កីឡាអន្តរជាតិ
អន្តរជាតិ
Persie មាន​វត្តមាន​ក្នុង​ជំនួបជាមួយម៉ិក​ស៊ិក ខណៈក្រិក និងកូស្តារីកា ត្រៀម​សាង​ប្រវត្តិសាស្ត្រ
29, Jun 2014 , 10:02 pm        
រូបភាព
ដោយ: ថ្មីៗ
ហូ​ឡង់​​ត្រូវ​ប្រកួត​ជា​មួយ​​​ម៉ិក​ស៊ិក​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រោម​​កម្តៅ​ដ៏​​ក្តៅ និង​សើម​​នៃ​ទីក្រុង Fortaleza ស្រប​ពេល​​ដែល​ក្រុម​ទាំង​នឹង​ស្វែង​រក​កៅ​អី​មួយ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​។​ Van Persie ដែល​រក​បាន​២៤៧​គ្រាប់​ក្នុង​អាជីព​របស់​គេ​នោះ បាន​អវត្ត​មាន​ក្នុង​ពេល​ក្រុម​ហូ​ឡង់​ទទួល​ជ័យ​ជម្នះ ២-០ លើ​ក្រុម​ជម្រើស​ជាតិ​ស៊ី​លី ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ពូល B របស់​ពួក​គេ​ដោយ​សារ​តែ​ការ​ជាប់​ពិន័យ​ព្យួរ​។



ហូឡង់ បាន​បញ្ចប់​ក្នុង​នាម​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ជុំ​ទី​១​ក្រោយ​ពី​រក​បាន​១០​គ្រាប់​ពី​បី​ប្រកួត​។ ប៉ុន្តែ ខណៈ​ដែល​​ក្រុម​របស់​អឺ​រ៉ុប​ជា​ច្រើន ត្រូវ​បាន​ទម្លាក់​ក្រោម​ស្នា​ដៃ​ក្រុម​នៅ​អាមេ​រិក​ឡា​ទីន​ក្នុង​ប្រទេស​ប្រេស៊ីល ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ នឹង​ត្រូវ​ជា​ចាំ​បាច់​នូវ​រាល់​ជំនាញ​រក​គ្រាប់​បាល់​ទាំង​អស់​របស់ Van Persie និង​ដៃ​គូ​របស់​គេ Arjen Robben​។​

ខ្សែ​បម្រើ​កណ្តាល Leroy Fer ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ពេល​ជួប​ជា​មួយ​នឹង​ស៊ី​លី​នោះ កំ​ពុង​ជួប​បញ្ហា​របួស និង​ពិត​ជា​ត្រូវ​អវត្ត​មាន​ក្នុង​ការ​ប្រកួត​នេះ​។ លោក Louis van Gaal គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​កម្តៅ​នៅ​ទីក្រុង Fortaleza ផង​ដែរ និង​កំ​ពុង​តែ​ទាម​ទារ​ថា ការ​សម្រាក​ផឹក​ទឹក​​ត្រូវ​តែ​ធ្វើ​ឡើង​។

​ម៉ិក​ស៊ិក បាន​ត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​តាម​រយៈ​ការ​ឆ្លង​កាត់​វគ្គ​ជម្រុះ ប៉ុន្តែ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ពេល​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹង​ជើង​ខ្លាំង​ប្រេស៊ីល ក្នុង​ការ​ប្រកួត​ពូល A​។​ អ្នក​ចាំ​ទី Guillermo Ochoa របស់​ម៉ិក​ស៊ិក បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត​នា​ពេល​នោះ​​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១១​យប់ (ម៉ោង​នៅ​កម្ពុជា)​។

ដោយឡែក​ជំនួប​មួយគូទៀត លោក Fernando Santos គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើ​សជាតិ​ក្រិក បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​របស់​លោក​ឲ្យ «បង្កើត​ប្រវត្តិ​សាស្ត្រ» ខណៈ​ដែល​ពួក​គេ​មាន​បំ​ណង​ធ្វើ​ដំ​ណើរ​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​យុទ្ធ​នា​ការ World Cup របស់​ពួក​គេ​តាម​រយៈ​ការ​ផ្តួល​ក្រុម​​ជម្រើស​ជាតិ​កូ​ស្តា​រី​កា​នៅ​រាត្រី​នេះ​។

ក្រុម​ជម្រើស​ជាតិ​ក្រិក បាន​ឈាន​ទៅ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ ក្រោយ​ពី​គ្រាប់​បាល់​ស៊ុត​ប៉េ​ណាល់​ទី​នៅ​នាទី​ចុង​ក្រោយ​របស់​កីឡាករ Georgios Samaras បាន​ជួយ​ឲ្យ​​ពួក​គេ​ទទួល​ជ័យ​ជម្នះ ២-១ លើ​ក្រុម​ជម្រើស​ជាតិ​កូត​ឌី​វ័រ​កាល​ពី​សប្តាហ៍​មុន​។

លោក Santos ដែល​កិច្ច​សន្យា​របស់​លោក​ជា​មួយ​នឹង​សហ​​ព័ន្ធ​កីឡា​បាល់​​ទាត់​ក្រិក នឹង​ចាប់​​បញ្ចប់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ទទួល​ស្គាល់​​ថា ការ​ធ្វើ​ដំណើរ​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នឹង​មិន​មាន​ភាព​ងាយ​ស្រួល​ឡើយ​។ ការ​​មាន​ទម្រង់​លេង​​ដ៏​ល្អ​រួម​ជា​មួយ​នឹង​ការ​វាយ​សម្រុក​រហ័ស​របស់​ក្រុម​ជម្រើស​ជាតិ​កូ​ស្តា​រី​កា បាន​ជួយ​ឲុ្យ​ពួក​គេ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ជា​ច្រើន​តាម​រយៈ​ការ​ឈរ​លេខ​១​​ក្នុង​ពូល D ក្រោយ​ពី​​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ និង​អ៊ី​តាលី និង​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹង​អង់​គ្លេស​។​

ក្រុម​របស់​អាមេ​រិក​កណ្តាល​មួយ​នេះ ត្រូវ​បាន​រំ​ពឹង​ថា នឹង​មាន​ប្រៀប​តាម​រយៈ​ការ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​សំ​ណាក់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ពេល​ដែល​ការ​ប្រកួត​នេះ​ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង Recife​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក Jorge Luis Pinto បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​របស់​លោក «សម្លឹង​ឲ្យ​ឆ្ងាយ» ក្នុង​ការ​ប្រជែង​ដើម្បី​បង្ហាញ​ខ្លួន​ជា​លើក​​ទី​១​​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​វគ្គ​១/៤​នៃ​យុទ្ធ​នា​ការ World Cup​។​ កូ​ស្តា​រី​កា​នឹង​ត្រូវ​ប្រកួត​ជា​មួយ​នឹង​ក្រិក​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ទីក្រុង Recife នា​រាត្រី​នេះ ក្រោយ​ពី​ការ​ជួប​យុទ្ធ​នា​ការ​ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ពួក​គេ​ក្នុង​ពូល D បាន​ជួយ​ឲ្យ​ពួក​គេ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​​អ៊ុយ​រូ​ហ្គាយ ៣-១ និង​អ៊ី​តាលី ១-០ មុន​នឹង​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៣​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕​

ប្រែ​សម្រួល​ដោយ ផេង សំណាង




© រក្សាសិទ្ធិដោយ thmeythmey.com