កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Man City ប្រកួត​ដណ្តើមពាន Community Shield នា​រាត្រី​នេះ
10, Aug 2014 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​ការបញ្ចប់​ភាពស្រពេចស្រពិលផ្សេងៗតាមរយៈ​ការ​ឈ្នះ​ពាន FA Cup ក្រុម Arsenal នឹងត្រូវ​ទៅ​ប្រកួត​ដណ្តើមពាន Community Shield នៅ​រាត្រី​នេះ​ជាមួយនឹង​ក្រុម Manchester City ខណៈដែល​ពួកគេ​កំពុង​តែមាន​សុទិដ្ឋិនិយម​ជាមួយនឹង​ការជឿជាក់​ថា បច្ចុប្បន្ន ពួកគេ​គឺជា​ក្រុម​ដ៏​ខ្លាំង​សម្រាប់​ការ​ប្រជែង​ដណ្តើមពាន Premier League។



ការទទួល​ជ័យជម្នះ ៣-២ កាលពី​ខែឧសភា លើ​ក្រុម Hull City បានបញ្ចប់​រយៈពេល​នៃ​ការមិន​ឈ្នះ​ពានរង្វាន់​សោះ​រយៈពេល៩ឆ្នាំ​សម្រាប់​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ ហើយ​ស្របពេល​ដេ​ល​ពួកគេ​វិល​ទៅកាន់​កីឡដ្ឋាន Wembley Stadium វិញ Arsenal កំពុងតែ​កំណត់​គោលដៅ​របស់​ពួកគេ​ទៅលើ​ការ​ឈ្នះ​ពានរង្វាន់​ធំ​ជាង​នេះ​បន្ថែមទៀត។

ការទទួល​ជ័យជម្នះ ៦-៣ លើ​ក្រុម Manchester City កាលពី​រដូវ​កាល​មុន បាន​បង្កើត​ឲ្យ​មាន​ផលវិបាក​ដ៏​ធំ​ដែល​រារាំង​ដល់​ការ​ប្រជែង​ដណ្តើមពាន​របស់​ក្រុម​លោក Arsene Wenger ប៉ុន្តែ ជាមួយនឹង​ការ​មាន​ពានរង្វាន់​មួយ​រួចជាស្រេច​ក្នុង​ក្រុម​របស់​ពួកគេ វា​មាននូវ​ការជឿជាក់​ថ្មី​មួយ​នៅ​កីឡដ្ឋាន Emirates នៅ​រដូវ​កាល​នេះ។

ខ្សែបម្រើ Alex Oxlade-Chamberlain បាន​ប្រាប់​អ្នកកាសែត​នៅ​សប្តាហ៍​នេះ​ថា៖ «វា​មាន​ភាពអវិជ្ជមាន​បន្តិច​បន្តួច​អំពី Arsenal ដែល​មិន​បានឈ្នះ​អ្វី​សោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ប៉ុន្តែ តាមរយៈ​បញ្ហា​នោះ បើ​គិត​ចាប់តាំងពី​ខ្ញុំ​បាន​ចូលរួម​ជាមួយនឹង​ក្លិប​នេះ យើង​តែងតែ​ជឿជាក់ថា វា​នឹង​កើនឡើង​នាពេលឆាប់ៗនេះ»។

កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា៖ «រឿង​ពិត​នោះ បានកើត​ឡើង (តាមរយៈ​ការ​ឈ្នះ​ពាន FA Cup) ខ្ញុំ​មិនដឹងថា វា​ជា​ជំនឿ ឬ​យ៉ាងណា​ឡើយ ប៉ុន្តែ វា​ជា​ពានរង្វាន់​ដ៏​ពិ​សេសមួយ​សម្រាប់​ការបំពេញ​ការងារ​ដ៏​លំបាក និង​តឹងតែង​ដែល​យើង​ត្រូវតែ​បង្ហាញ»។

កាលពី​ថ្ងៃ​ម្សិលមិញ Arsenal និង Barcelona បាន​ព្រមព្រៀងគ្នា​ជា​ផ្លូវការ​ចំពោះ​ការផ្ទេរ​ប្រធាន​ក្រុម Thomas Vermaelen ទៅកាន់​ទឹកដី Camp Nou។ បើតាម​ប្រភព​នានា ខ្សែការពារ​បែលហ្ស៊ិក​រូបនេះ មានតម្លៃ​ខ្លួន១៥លាន​ផោន ជាមួយនឹង​កិច្ចសន្យា​រយៈពេល៥ឆ្នាំ។

ការប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង៩យប់៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com