កីឡាជាតិ
ជាតិ
៣រឿងសំខាន់ៗក្នុង​ដំណើរ​របស់​អតីត​​ជម្រើស​ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Deco មក​កម្ពុជា
09, Aug 2014 , 8:46 am        
រូបភាព
កីឡាករ Deco (អាវខ្មៅ) ថតរូបអនុស្សាវរីយ៍ជាមួយ​លោក ស សុខា និងក្រុមពិធីករ។ រូបថត ហ្វេសប៊ុក Nget Hor
កីឡាករ Deco (អាវខ្មៅ) ថតរូបអនុស្សាវរីយ៍ជាមួយ​លោក ស សុខា និងក្រុមពិធីករ។ រូបថត ហ្វេសប៊ុក Nget Hor
ដោយ:
អតីត​កីឡាករ​បាល់ទាត់​ក្នុង​ឈុត​ជម្រើសជាតិ​ព័រ​ទុ​ហ្គា​ល់​ចាប់ពី​ឆ្នាំ ២០០៣ ដល់ ២០១០ គឺ Anderson Luís de Souza ដែល​គាំទ្រ​ស្គាល់​ថា​ជា Deco បាន​មកដល់​ប្រទេស​កម្ពុជា​ចំនួន ២ ថ្ងៃ​ហើយ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ Tiger Street Football 2014នៅ​សួន​មុខ​វត្ត​បទុម​វ​តី​ក្នុង​រាជធានី​ភ្នំពេញ។



ខាងក្រោម​រឿង ៣ យ៉ាងសំខាន់ៗ ដែល​អ្នក​ត្រូវ​ដឹង​ពី​ដំណើរ​របស់ Deco មក​កម្ពុជា​គឺ៖

១) Decoជា​ឯកអគ្គរាជទូត​របស់​ក្រុម​ពានរង្វាន់ Tiger Street Football ហើយ​គេ​មាន​នាទី​ផ្សព្វផ្សាយ​ពានរង្វាន់​នេះ​ដែល​រៀបចំ​វគ្គ​ជម្រុះ​នៅ​ប្រទេស​កម្ពុជា, ម៉ុង​ហ្គោ​លី និង វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ប្រទេស​សិង្ហ​បុរី។

២) កីឡាករ​មួយចំនួន​អាច​លេង​បាល់​កម្សាន្ត​ជាមួយ Deco បាន​នៅលើ​ទីលាន Tiger Street Football ហើយ​ជាពិសេស​នោះ ចំនួន​កីឡាករ ៦ នាក់ នឹង​ជ្រើស​ឱ្យចូល​លេង​ក្នុង​ក្រុម Deco Star Selection ដែល​ប្រកួត​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ឯ​ប្រទេស​សិង្ហ​បុរី។

៣) សម្ដីសំខាន់ៗ របស់ Deco ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ៖ «មកកាន់​ប្រទេស​តំបន់​អាស៊ី​នេះ​ធ្វើឱ្យ​ខ្ញុំ​មានឱកាស​ចែករំលែក ផ្លាស់ប្ដូរ​បទពិសោធន៍ ជំនាញ និង បច្ចេកទេស​លេង​បាល់​របស់ខ្ញុំ​ជាមួយ​កីឡាករ​ទាំង​កម្ពុជា និង កីឡាករ​របស់​ប្រទេស​មួយចំនួន។ ខ្ញុំ​សង្ឃឹមថា​ពានរង្វាន់​នេះ​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា និង អាច​ស្វែងរក​កីឡាករ​មាន​ទេពកោសល្យ​មក​បណ្ដុះបណ្ដាល​បន្ថែម»។

បេសកកម្ម​របស់​អតីត​កីឡាករ​ក្រុម Porto, Barcelona, Chelsea ខាងលើ​នឹង​បញ្ចប់​នៅថ្ងៃនេះ​ក្រោយ​ប្រកួត​ជម្រុះ​គូ​អន្តរជាតិ​រួចរាល់។ គូ​អន្តរជាតិ​ថ្ងៃនេះ​មាន កម្ពុជា ២ ក្រុម, សិង្ហ​បុរី ២ ក្រុម, ម៉ុង​ហ្គោ​លី ២ ក្រុម, វៀតណាម ១ ក្រុម និង អូស្ត្រាលី ១ ក្រុម។ រូបគេ​នឹង​បន្ត​ចេញទៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី នា​ថ្ងៃទី ២៣ ខែសីហា​ខាងមុខ និង ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០១៤ នៅ​ប្រទេស​សិង្ហ​បុរី៕
 



© រក្សាសិទ្ធិដោយ thmeythmey.com