ខ្មែរ​ក្រហម
ជាតិ
លោក John Kerry ថា សាលក្រម​ម្សិល​មិញជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា
08, Aug 2014 , 4:27 pm        
រូបភាព
ដោយ:
នៅក្រោយ​ពេលដែល​សាលាក្ដី​ខ្មែរក្រហម បានប្រកាស​សាលក្រម​ដាក់ទោស​អតីត​មេដឹកនាំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​ពីររូប​រួចមក​នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក John Kerry បាន​ថ្លែង​សាលក្រម​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​បាន​រងគ្រោះ​ដោយ​អំពើ​ដែល​គួរ​ឲ្យ​រន្ធត់​បំផុត​នៅក្នុង​សតវត្ស​ទី២០ នេះ ។



លោក​បាន​បន្តថា រយៈពេល​ជាង៣០ឆ្នាំ​បន្ទាប់ពី​ពួក​ខ្មែរក្រហម​បាន​កាប់សម្លាប់​ប្រជាជន​ប្រហែល១,៧លាន​នាក់មក​នោះ​ប្រជាជន​កម្ពុជា​បានទទួល​យុត្តិធម៌​បន្តិចបន្តួច​ប៉ុណ្ណោះ។ លោក​ក៏បាន​រំលឹកថា ពិតមែនតែ​យុត្តិធម៌​អាច​នឹងមិន​បានមក​ក្នុងពេលភ្លាមៗក្តី​តែ​យុត្តិធម៌​ដាច់ខាត​ត្រូវតែមាន។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន លោក John Kerryបានលើកឡើង​ពី​ការងារ​ដែល​លោក​ធ្លាប់បាន​ចូលរួម​ធ្វើ​ក្នុងនាម​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) មួយ​នេះ​ឡើង។

ទោះជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស​រូបនេះ បានកត់សម្គាល់​ឃើញថា ការខិតខំ​ដើម្បី​កាត់ទោស​អ្នក​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឲ្យ​ខ្លាច​ទាំងនេះ​បានចាប់ផ្តើម​ដោយមាន​ការ​យឺត​ពេល​ច្រើន​ហើយ​ចាំបាច់​ត្រូវតែ​ធ្វើ។

ប៉ុន្តែ​លោក​ឲ្យ​ដឹងថា ថ្វីត្បិតតែ​មានការ​យឺតយ៉ាវ​ក្តី​សាលក្រម​នេះ​គឺជា​ជំហាន​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅលើ​មាគ៌ា​មួយ​សម្រាប់​ប្រទេស​កម្ពុជា ។ សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការខិតខំ​របស់ ECCC ដើម្បី​ធានាអោយមាន​យុត្តិធម៌​ហើយ​បំភ្លឺ​ឲ្យ​គេ​ឃើញ​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។

សូមបញ្ជាក់ថា​យោងតាម​សាលក្រម​ដែល​ប្រកាស​ដោយ លោក និល ណុន​ប្រធាន​សាលាដំបូង​នៃ​តុលាការ​ខ្មែរក្រហម​ដោយបាន​ប្រកាស​ផ្ទ​ន្ទា​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរក្រហម​ចំនួន​ពីររូប​គឺ លោក នួន ជា បងធំ​ទី២ បន្ទាប់ពី ប៉ុល ពត និង លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត៕



© រក្សាសិទ្ធិដោយ thmeythmey.com