សុខភាព
អន្តរជាតិ
WHO យល់ព្រម​ឲ្យ​ប្រើប្រាស់​ថ្នាំ​ពិសោធន៍​អេ​បូ​ឡា​ ​ខ​ណៈ​ដែល​អ្នកស្លាប់​កើ​ន​​​ជា​ង​១​០​០​០​នា​ក់​
13, Aug 2014 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ

អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO កាលពី​ថ្ងៃ​អង្គារ​បានអនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​ឱសថ​ពិសោធ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អេ​បូ​ឡា ខណៈដែល​ចំនួន​មនុស្ស​ស្លាប់​សរុប​បាន​កើន​ច្រើនជាង១.០០០នាក់ ហើយ​បព្វជិត​អេ​ស្ប៉ា​ញ​ម្នាក់​បាន​ក្លាយជា​ជនជាតិ​អឺរ៉ុប​ដំបូង​គេ​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​នូវ​មេរោគ​មួយ​នេះ។



ការប្រកាស​ដោយ​ភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ បានកើត​ឡើង ក្រោយពី​ក្រុមហ៊ុន​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​ផលិត​ថ្នាំ​ពិសោធ​មួយ បាន​ឲ្យ​ដឹងថា ពួកគេ​បាន​បញ្ជូន​រាល់​ការ​ផ្ត​ត់​ផ្ត​ង់​ទាំងអស់​ទៅកាន់​តំបន់​អាហ្វ្រិក​ខាងលិច​ដែលជា​កន្លែង​រង​ការវាយប្រហារ​ខ្លាំង។

ក្រោយពី​កិច្ចប្រជុំ​របស់​មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​នៅ​ទីក្រុង​ហ្សឺ​ណែវ WHO បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្នុង​កាលៈទេសៈ​ដ៏​សំខាន់​នៃ​ការផ្ទុះ​ជំងឺ​នេះ ហើយ​ប្រសិនបើ​លក្ខខណ្ឌ​ចាំបាច់ផ្សេងៗត្រូវបាន​ឆ្លើយតប... វា​ជាការ​បង្ហាញ​ពី​ក្រមសីលធម៌​ក្នុងការ​ផ្តល់នូវ​ការអន្តរាគមន៍​ដោយ​មិនជា​ក់លាក់ ខណៈដែល​ប្រសិទ្ធិភាព និង​ឥទ្ធិពល​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ»។

WHO បាន​ឲ្យ​ដឹងថា ការផ្ទុះ​នូវ​មេរោគ​នាពេល​បច្ចុប្បន្ននេះ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​រឿង​ដ៏​អាក្រក់​បំផុត​បើ​គិត​ចាប់តាំងពី​ជំងឺ​អេ​បូ​ឡា​ត្រូវបាន​គេ​រកឃើញ​ជា​លើក​ទី១ក្នុង​រយៈពេល៤ទសវត្សរ៍​កន្លងទៅ បានសម្លាប់​មនុស្ស​ចំនួន១.០១៣នាក់​មកហើយ។ មកទល់ពេលនេះ ករណីផ្សេងៗ ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ហ្គី​ណេ លី​ប៊ឺ​រី សេ​រ៉ា​ឡេ​អុង និង​នី​ហ្សេ​រី​យ៉ា ដែល​សុទ្ធសឹង​ជា​ប្រទេស​ស្ថិតនៅ​អាហ្វ្រិក​ខាងលិច និង​ជា​កន្លែង​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ និង​ស្ថិតក្នុង​កម្រិត​ដ៏​ទាប។

បព្វជិត​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​បាន​ផ្ទុក​ជំងឺ​អេ​បូ​ឡា ខណៈដែល​កំពុង​ជួយ​អ្នកជំងឺ​នៅ​លី​ប៊ឺ​រី​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ កាលពី​ថ្ងៃ​អង្គារ ត្រឹមតែ​រយៈពេល៥ថ្ងៃ ក្រោយពី​ត្រូវបាន​ជម្លៀសចេញ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com