​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​យោធា​ថៃ​កំណត់​យក​ខែតុលា ឆ្នាំ ២០១៥ ជា​ថ្ងៃ​បោះឆ្នោត
28, Jun 2014 , 4:06 pm        
រូបភាព
ដោយ:
មេដឹកនាំ​របប​យោធា​ថៃ​លោក ប្រា​យុទ្ធ ចាន់ អូ​ចា ( Prayuth Chan-ocha) បានប្រកាស​ជា​សាធារណៈ​ថា នៅ​ខែតុលា ឆ្នាំ ២០១៥ ខាងមុខនេះ រដ្ឋាភិបាលយោធា​របស់​លោក នឹង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ ក្រោយពី​រដ្ឋធម្មនុញ្ញ​អន្តរកាល​ថ្មី​ចូល​ជា​ធរមាន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AP របស់​អាមេរិក ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។



ថ្លែង​តាមរយៈ​កញ្ចក់​ទួ​រ​ទស្សន៍​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រមុខ​មេដឹកនាំ​យោធា​ថៃ លោក ប្រា​យុទ្ធ ចាន់ អូ​ចា បានប្រកាស​ក្តែងៗថា រដ្ឋាភិបាលយោធា​របស់​លោក គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នៅ​ខែតុលា ឆ្នាំ ២០១៥ ខាងមុខ។ ការបោះឆ្នោត​នេះ នឹងត្រូវ​ធ្វើឡើង ក្រោយពី​រដ្ឋធម្មនុញ្ញ​អន្តរកាល​ថ្មី​មួយ​ចូល​ជា​ធរមាន​រយៈពេល ៣ ខែ។ នៅ​ខែ​ក្រោយនេះ ពោល​នៅ​ខែកក្កដា រដ្ឋាភិបាលយោធា នឹង​រៀបចំ​ធ្វើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​អន្តរកាល​ថ្មី។ នេះ​ជាការ​បញ្ជា​ក់លោក ប្រា​យុទ្ធ ចាន់ អូ​ចា។

មេ​ដឹក​យោធា​ដ៏​មានអំណាច​រូបនេះ បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹងធ្វើ​រួចរាល់ និង​ប្រកាស​ឲ្យ​ប្រើ​យ៉ាងយូរ​នៅត្រឹម​ខែកក្កដា ឆ្នាំ ២០១៥ ខាងមុខ។ ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​អន្តរកាល​ថ្មី ក៏​នឹង​ក្លាយជា​ឧបករណ៍​ដ៏​មាន​ស្រាប់​សំខាន់​សម្រាប់​របប​យោធា​គ្រប់គ្រង​អំណាច ពោលគឺ នឹងមាន​សភា ព្រមទាំង​គណរដ្ឋមន្ត្រី​គ្រប់គ្រង​ប្រទេស។

យ៉ាងណាក៏ដោយ​ក្នុងអំឡុងពេល​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ កាលពី​យប់មិញ លោក ប្រមុខ​យោធា​ថៃ មិន​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​រដ្ឋធម្មនុញ្ញ​អន្តកាល​ថ្មី ដែល​បង្កើតឡើង​ដោយ​របប​យោធា​នេះ នឹងត្រូវ​ឆ្លងកាត់​យោបល់​របស់​ពលរដ្ឋ​តាមរយៈ​ការធ្វើប្រជាមតិ​ឬ​យ៉ាងណា​នោះទេ? សូមជម្រាបថា ប្រទេស​ថៃ​ក៏​ធ្លាប់​ជួបនឹង​ស្ថានការណ៍​នេះដែរ​កាលពី​ឆ្នាំ ២០០៧ នៅពេលដែល​យោធា ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ ស៊ីន ហើយ​បង្កើត​រដ្ឋធម្មនុញ្ញ​អន្តរកាល​ថ្មី។ កាលណោះ គឺ​រដ្ឋធម្មនុញ្ញ ត្រូវបាន​ឆ្លងកាត់​យោបល់​របស់​ពលរដ្ឋ។

សូម​រម្លឹកថា ក្រោមលេស​ថែរក្សា​សណ្តាប់ធ្នាប់ និង​ការពារ​ផលប្រយោជន៍​ប្រទេសជាតិ​មកវិញ បន្ទាប់ពី​វិបត្តិ​នរ​យោ​បាយ​នៅក្នុង​ប្រទេស​បានអូសបន្លាយ​អស់​រយៈពេល​ជាង ១ ឆ្នាំ មេដឹកនាំ​យោធា​ថៃ លោក ចាន់ អូ​ចា បាន​ដឹកនាំ​យោធា ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យី​ង ឡាក់ ចេញពី​តំណែង និង​ចាប់​មេដឹកនាំ​គ​បក្សប្រឆាំង​ជាច្រើនរូប​ផងដែរ កាលពី​ចុងខែ​ឧសភា កន្លងទៅ។

នៅ​ចំពោះមុខ​ស្ថានការណ៍ បែបនេះ សហគមន៍​អន្តរជាតិ​បាន​រិះគន់​របប​យោធា​ជា​បន្តបន្ទាប់។ កាលពីពេលថ្មីៗនេះ សហភាព​អឺរ៉ុប​បានប្រកាស​កាត់បន្ថយ​ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​ថៃ ខណៈពេលដែល​រដ្ឋាភិបាល​អាមេរិក​បានប្រកាស ថ្កោលទោស​ចំពោះ​ការធ្វើ​រដ្ឋប្រហារ​យោធា ព្រមទាំង​បាន​លុបចោល​នូវ​សមយុទ្ធ​យោធា និង​កិច្ចសហប្រតិបត្តិការ​យោធា​ផ្សេងទៀត​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com