ត្រឡប់ទៅផ្ទះ​វិញ​ដោយមាន៣ពិន្ទុ ខណៈ​អូស្ត្រាលី​មិនមាន​ពិន្ទុ​រាប់​ឡើយ។

វគ្គ១៦ក្រុម​ចុងក្រោយ៖
ក្នុងនាម​ជា​ក្រុម​លេខ​មួយ ពូ​ល A ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ត្រូវ​ជួប​ឈី​លី លេខ​ពីរ​ពូ​ល B ដែល​មកពី​តំបន់​អាមេរិក​ខាងត្បូង​ដូចគ្នា។  ហូ​ឡង់​ពី​តំបន់​អឺរ៉ុប លេខ​មួយ ពូ​ល B ត្រូវ​ប៉ះ​ម៉ិ​ក​ស៊ិ​ក លេខ​ពីរ​ពូ​ល A ដែលជាក្រុម​មកពី​តំបន់អាមេរិកកណ្តាល៕

រូបថតទាំងអស់៖ fifa.com



© រក្សាសិទ្ធិដោយ thmeythmey.com