កីឡាជាតិ
ជាតិ
លី​ក ២០១៤៖បៀ​ល​ប្រាយ ប៉ះ​ការពារជាតិ ចំណែក​ភ្នំពេញ​ក្រោ​ន ប៉ះ​ត្រាយ​អាស៊ី
28, Jun 2014 , 12:14 pm        
រូបភាព
ដោយ:
កម្មវិធី​ប្រកួត​បាល់ទាត់​ជើង​ទី២ ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៤ នៅ​ថ្ងៃ​សៅ​រិ៍ ទី ២៨ មិថុនា នេះ​មាន​ចំនួន ២ ប្រកួត ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ក្រុម បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត ប៉ះ​ក្រុម ក្រសួងការពារជាតិ នៅវេលា​ម៉ោង ៣:៣០ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​គូ​បន្ទាប់​នៅ​ម៉ោង ៦ វិញ ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​ត្រាយ​អាស៊ី។



បៀ​ល​ប្រាយ ប៉ះ ការពារជាតិ ម៉ោង ៣:៣០ រសៀល (ផ្សាយ​ផ្ទាល់​ប៉ុស្ដិ៍ BTV)
បៀ​ល​ប្រាយ មិនទាន់​អស់​ឱកាស​ប្រជែង​កៅអី Top4 នៅឡើយ​ទេ បើទោះជា​ពេលនេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៧ តែ​ពិន្ទុ​នៅ​ប្រដេញប្រដោល​ជាមួយ​ក្រុម ៣ លើ​ផ្សេងទៀត។ ក្រុម​លោក លាស់ សា​ឡាស់​ខាន់ ត្រូវបាន​មហាជន​ទទួលស្គាល់ថា​ជា​ក្រុម​ពូ​ល​ខាង​ការពារ ចំណែក​ផ្នែក​ប្រយុទ្ធ​វិញ​ពេលនេះ​ទើបតែ​រក​គ្រាប់​បាល់​បញ្ចូល​ទី​គេ​បាន ១៨ គ្រាប់​ប៉ុណ្ណោះ ក្នុងចំណោម ១៧ ប្រកួត​កន្លងមក។

ចំណែក​ក្រុម​ក្រសួងការពារជាតិ​វិញ ប៉ុន្មាន​ប្រកួត​ចុងក្រោយ មាន​ឈ្នះ មាន​ស្មើ តែ​បែរជា​ចាញ់​ក្រុម​លេខ២ បាត​តារាង គីរីវង់​សុខ​សែន​ជ័យ ដែល​កំពុងតែ​ធ្លាក់​ទម្រង់​ប្រកួត​រហូតដល់ ៣ ទល់ ០ លើ​ទឹកដី​ស្ដា​ត​ចាស់ ដែល​ជាទី​ហ្វឹកហាត់​ជាប្រចាំ​របស់ខ្លួន។ កីឡាករ ឈិន ឈឿន, ពៅ ភា​រិ​ទ្ធ, ភួង សុខ​សា​ណា, ខែ​ក ខេមរិន្ទ, អ៊ុំ វិចិត្រ សុទ្ធតែជា​តារា​ល្បី​ប្រចាំ​ក្រុម។

ភ្នំពេញ​ក្រោ​ន ប៉ះ ត្រាយ​អាស៊ី​ភ្នំពេញ នៅ​ម៉ោង ៦ ល្ងាច
ភ្នំពេញ​ក្រោ​ន ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់​ដើម្បី​រក​ពិន្ទុ​ដាច់​ឆ្ងាយ​នៅ​តំបន់​កំពូល​តារាង​ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា ជា​លើក​ទី ៥ ខណៈ ៤ លើក​កន្លងទៅ​ធ្លាប់​កាន់​ពាន​មួយ​នេះ​នៅ​ឆ្នាំ ២០០២, ២០០៨, ២០១០ និង ២០១១។ ខ្សែប្រយុទ្ធ​ដែល​កំពុងតែ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ Bisan Goerge កំពុងតែ​ស្រេច​ឃ្លាន​បំប៉ោង​សំណាញ់​ទី​ដៃគូ​ប្រកួត។

ងាក​មក​ក្រុម​ត្រាយ​អាស៊ី វិញ ជា​ក្រុម​ចំណូល​ថ្មី​មែន តែ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុម មិន​អន់​ជាង​ក្រុមចាស់ៗ ប៉ុន្មាន​នោះទេ។ ក្រុម​ដែលមាន​ថ្នាក់ដឹកនាំ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ នៅ​មិនទាន់​ប្រាថ្នា​ដណ្ដើម​ជើងឯក​នោះទេ ប៉ុន្ដែ​ចង់បាន​ត្រឹម​កៅអី Top 4 ។ សួង វិ​រៈ, គួច ដា​នី, Friday, ហែម ស៊ី​ម៉ៃ, សុទ្ធតែជា​តួរ​សំខាន់​របស់​ក្រុម។

តើ បៀ​ល​ប្រាយ​អាច​រក​ឱកាស Top4 បានដែរ​ឬទេ? ចុះ​តំណែង​កំពូល​តារាង​របស់​ភ្នំពេញ​ក្រោ​ន វិញ​នឹង​ទៅជា​យ៉ាងណា?




© រក្សាសិទ្ធិដោយ thmeythmey.com