កីឡាអន្តរជាតិ
លោក​ Rodgers ​ច្រាន​ចោល​​ព័ត៌​មាន​​ថា​ Liverpool​ ដេញ​ថ្លៃ​​ទិញ ​Balotelli​
05, Aug 2014 , 7:15 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Brendan Rodgers អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប Liverpool បាន​ច្រានចោល​ចំពោះ​ការលើកឡើង​ដែល​ទាក់ទង​ជាមួយ​រូបលោក​នឹង​ការដេញថ្លៃ​មួយ​សម្រាប់​ការផ្ទេរ​ខ្សែប្រយុទ្ធ Mario Balotelli របស់​ក្លិប AC Milan។



លោក Rodgers បាន​និយាយ​អំពី​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ីតាលី​រូបនេះ​ក្នុង​ពាក្យសម្តី​កោតសរសើរ​នៅពេលដែល​លោក​ត្រូវបាន​ចោទសួរ​អំពី​រូបគេ​កាលពី​សប្តាហ៍​មុន ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​ខាងជើង​រូបនេះ បាន​និយាយថា ការកោតសរសើរ​រប​ស់លោក​មិនមែន​មានន័យ​ទៅជា​ការដាក់សំណើ​ដើម្បី​ទិញ​កីឡាករ​វ័យ២៣ឆ្នាំ​រូបនេះ​ឡើយ។

លោក បាន​ប្រាប់​បណ្តាញ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រដ្ឋ Miami កាលពី​ថ្ងៃអាទិត្យ ក្នុង​សេចក្តីអធិប្បាយ​ដែល​ត្រូវបាន​ផ្សាយ​យ៉ាង​ទូលំទូលាយ​ក្នុង​បណ្តាញសារព័ត៌មាន​ចក្រភព​អង់គ្លេស ថា៖ «ខ្ញុំ​អាច​ប្រាប់​អ្នក​ថា Mario Balotelli នឹងមិន​នៅ​ជាមួយនឹង Liverpool ឡើយ»។

លោក​បាន​ប្រាប់​បន្តថា៖ «ក្នុង​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​របស់ខ្ញុំ ខ្ញុំ​ត្រូវបាន​ចោទសួរ​នូវ​សំណួរ​មួយ​អំពី Mario Balotelli និង​ខ្ញុំ​បាន​និយាយ​ពី​ទេពកោសល្យ​ដែល​រូបគេ​មាន និង​អ្វី​ដែលជា​ភាពល្អ​ឥតខ្ចោះ​របស់គេ។ នៅ​ថ្ងៃ​ក្រោយមក បែរជា​រឿងនេះ​ត្រូវបាន​គេ​សរសេរថា យើង​នឹង​ចុះហត្ថលេខា​ជាមួយនឹង​រូបគេ។ ខ្ញុំ​គ្រាន់តែ​ផ្តល់នូវ​មតិ​របស់ខ្ញុំ​ទៅលើ​រូបគេ​ក្នុងនាម​ជា​កីឡាករ​ម្នាក់។ វា​មិនគួរណា​ត្រូវបាន​គេ​បកប្រែ​ទៅជា​ថា យើង​នឹង​ចុះហត្ថលេខា​ជាមួយនឹង​កីឡាករ​រូបនេះ​សោះ»។

Liverpool បាន​បាត់បង់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Luis Suarez ក្រោយពី​គេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប Barcelona កាលពី​ខែ​មុន ប៉ុន្តែ លោក Rodgers បាន​ទិញ​ចូល​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Rickie Lambert ពី​ក្លិប Southampton។ ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក DivockOrigi ក៏បាន​ចូលរួម​ជាមួយនឹង​ក្លិប​នេះ​ផងដែរ ក្រោយពី​ផ្ទេរ​មកពី Lille ប៉ុន្តែ រូបគេ​ត្រូវបាន​ខ្ចី​ជើងភ្លាមៗឲ្យ​វិល​ទៅលេង​ក្នុង​ក្លិប​របស់​បារាំង​មួយ​នេះ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com