កីឡាអន្តរជាតិ
អន្តរជាតិ
កូ​ឡុំ​ប៊ី​ត្រូវ​ប៉ះ​អ៊ុយ​រូ​ហ្គា​យ ខណៈ​ប៉េ​ណា​ល់​ទី​ក្នុង​នាទី​បន្ថែម​នាំ​ក្រិ​ក​ឡើងទៅ​ជួប​កូ​ស្តា​រី​កា
25, Jun 2014 , 8:19 am        
រូបភាព
ក្រិកអបអរជ័យ​ជម្នះលើកូតឌីវ័រ
ក្រិកអបអរជ័យ​ជម្នះលើកូតឌីវ័រ
ដោយ: រួបរួម
កូ​ឡុំ​ប៊ី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​មួយ​ពូ​ល C នៃ​យុទ្ធនាការ World Cup ២០១៤ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ជប៉ុន ៤-១ ស្រប​ពេលដែល​ក្រិ​កបាន​យកឈ្នះ​កូត​ឌី​វ័រ ២-១ តាមរយៈ​ការ​ស៊ុត​ប៉េ​ណា​ល់​នៅក្នុង​នាទី​បន្ថែម​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ពីរ។ កូ​ឡុំ​ប៊ី​ត្រូវ​ប៉ះ​អ៊ុយ​រូ​ហ្គា​យ ខណៈ​ក្រិ​ក​នឹង​ជួប​កូ​ស្តា​រី​កា​នៅ​វគ្គ១៦ក្រុម​ចុងក្រោយ។




Juan Cuadrado បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំមុខ​សម្រាប់​កូ​ឡុំ​ប៊ី​នៅ​ដើមតង់ ប៉ុន្តែ​នៅមុន​សម្រាក​តង់ Shinji Okazaki បានតែ​តបាល់​តាម​ស្មើ​សម្រាប់​ជប៉ុន។ ក្រុម​សា​មួ​រៃ​ពណ៌​ខៀវ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​ដើម្បី​ឈានទៅ​កាន់​វគ្គ​បន្ត ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើ​អ្វី​បានឡើយ​លើ​កូ​ឡុំ​ប៊ី​ដែល​អ្នកចាំទី​ចំណាស់​ជាងគេ Faryd Mondragon អាយុ៤៣ឆ្នាំ។ ទីបំផុត កូ​ឡុំ​ប៊ី​បន្ថែម​បាន​បី​គ្រាប់​ទៀត​នៅក្នុង​តង់​ទី​ពីរ​ដែល​រកបាន​ដោយ Jackson Martinez ២គ្រាប់ និង James Rodriguez ១គ្រាប់។



ដោយឡែក​ក្រុម​ក្រិ​ក​វិញ ការឈាន​ឡើងទៅ​កាន់​វ​គ្គ១៦ក្រុម​ចុងក្រោយ​របស់​ពួកគេ​គឺ​កើតឡើង​ដោយ​ភាពចម្រូងចម្រាស់។ Georgios Samaras បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​នាទី​បន្ថែម​ដើម្បី​នាំ​ជ័យជម្នះ​ដល់​ក្រិ​ក ក្រោយ​អាជ្ញាកណ្តាល​មើលឃើញថា Giovanni Sio បាន​បង្កកំហុស​លើ​រូបគេ​នៅ​តំបន់​គ្រោះថ្នាក់។ Andreas Samaris បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​ក្រិ​ក​នៅក្នុង​តង់​ទីមួយ ហើយ Wilfried Bony វាយបក​តាម​ស្មើ​វិញ​នៅក្នុង​តង់​ទី​ពីរ ខណៈ Samaras ជា​អ្នកសម្រេច​ជ័យជម្នះ​សម្រាប់​ក្រិ​ក​ក្នុង​ការឡើង​ទៅកាន់​វគ្គ១៦ក្រុម​ចុងក្រោយ​ជា​លើកដំបូង។


នៅ​វគ្គ១៦ក្រុម​ចុងក្រោយ កូ​ឡុំ​ប៊ី​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល C (៩ពិន្ទុ) ត្រូវ​ប៉ះ​ជាមួយ​អ៊ុយ​រូ​ហ្គា​យ លេខ​ពីរ​ពូ​ល D ខណៈ​លេខ​ពីរ​ក្រិ​ក (៤ពិន្ទុ) នឹង​ជួប​ក្រុម​កំពូល​តារាង​ពូ​ល D កូ​ស្តា​រី​កា។ ក្រុម​អាហ្វ្រិក​កូត​ឌី​វ័រ (៣ពិន្ទុ) ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ខកចិត្ត​ជាមួយ​ក្រុម​អាស៊ី​ជប៉ុន៕





© រក្សាសិទ្ធិដោយ thmeythmey.com