កីឡាជាតិ
ជាតិ
ស្តេច​ប្រ៊ុយណេ​​ប្រទាន​​១០០០​ដុល្លារ​ដល់​រាល់​​សមាជិក​​ក្រុមបាល់​​ទាត់​​ទាំងអស់
17, Aug 2014 , 6:39 pm        
រូបភាព
ដោយ: រួបរួម
ព្រះ​ចៅ​ស៊ុ​លត​ង់​ប្រ៊ុយណេ Hassanal Bolkiha ព្រះជន្ម៦៨ព្រះវស្សា បានផ្តល់​ប្រាក់រង្វាន់​ទុកជា​អនុស្សាវរីយ៍​ដល់​សមាជិក​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់ Hassanal Bolkiah Trophy ឆ្នាំ២០១៤ នៅក្នុង​ប្រទេស​ប្រ៊ុយណេ ដោយម្នាក់ៗទទួលបាន​ចំនួន១០០០ដុល្លារ​អាមេរិក។



លោក ឆាំង ពិសិដ្ឋ អ្នកដឹកនាំ​ក្រុម U-21 កម្ពុជា បាន​ប្រាប់​គេហទំព័រថ្មីៗពី​រាជធានី​បង់​ដា​សិរិ​បេ​ហ្គា​វ៉ាន នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ថា ព្រះ​ចៅ​ស៊ុ​លត​ង់​ប្រ៊ុយណេ បាន​ប្រទាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រី គ្រូបង្វឹក​នឹង​កីឡា​ទាំងអស់​ម្នាក់១០០០ដុល្លារ​អាមេរិក។

លោក​បាន​បញ្ជាក់ថា៖ «ក្រុម​កម្ពុជា​យើង​មាន​ចំនួន២៤នាក់​ទទួលបាន​ប្រាក់២៤០០០ដុល្លារ​អាមេរិក មានន័យថាម្នាក់ៗទទួលបាន១០០០ដុល្លារ។ ក្រុមផ្សេងៗក៏​ទទួលបាន​ដូចគ្នា​ផងដែរ ឧទាហរណ៍​ឥណ្ឌូនេស៊ី ដែលមាន​គ្នា៣៤នាក់ ត្រូវ​ទទួលបាន៣៤០០០ដុល្លារ​អាមេរិក»។

ព្រះ​ចៅ​ស៊ុ​លត​ង់​នៃ​ព្រះរាជាណាចក្រ​ប្រេង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អង្គ​នេះ បាន​ផ្តួចផ្តើម​បង្កើត​ព្រឹត្តិការណ៍​បាល់ទាត់ Bolkiah Hassanal ចាប់តាំងពី​ឆ្នាំ២០០២ មកម្ល៉េះ ហើយ​នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី៥ ខណៈ​កម្ពុ​ជាមាន​វត្តមាន​ជា​លើក​ទី​បួន។

សម្រាប់​កម្ពុជា​ក្រៅពី​ទទួលបាន​ប្រាក់រង្វាន់​ជា​លក្ខណៈ​បុគ្គលម្នាក់១០០០ដុល្លារ​ពី​ស្តេច​ប្រ៊ុយណេ ក្រុម​ទាំងមូល​នឹង​ទទួលបាន​ប្រាក់រង្វាន់​យ៉ាងហោចណាស់១៥០០០ដុល្លារ​ដែលជា​ការសន្យា​របស់ ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​កម្ពុជា (BIDC) និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)។ BIDC សន្យា​ឧបត្ថម្ភ២០០០ដុល្លារ ខណៈ FFC ផ្តល់៣០០០ដុល្លារ​សម្រាប់​រាល់​ជ័យជម្នះ​នៃ​ក្រុម U21កម្ពុជា ដែល​កន្លងមក​ពួកគេ​បានឈ្នះ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី។

យោងតាម​ការផ្សាយ​រប​ស់ទ​ស្សនា Forbes កាលពី​ឆ្នាំ២០១១ ព្រះ​ចៅ​ស៊ុ​លត​ង់ Hassanal Bolkiah មាន​រាជសម្បត្តិ​ជាង២០ពាន់​លាន​ដុល្លា​អាមេរិក។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ព្រះអង្គ​ចូលចិត្ត​ប្រមូល​ទិញ​របស់របរ​ដែលមាន​តម្លៃ​ខ្ពស់កប់ពពក​លើ​លោក ដូចជា​រថយន្ត Lamborghini , Bentley , Ferrari , Bugatti និង Rolls-Royce ជាដើម។
ព្រះអង្គ​មាន​ទីលានកីឡា​វាយកូនគោល កីឡា​វាយ​សី អាង​ហែល​ទឹក Polo យន្តហោះ និង​អចលនទ្រព្យ ផ្ទាល់​ជាច្រើន។ ដំណាក់​របស់​ព្រះអង្គ​មាន១៨០០បន្ទប់​ដែលមាន​ទំហំ​ធំជាងគេ​លើ​ពិភពលោក។

កាលពីពេល​ថ្មី​នេះ បណ្តាញ​ព័ត៌មាន​នានា​លើ​ពិភពលោក​បាន​រាយការណ៍​ថា ស្តេច​ស៊ុ​ល​តង់​បានដាក់​លុយ​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ដេញថ្លៃ​ទិញ​សណ្ឋាគារ​ចំណាស់១០៧ឆ្នាំ New York’s Plaza Hotel និង​សណ្ឋាគារ London's Grosvenor House ផងដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com