ខ្មែរក្រហម
ជាតិ
សំណុំរឿង០០២ វគ្គមួយ ប្រឆាំង ខៀវ សំផន និងនួន ជា ប្រកាសនៅព្រឹកនេះ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមត្រូវប្រកាសសាលក្រមសំណុំរឿង០០២/០១ ប្រឆាំងខៀវ សំផន និង នួន ជា នៅវេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០១៤ នេះ។ បទចោទប្រកាន់នានាក្នុងសំណុំរឿងនេះ ផ្តោតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅប្រជាជនដោយបង្ខំចេញពីភ្នំពេញ នៅខែ មេសា ឆ្នាំ១៩៧៥ និង ការផ្លាស់ទីលំនៅប្រជាជនចេញពីតំបន់ផ្សេងៗទៀត ក្នុងដំណាក់កាលក្រោយទៀត (ដំណាក់កាលទី១ និងដំណាក់កាលទី២ ) និង ការសម្លាប់ទាហាននៃរបបសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់។
សំណុំរឿង ០០២/០១ បានចាប់ផ្តើមឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ។ សវនាការលើភស្តុតាងក្នុងសំណុំរឿងនេះ បានបិទបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៣ ហើយសវនាការធ្វើសេចក្តីសន្និដ្ឋានលើការពិភាក្សាដេញដោលបានបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។
ប្រសិនបើរកឃើញថា មានពិរុទ្ធភាព នោះសេចក្តីសម្រេចអំពីការផ្តន្ទាទោស និងអំពីការទាមទារសំណងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ក៏នឹងត្រូវប្រកាសនៅក្នុងពេលនោះដែរ។ ដោយសារ តែ អៀង ធីរិទ្ធ ត្រូវបានរកឃើញថាមិនមានសម្បទាគ្រប់គ្រាន់ដើម្បីចូលរួមសវនាការ ហើយអៀង សារី បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ ជនជាប់ចោទក្នុងសំណុំរឿង០០២/០១ នេះ គឺមានតែ នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ប៉ុណ្ណោះ។
អង្គជំនុំជម្រះសាលាដំបូងក៏បានស្តាប់ភស្តុតាងអំពីប្រវត្តិសាវតារ ការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងតួនាទីរបស់ជនជាប់ចោទនៅក្នុងរដ្ឋាភិបាលនោះ និង ស្តាប់ភស្តុតាងទាក់ទិននឹងរចនាសម្ព័ន្ធរដ្ឋបាល និង រចនាសម្ព័ន្ធទំនាក់ទំនង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ ភស្តុតាងទាំងនេះក៏នឹងក្លាយជា មូលដ្ឋានគ្រឹះសម្រាប់ការជំនុំជម្រះក្តីបន្ទាប់ទៀតពាក់ព័ន្ធនឹងជនជាប់ចោទទាំងពីរនេះ នៅក្នុងសំណុំរឿង០០២/០២ ដែលកំពុងតែដំណើរការនីតិវិធីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com