កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez នឹង​ក្លាយជា​កង្វល់​សម្រាប់​ប្រេ​ស៊ី​ល ខណៈ​អ៊ុយ​រូ​ហ្គា​យ​ប្រកួត​ដោយ​គ្មាន Suarez
28, Jun 2014 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ ឈានចូល​ដល់​វគ្គ១៦ក្រុម​ចុងក្រោយ​ហើយ​នា​រាត្រី​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ​នេះ។ ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ដែលជា​លេខ​មួយ​ពូ​ល A ត្រូវ​ស្វាគមន៍​ឈី​លី លេខ​ពីរ​ពូ​ល B ហើយ​បន្ទាប់មក លេខ​មួយ​ពូ​ល C កូ​ឡុំ​ប៊ី ត្រូវ​តទល់​ជាមួយ​លេខ​ពីរ​ពូ​ល D អ៊ុយ​រូ​ហ្គា​យ។



ខ្សែប្រយុទ្ធ Alexis Sanchez នឹង​ក្លាយជា​អាវុធ​ដ៏​សំខាន់​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈី​លី​នៅពេលដែល​ពួកគេ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ក្នុង​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup ក្នុង​ទីក្រុង Belo Horizonte នៅ​រាត្រី​នេះ។

នៅពេលដែល​ខ្សែប្រយុទ្ធ​របស់​ក្លិប Barcelona រូបនេះ ចូលទៅ​កាន់​ទីលាន ដែល​ដូច​ទៅនឹង​មិត្ត​រួម​ក្រុម​របស់គេ​ដែរ ការហ្វឹកហាត់ផ្សេងៗនឹង​ផ្តល់​ទៅលើ​ទេពកោសល្យ​ដែល​ពួកគេ​បាន​រៀន​អំឡុងពេល​លេង​កីឡាបាល់ទាត់​នៅ​អឺរ៉ុប។

ក្រោយពី​បានបញ្ចប់​អាជីព​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​ជាមួយនឹង​ក្លិប River Plate និង​ប្រទេស​អ៊ីតាលី​ក្នុង​ក្លិប Udinese ក្លិប Barcelona ពិតជា​បានធ្វើ​ឲ្យ Sanchez ក្លាយជា​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុង​ចំណម​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក។

កីឡាករ​វ័យ២៥ឆ្នាំ​រូបនេះ បាន​ប្រាប់​កាសែត El Pais ថា៖ «នៅ​ក្លិប Barcelona ខ្ញុំ​បាន​រៀន​ពី​របៀប​លេង​កីឡាបាល់ទាត់​ម្តងទៀត។ អ្វីដែល​ខ្ញុំ​បានធ្វើ​នៅក្នុង​ប្រទេស​អ៊ីតាលី ខ្ញុំ​មិនអាច​ធ្វើ​នៅ​អេ​ស្ប៉ា​ញ​បានឡើយ។ នៅមុន​ពេល​លេង​ពី​របៀប​បញ្ជូន​បាល់​លឿន ខ្ញុំ​ចាំបាច់​ត្រូវតែ​ស្វែងរក​ល្បឿន»។
 ស្របពេល​ជាមួយគ្នានេះ លោក Luiz Felipe Scolari គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​បញ្ជាក់ថា កីឡាករ Fernandinho នឹង​ចូល​លេង​ក្នុង​តំបន់​បម្រើ​សម្រាប់​ការប្រកួត​វគ្គ១៦ក្រុម​ចុងក្រោយ​នៅ​រាត្រី​នេះ​ជាមួយនឹង​ក្រុម​ឈី​លី ខណៈដែល​ខ្សែការពារ David Luiz បាន​អវត្តមាន​ក្នុងការ​ហ្វឹកហាត់​ដោយសារតែ​បញ្ហា​ខ្នង។

Fernandinho របស់​ក្លិប Manchester City បាន​លេង​រួម​ជាមួយនឹង​កីឡាករ​ស្ថិតក្នុង​ជម្រើស​ដំបូង​ក្នុង​ការប្រកួត​ហ្វឹកហាត់​មួយ​ជាមួយនឹង​ក្រុម​កីឡាករ​បម្រុង​នៅ​ជំរំ​ហ្វឹកហាត់ Teresopolis របស់​ប្រេ​ស៊ី​ល ដើម្បី​បង្ហាញថា រូបគេ​អាច​នឹង​លេង​ក្នុង​ជម្រើស១១នាក់​ដំបូង​ជា​លើក​ទី១ក្នុង​យុទ្ធនាការ​នេះ។

នា​រាត្រី​នេះ​ផងដែរ ខណៈដែល​កំពុងតែ​រង​នូវ​ការខកចិត្ត​ដោយសារតែ​បញ្ហា​ខាំ​របស់​ខ្សែប្រយុទ្ធ Luis Suarez ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​នឹង​ខិតខំ​ព្យាយាម​បង្ហាញ​ពី​ភាព​អស្ចារ្យ​ក្នុងពេល​អវត្តមាន​តារា​ឆ្នើម​របស់​ពួកគេ នៅពេល​ពួកគេ​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ក្នុង​វគ្គ១៦ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ World Cup។

ស្រប​ពេលដែល​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ គួរតែ​កំពុងធ្វើការ​ផ្តោតអារម្មណ៍​ទៅលើ​គំរាម​ពី​សំណាក់​ខ្សែប្រយុទ្ធ James Rodriguez និង​មិត្ត​រួម​ក្រុ​របស់គេ ពួកគេ​ដឹងថា ខ្លួន​ពួកគេ​ផ្ទាល់​ស្ថិតក្រោម​សម្ពាធ​ក្រោយពី​មានរឿង​អាស្រូវ​ដ៏​ធំ​បំផុត​មួយ​ក្នុង​យុទ្ធនាការ World Cup កាលពីពេលថ្មីៗនេះ៕

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ
ប្រេ​ស៊ី​ល v ឈីលី - 11 យប់
កូ​ឡុំ​ប៊ី v អ៊ុយ​រូ​ហ្គា​យ - 3 ទៀបភ្លឺ

ជំនួប​បី​លើកចុងក្រោយ​រវាង​ប្រេ​ស៊ី​ល និង​ឈី​លី

20/11/13 Brazil 2-1 Chile
25/04/13 Brazil 2-2 Chile
28/06/10 Brazil 3-0 Chile

ជំនួប​បី​លើកចុងក្រោយ​រវាង​កូ​ឡុំ​ប៊ី និង​អ៊ុយ​រូ​ហ្គា​យ
10/09/13 Uruguay 2-0 Colombia
07/09/12 Colombia 4-0 Uruguay
09/09/09 Uruguay 3-1     Colombia

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com