ខ្មែរ​ក្រហម
ជាតិ
អាមេរិក​ស្វាគមន៍​ចំពោះ​សាលក្រម​ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម
07, Aug 2014 , 1:58 pm        
រូបភាព
ដោយ:
ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​សាលក្រម នៃ​ការកាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់ ក្នុង​របប​ខ្មែរក្រហម​នៅថ្ងៃនេះ ដែល​សម្រេច​ដោយ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ដែល​គេ​ស្គាល់​ថា​ជា​សាលាក្ដី​ខ្មែរក្រហម​នោះ។


យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក សាលក្រម​ដែល​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង លោក នួន ជា បងធំ​ទី២ បន្ទាប់ពី ប៉ុល ពត និង លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ ពាក់ព័ន្ធ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុងពេល​សម័យ​ខ្មែរក្រហម​នោះ នឹង​ផ្តល់ជូន​នូវ​វិធានការ​សន្ដិភាព និង​យុត្តិធម៌​ទៅឱ្យ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម។

ស្ថានទូត​អាមេរិក​ក៏បាន​លើកឡើងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​គាំទ្រ​ជា​យូរ​មកហើយ​ចំពោះ​គោលដៅ នៃ​ការកាត់ទោស​អ្នក​ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត ចំពោះ​អំពើ​យង់ឃ្នង​ដែល​បាន​ប្រព្រឹត្ត​ដោយ​របប​ខ្មែរក្រហម ដែល​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជាជាង ២,២ លាន​នាក់​ក្លាយជា​ជនរងគ្រោះ និង​បាន​នាំ​ភាព​ការលំបាក វេទនា​ដល់​ប្រជាជន​កម្ពុជា​រហូតមក​ដល់ពេលនេះ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​សន្យាថា​ខ្លួន​នឹង​បន្ត​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​ការនាំយក​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា ដើម្បី​បង្ហាញ​ពីបទ​ល្មើស​យ៉ាង​រន្ធត់ នៃ​របប​ខ្មែរក្រហម និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។

សូមបញ្ជាក់ថា យោងតាម​សាលក្រម​ដែល​ប្រកាស​ដោយ លោក និល ណុន ប្រធាន​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម ដោយបាន​ប្រកាស​ផ្ទ​ន្ទា​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរក្រហម​ចំនួន​ពីររូប​គឺ លោក ខៀវ សំផន និង លោក នួន ជា ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត៕


© រក្សាសិទ្ធិដោយ thmeythmey.com