កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង​ត្រូវ​ប៉ះ​នី​ហ្សេ​រី​យ៉ា ខណៈ​អា​ហ្ស​ង់​ទីន​នឹង​ជួប​ស្វ៊ី​ស​នៅ​វគ្គ១៦ក្រុម​ចុងក្រោយ
26, Jun 2014 , 6:18 am        
រូបភាព
ខ្សែបម្រើ Xherdan Shaqiri ស៊ុតបាល់បញ្ចូលទី​៣គ្រាប់ដែលនាំឲ្យ​ស្វ៊ីស​ឡើងទៅជួបអាហ្សង់ទីន
ខ្សែបម្រើ Xherdan Shaqiri ស៊ុតបាល់បញ្ចូលទី​៣គ្រាប់ដែលនាំឲ្យ​ស្វ៊ីស​ឡើងទៅជួបអាហ្សង់ទីន
ដោយ: រួបរួម
ការប្រកួត​ពូ​ល E និង​ពូ​ល F ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បានបញ្ចប់​កាលពី​យប់មិញ។ បារាំង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល E ក្រោយ​លទ្ធផល​ស្មើ ០-០ ជាមួយ​អេ​ក្វា​ឌ័​រ ស្វ៊ី​ស​ដែល​បាន​ទម្លាក់​ហុង​ឌូ​រ៉ា​ស់ ៣-០ ស្ថិតនៅ​លេខ​ពីរ  រីឯ​ពូ​ល F អា​ហ្ស​ង់​ទីន​ឈ្នះ​នី​ហ្សេ​រី​យ៉ា ៣-២ ប៉ុន្តែ​ក្រុម​ទាំងពីរ​សុទ្ធតែ​ទទួលបាន​កៅអី​នៅ​វគ្គ​បន្ត ខណៈ​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ទទួលបាន​បី​ពិន្ទុ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ជ័យជម្នះ ៣-១ លើ​អ៊ីរ៉ង់។ សម្រាប់​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ បារាំង​ត្រូវ​ប៉ះ​នី​ហ្សេ​រី​យ៉ា អា​ហ្ស​ង់​ទីន​ជួប​ស្វ៊ី​ស។



ពូ​ល E៖ បារាំង​លេខ​មួយ ស្វ៊ី​ស លេខ​ពីរ
ការបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​រវាង​អេ​ក្វា​ឌ័​រ និង​បារាំង​នោះ បាន​នាំ​ឲ្យ​ក្រុម​មាន់គក​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល ជាមួយនឹង​ការទទួល​ពិន្ទុសរុប​ចំនួន៧  ខណៈ​ជ័យជម្នះ ៣-០ របស់​ស្វ៊ី​ស​លើ​ហុង​ឌូ​រ៉ា​ស់​នាំ​ឲ្យ​ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​ពីរ។


អេ​ក្វា​ឌ័​រ​ត្រូវការ​ជ័យជម្នះ​យ៉ាងខ្លាំង​ក្នុងជំនួប​ជាមួយ​បារាំង ប៉ុន្តែ​លទ្ធភាព​របស់​ពួកគេ​បាន​ធ្លាក់ចុះ​បន្ទាប់ពី​ប្រធាន​ក្រុម Antonio Valencia ត្រូវបាន​បណ្តេញ​ចេញពី​ដើមតង់​ទី​ពីរ ក្រោយ​បង្កកំហុស​លើ Lucas Digne។ បារាំង​មានឱកាស​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជាច្រើន​ផងដែរ ជាពិសេស​ពី​សំណាក់ Paul Pogba ប៉ុន្តែ​ខ្សែការពារ​របស់​អេ​ក្វា​ឌ័​រតែង​តែ​ធ្វើការ​រារាំង​បានល្អ។


ស្របពេល​ជាមួយគ្នា​នោះ ខ្សែបម្រើ Xherdan Shaqiri ដែល​លេង​ឲ្យ​ក្លិប Bayern Munich បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​បី​គ្រាប់​តែម្នាក់ឯង​សម្រាប់​ស្វ៊ី​ស​លើ​ហុង​ឌូ​រ៉ា​ស់ ដើម្បី​ចាប់ដៃ​ជាមួយ​បារាំង​ឈានទៅ​កាន់​វគ្គ១៦ក្រុម​ចុងក្រោយ។ ពីរ​គ្រាប់​របស់ Shaqiri រកបាន​នៅក្នុង​តង់​ទីមួយ និង​មួយ​គ្រាប់​ទៀត​នៅក្នុង​តង់​ទី​ពីរ។ ហុង​ឌូ​រ៉ា​ស់បាន​បញ្ចប់​យុទ្ធនាការ​ដោយ​មិន​ទទួលបាន​ពិន្ទុ​ណាមួយ​ក្នុង​ដៃ​ឡើយ។

ពូ​ល F៖ អា​ហ្ស​ង់​ទីន​លេខ​មួយ នី​ហ្សេ​រី​យ៉ា​លេខ​ពីរ
អា​ហ្ស​ង់​ទីន និង​នី​ហ្សេ​រី​យ៉ា បាន​ឆ្លងទៅ​កាន់​វគ្គ១៦ក្រុម​ទាំងពីរ បើទោះបីជា​ក្រុម​មកពី​អាមេរិក​ខាងត្បូង​យកឈ្នះ​ក្រុម​តំបន់​អាហ្វ្រិក​ក្នុង​លទ្ធផល ៣-២ ក៏ដោយ។ ចំណែក​ឯការ ប្រកួត មួយ គូ​ទៀ ត​នៅ ក្នុង​ពូ​ល F បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា បានធ្វើ​ឲ្យ​អ៊ីរ៉ង់​ខកចិត្ត​តាមរយៈ​ជ័យជម្នះ ៣-១ ។


នៅ​ដើមតង់ ខ្សែប្រយុទ្ធ Messi បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​អា​ហ្ស​ង់​ទីន ប៉ុន្តែ Ahmed Musa បាន​វាយបក​ភ្លាម​សម្រាប់​នី​ហ្សេ​រី​យ៉ា​ក្នុង​រយៈពេល​ប្រមាណ​តែ៨០វិនាទី។ Messi បន្ថែម​គ្រាប់​ទី​ពីរ​នៅ​ចុង​តង់​ទីមួយ ហើយ Musa តាម​យក​ស្មើ​ម្តងទៀត​នៅ​ដើមតង់​ទី​ពីរ។ ទោះបីជា​យ៉ាងណាក៏ដោយ អា​ហ្ស​ង់​ទីន​នៅតែ​ទទួលបាន​បី​ពិន្ទុ​បន្ថែមទៀត តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Marcos Rojo នៅក្នុង​នាទី ទី៥០ ។


ដោយឡែក​អ៊ីរ៉ង់​បានទទួល​រង​នូវ​ការខកចិត្ត​ពីព្រោះ​ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុង​ការឈាន​ទៅកាន់​វគ្គ​បន្ត​ត្រូវបាន​កាត់ផ្តាច់​ដោយ​បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា។ បូ​ស្នី-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា​ដែល​ប្រកួត​ដើម្បី​បង្គ្រប់កិច្ច​នោះ បាន​កត់ត្រា​នូវ​ជ័យជម្នះ​លើកដំបូង​ក្នុង World Cup តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Edin Dzeko, Miralem Pjanic និង Avjdija Vrsajevic ខណៈ​មួយ​គ្រាប់​របស់​អ៊ីរ៉ង់​រកបាន​ដោយ Reza Ghoochannejad។ បូ​ស្នី-ហឺ​ហ្សេ​ហ្គោ​វី​ណា បាន​បី​ពិន្ទុ​ដោយ​ចាញ់​នី​ហ្សេ​រី​យ៉ា​មួយ​ពិន្ទុ ខណៈ​អ៊ីរ៉ង់​ក៏មាន១ពិន្ទុ​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com