សុខភាព
អន្តរជាតិ
ថ្នាំ​បង្កា​​មេ​រោគ​អេ​បូ​ឡា​នឹង​ត្រូវ​សាក​ល្បង​នៅ​ខែ​ក្រោយ និង​អាច​រួច​រាល់​ត្រឹម​ឆ្នាំ​២០១៥
10, Aug 2014 , 12:25 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ធ្វើ​តេស្តិ៍​ទៅ​លើ​​ថ្នាំ​ការ​ពារ​​វី​រុស​អេ​បូ​ឡា ដែល​ត្រូវ​បាន​ឱ​សថ​​ស្ថាន​ចក្រ​ភព​អង់​គ្លេស GlaxoSmithKline អះអាងថា អាច​នឹង​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ ហើយ​អាច​នឹង​ដាក់​លក់​បាន​នៅ​ត្រឹម​ឆ្នាំ​២០១៥​។ នេះ​បើ​យោង​ទៅ​តាម​​អង្គ​ការ​សុខ​ភាព​ពិភព​​លោក (WHO) កាល​ពី​ថ្ងៃ​សៅរ៍​។



លោក Jean-Marie Okwo Bele ប្រធាន​​ថ្នាំ​បង្កា និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់ WHO បាន​ប្រាប់​វិទ្យុ​បារាំង​​ថា៖ «យើង​កំ​ពុង​តែ​កំណត់​យក​ខែ​​កញ្ញា​សម្រាប់​​​ការ​ចាប់​ផ្តើម​សាក​​ល្បង ដោយ​លើក​ទី​១​នៅ​​សហ​រដ្ឋ​អាមេ​រិក និង​នៅ​​ប្រទេស​អាហ្វ្រិក ពី​ព្រោះ​នៅ​ទី​នោះ​​​យើង​មាន​ករណី​នេះ​»​។

លោក​បាន​ឲ្យ​ដឹង​ថា លោក​មាន​សុទិ​ដ្ឋិ​និយម​អំ​ពី​ការ​ធ្វើ​ឲ្យ​ថ្នាំ​បង្កា​នេះ​អាច​រក​ជាវ​បាន​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​គិត​ថា ប្រសិន​បើ​យើង​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា យើង​អាច​នឹង​​មាន​លទ្ធ​ផល​រួច​រាល់​នៅ​​ត្រឹម​ចុង​ឆ្នាំ​នេះ​។ ព្រោះ​​តែ​នេះ​ស្ថិត​ក្នុង​​ភាព​បន្ទាន់ យើង​អាច​​នឹង​ដាក់​ដំ​ណើរ​ការ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហេតុ​នេះ​យើង​អាច​នឹង​មាន​ថ្នាំ​បង្កា​នៅ​ត្រឹម​ឆ្នាំ​២០១៥​»​។

បច្ចុប្បន្ន វា​មាន​​ថ្នាំ​ព្យា​បាល ឬ​បង្កា​សម្រាប់​​ជំងឺ​អេ​បូ​ឡា​ឡើយ ហើយ​នេះ​ជា​មេ​រោគ​មួយ​ដែល​​ធ្វើ​ឲ្យ​មាន​គ្រុន​ក្តៅ​​​ធ្ងន់​ធ្ងរ ហើយ​​ករណី​​កាន់​តែ​ធ្ងន់​ធ្ងរ​បំផុត​​នោះ​ ​គឺ​ថា អ្នក​ជំ​ងឺ​នឹង​ហូរ​ឈាម​មិន​ឈប់​។ ជំ​ងឺ​នេះ​បាន​ឆក​យក​ជីវិត​មនុស្ស​​ជិត​១០០០​នាក់​ហើយ​ក្នុង​ការ​រាត​ត្បាត​នា​ពេល​ថ្មី​ៗ​នេះ​ទូ​ទាំង​តំបន់​អាហ្វ្រិក​ខាង​លិច​ឆ្នាំ​នេះ​។ អត្រា​នៃ​អ្នក​ស្លាប់​អាច​នឹង​កើន​ដល់​៩០​ភាគ​រយ បើ​ទោះ​​បី​ការ​ផ្ទុះ​ឡើង​នៃ​ជំ​ងឺ​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​៥៥ ទៅ​៦០​ភាគ​រយ​ក្នុង​ចំ​ណោម​អ្នក​ដែល​ផ្ទុក​ក៏​ដោយ​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com