សុខភាព
អន្តរជាតិ
ករណី​សង្ស័យ​មេរោគ​អេ​បូ​ឡា​មកដល់​មី​យ៉ាន់​ម៉ា និង​វៀតណាម
20, Aug 2014 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
វៀតណាម​កំពុងតែ​ត្រួតពិនិត្យ​លើ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ពីររូប​ដែល​សង្ស័យថា​បាន​ឆ្លង​ជំងឺ Ebola បន្ទាប់ពី​ពួកគេ​មកដល់​ទីក្រុង​ហូជីមិញ​តាម​ជើងហោះហើ​យ​មួយ ហើយ​ពួកគេ​មាន​អាកា​រៈ​គ្រុនក្តៅ​ផងដែរ។ ក្រសួងសុខាភិបាល​វៀត​ណា​ម បញ្ជាក់ថា គេ​កំពុង​តាមដាន​មើល​អាការ​អ្នកជំងឺ​ទាំងពីរ​នាក់ ហើយ​បន្ត​ត្រួតពិនិត្យ​មើលថា​ពួកគេ​មាន​ឆ្លង​ជំងឺ​Ebolaដែរឬទេ។ចំណែក​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ក៏មាន​ករណី​អ្នកដំណើរ​មាន​អាកា​រៈ​គ្រុនក្តៅ​ខ្លាំង​ដូចគ្នា​ដែរ។


ស្តាប់លោក មុំ ពិទូរ្យ លម្តិតព័ត៌មាននេះ



ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​បញ្ជាក់ថា ខ្លួន​កំពុងតែ​ត្រួតពិនិត្យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ពីរ​នាក់​ដែល​ទើប​មកដល់​ទីក្រុង​ហួ​ជី​មី​ញថ្មីៗតាមរយៈ​ជើ់ងហោះហើរ​មួយ ដែល​ពួកគេ​ទាំងពីរ​នាក់​មាន​អាការ​គ្រុនក្តៅ​គួរអោយ​សង្ស័យ។ មកទល់ពេលនេះ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំងពីរ​នាក់​កំពុង​ស្ថិតក្រោម​ការតាមដាន និង​ត្រួតពិនិត្យ​រក​មេរោគ Ebola នៅក្នុង​ខ្លួន​របស់​ពួកគេ។

មន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បានអោយដឹងថា អ្នកដំណើរ​ទាំងពីរ​នា​ក់ មិនមាន​រោគសញ្ញា​អ្វី​ផ្សេង​ទៀតឡើយ ក្រៅពី​គ្រុនក្តៅ​នេះ តែ​ពួកគេ​នៅតែ​ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់​ភាគខាងត្បូង ប្រទេស​វៀតណាម។

ចំណែក​អ្នកដំណើរ​ដែល​អង្គុយ​ក្បែរ​អ្នកជំងឺ​ពីរ​នាក់​នេះ ក៏ត្រូវ​បាន​គេ​ផ្តល់​អនុសាសន៍​អោយ​ត្រួតពិនិត្យ​សុខភាព​របស់​ពួកគេ​ដូចគ្នា​ដែរ ដើម្បី​ធានាថា​ពួកគេ​មិនមាន​ឆ្លង​ជំងឺ​នេះ​ទេ។ នៅក្នុង​អាកាស​យាន្ត​ដ្ឋា​ន​របស់​វៀតណាម​មាន​បំពាក់​ឧបករណ៍​សម្រាប់​ស្ទង់កំដៅ​ដើម្បី​ត្រួតពិនិត្យ​អ្នកដំណើរ​ដែល​ឆ្លងកាត់ និង​ធ្វើដំណើរ​ពី​គ្រប់​ទីកន្លែង​លើ​ពិភពលោក។

 វិធាន​ការដាក់​ឧបករណ៍​ស្ទង់កំដៅ​នេះ ពិត​ជាមាន​ប្រយោជន៍​សម្រាប់​ការការពារ​មិនអោយ​អ្នកដំណើរ​ដែលមាន​ផ្ទុកមេរោគ ឬ​ជំងឺ​នានា​អាច​ចម្លង​ទៅអោយ​មនុស្ស​ដទៃ​ផ្សេងទៀត​នៅក្នុង​ប្រទេស។ វិធានការ​រឹតបន្តឹង និង​ការពារ​នេះ ត្រូវបាន​គេ​រៀបចំឡើង​ក្រោយ​ពេលដែល​ការឆ្លង​មេរោគ​កាច​សាហាវ Ebola កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែល​បណ្តាលអោយ​មនុស្ស​ជាង ១០០០នាក់​ស្លាប់បាត់​បង់ជីវិត។

ចំណែក​នៅក្នុង​ប្រទេស​ថៃ​ឯនោះ​វិញ គេ​ឃើញ​មានការ​រឹតបន្តឹង​លើ​ជើងហោះហើរ​ដូចគ្នា  ហើយ​វិធានការ​ការពារ​ជាច្រើន​ត្រូវបាន​ដាក់ចេញ​នៅតាម​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ក្នុងប្រទេស​ថៃ។ ទោះជា​យ៉ាងណាក៏ដោយ ខាង​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ បាន​បញ្ជាក់ថា​មិនទាន់មាន​អ្នក​ឆ្លង​មេរោគ Ebola ណា​ម្នាក់​ធ្វើដំណើរ​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ថៃ​ឡើយ​មកទល់ពេលនេះ ប៉ុន្តែ​ខាង​ក្រុមហ៊ុន និង​បណ្តា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​កំពុង​រៀបចំ​វិធានការ​ចាំបាច់​ផ្តល់​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​រក្សា​សុវត្ថិភាព​អ្នកដំណើរ និង​អ្នក​បម្រើការ​លើ​យន្តហោះ​ផងដែរ។

 រីឯ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ក៏មាន​ករណី​សង្ស័យ​ឆ្លង​មេរោគ Ebolaនេះដែរ ដោយមាន​អ្នកដំណើរ​ម្នាក់​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ​មកកាន់​ទីក្រុង​រ៉ង់​ហ្គូ​ន ហើយ​មាន​អាកា​រៈ​គ្រុនក្តៅ​ខ្លាំង។ អ្នកដំណើរ​ម្នាក់​នោះ​ត្រូវបាន​គេ​អះអាងថា​ធ្លាប់ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ហ្គី​ណេ និង​ប្រទេស​លី​ប៊ី។

ដោយឡែក​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​ឯនោះ​វិញ ប្រទេស​លី​បេ​រី ក្រៅពី​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន និង ប្រកាស​រដ្ឋ​ដាក់​ក្នុង​ភាពអាសន្ន ប្រទេស​នេះ​ក៏​សម្រេច​ដាក់​បម្រាម​គោចរ​ពេល​រាត្រី​ចាប់ពី​ម៉ោង ៩ យប់ ដល់​ម៉ោង ៦ភ្លឺ​ថែម​ទៀតផង។

លោកស្រី​ប្រធានាធិបតី​លី​បេ​រី Ellen Johnson បានអោយដឹងថា រាល់កន្លែង​កម្សាន្ត​ពេល​រាត្រី​នានា​នៅក្នុង​ប្រទេស​ត្រូវ​បិទ​ទាំងអស់​ដើម្បី​ធានាថា​មិនមាន​ប្រជា​ជនណាម្នាក់​ចេញ​ដើរហើរ​នៅពេល​រាត្រី​នោះឡើយ។ ចំពោះ​ការដាក់​បម្រាម​គោចរ​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​អាជ្ញាធរ​លី​បេ​រី ក្រោយ​ពេលដែល​អ្នក​ឆ្លង​ជំងឺ Ebola ១៧នាក់​ដែល​បាត់​ខ្លួន​ពី​មជ្ឈមណ្ឌល​សុខាភិបាល​កាលពី​ថ្ងៃ​សៅរ៍​ត្រូវបាន​គេ​រកឃើញ​វិញ។

នៅក្នុង​ប្រទេស​លី​បេ​រី ការឆ្លង​មេរោគ​នេះ​មាន​កម្រិត​ខ្ពស់ និង​រហ័ស​ជាងគេ ដោយសារតែ​អាជ្ញាធរ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​សាកសព​អ្នកស្លាប់​ដោយសារ​មេរោគ Ebolaនេះ។ គេ​ឃើញ​មាន​សាកសព​អ្នកស្លាប់​នៅ​ដេក​រញ៉េរញ៉ៃ​តាមផ្លូវ​ដោយ គ្មាន​ការ​កប់​ឬ​ដុត​អោយបាន​ត្រឹមត្រូវ​ឡើយ ដែល​នេះ​វា​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​បំផុត។ 

នៅក្នុង​ប្រទេស​លី​បេ​រី​អ្នកស្លាប់​ដោយសារ​ឆ្លង​មេរោគ​នេះ កើនឡើង​ដល់៤៦៦នាក់​ហើយ ខណៈពេលដែល​នៅក្នុង​ប្រទេស​ហ្គី​ណេ អ្នកស្លាប់​មាន​ត្រឹម៣៩៤នាក់ និង​សេ​រ៉ា​ឡេ​អូន មាន៣៦៥នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ​អ្នកជំងឺ​ដែល​ឆ្លង​ថ្មី ត្រូវបាន​គេ​ដាក់អោយ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ហើយនឹង​ទទួលបាន​នូវ​ការចាក់​ថ្នាំ​សាកល្បង​ដើម្បី​ព្យាបាល​ផងដែរ៕

ប្រែ​សម្រួល​ដោយ សៅ ផល​និស្ស័យ


© រក្សាសិទ្ធិដោយ thmeythmey.com