កីឡាជាតិ
ជាតិ
ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​កោតសរសើរ​ស្មារតី​ជា​ក្រុម​របស់ U21កម្ពុជា
16, Aug 2014 , 9:48 pm        
រូបភាព
លោក ឆាយ សុខន (ស្តាំ) លោកគ្រូបង្វឹក Lee Tae Hoon និង លោក ឆាំង ពិសិដ្ឋ អ្នកដឹកនាំក្រុម​ U21 នាពិធី​ជួបជុំនៅ​ស្ថានទូត
លោក ឆាយ សុខន (ស្តាំ) លោកគ្រូបង្វឹក Lee Tae Hoon និង លោក ឆាំង ពិសិដ្ឋ អ្នកដឹកនាំក្រុម​ U21 នាពិធី​ជួបជុំនៅ​ស្ថានទូត
ឆាយ សុខន ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ប្រ៊ុយណេ បាន​អបអរ​ចំពោះ​ជ័យជម្នះ​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម២១ឆ្នាំ​កម្ពុជា បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ២-១ លើ​ឥណ្ឌូនេស៊ី កាលពី​រសៀល​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ ក្នុង​ព្រឹត្តិការណ៍ Hassanal Bolkiah Trophy។



លោក ឆាយ សុខន ដែល​បាន​ទស្សនាការ​ប្រកួត​ផ្ទាល់​នៅ​កីឡដ្ឋាន Hassanal Bolkiah National Stadium បានបញ្ជាក់​ប្រាប់​គេហទំព័រថ្មីៗ ក្រោយ​ការប្រកួត​ថា៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ក្រុម U21 របស់​យើង ដែល​កំពុង​លេង​នៅក្នុង​ប្រទេស​ប្រ៊ុយណេ។ ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ស្មារតី​ជា​ក្រុម​នៃ​ឈុត U21 របស់​យើង»។

លោក មាស ចាន់ណា ជំនួយការ​គ្រូបង្វឹក​ក៏បាន​បញ្ជាក់ប្រាប់​គេហទំព័រថ្មីៗផងដែរ​ថា ទាំង​កីឡាករ ទាំង​គ្រូបង្វឹក​សុទ្ធតែ​មានការ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​នាំ​ជ័យជម្នះ​ជូន​ជាតិ។ លោក​ក៏បាន​បញ្ជាក់​ផងដែរ កម្លាំងចិត្ត​ដ៏​សំខាន់​នោះ គឺ​ការលើកទឹកចិត្ត​របស់​ក្រុម​អ្នកគាំទ្រ រួមទាំង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជាពិសេស​ការឧបត្ថម្ភផ្សេងៗរបស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ប្រ៊ុយណេ។

លោក ឆាយ សុខន បាន​បញ្ជាក់ថា ការជួយ​គាំទ្រ ជាពិសេស​ម្ហូបអាហារ​ដល់​ក្រុម U21 គឺ​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​ការលើកទឹកចិត្ត​ពួកគេ​ប៉ុណ្ណោះ ទោះបីជា​យ៉ាងណាក៏ដោយ លោក​ទទួលស្គាល់ថា ក្រុម​ទាំងមូល​មិនសូវ​ត្រូវមាត់​ជាមួយ​ម្ហូបអាហារ​ម៉ា​ឡេ ឬ​ប្រ៊ុយណេ​នោះឡើយ។

នៅក្នុង​ពូ​ល B កម្ពុជា​ត្រូវ​ជួប​ជាមួយ​វៀតណាម​នៅ​ថ្ងៃ​ចន្ទ ហើយ​ការទទួលបាន​ជ័យជម្នះ​នឹង​នាំ​ឲ្យ​កម្ពុជា​ទទួល​កន្លែង​មួយ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ អ្នកចាំទី អ៊ុំ វិចិត្រ និង​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មាន​បញ្ហា​របួស​នា​ជំនួប​ជាមួយ​ឥណ្ឌូនេស៊ី ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​លោក មាស ចាន់ណា ពួកគេ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com