កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinho ថា Costa ជា​ខ្សែប្រយុទ្ធ​ពេញលេញ ខណៈ Chelsea ផ្តួល Everton
31, Aug 2014 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Chelsea បានចាត់ទុក Diego Costa ថា ជា​ខ្សែប្រយុទ្ធ​ពេញលេញ​ម្នាក់ ក្រោយពី​ការទទួល​ជ័យជម្នះ ៦-៣ នៃ​ក្រុម​របស់លោក​លើ​ក្រុម Everton ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ លោក​មានការ​ខ្វល់ខ្វាយ​ថា កីឡាករ​នៃ​ក្រុម​បដិបក្ខ នឹង​ព្យាយាម​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ទទួល​កាត​ក្រហម​បណ្តេញចេញ។



ខ្សែប្រយុទ្ធ​ដើមកំណើត​ប្រេ​ស៊ី​ល Costa បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុងការ​ប្រកួត​ដ៏​រំភើប​មួយ​នៅ​កីឡដ្ឋាន Goodison Park ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់គេ​មាន៤គ្រាប់​ក្នុងចំណោម៣ប្រកួត និង​បាន​រក្សា​ការទទួល​ជ័យជម្នះ​របស់​ក្រុម Chelsea នៅ​ដើមរដូវ​កាល​នេះ។

លោក Mourinho បាន​ទិញ Costa ក្នុងតម្លៃ​ខ្លួន៣២លាន​ផោន (ស្មើនឹង៥៣,១លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Atletico Madrid អំឡុងពេល​បិទ​រដូវ​កាល​ដើម្បី​បន្ថែម​ភាព​មុត​ស្រួច​បន្ថែមទៀត​ដល់​ក្រុម Chelsea ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន៧១គ្រាប់​កាលពី​រដូវ​កាល​មុន។ តួលេខ​នេះ​បាន​តាម​ពីក្រោយ​ក្រុម​ម្ចាស់​ជើងឯក Manchester City (ដែល​រកបាន១០២គ្រាប់) និង​ក្រុម​ជើងឯក​រង Liverpool (១០១គ្រាប់) កាលពី​រដូវ​កាល​មុន ប៉ុន្តែ លោក Mourinho រំពឹងថា នឹងមាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាង​នេះ​ក្នុង​ក្រុម​របស់លោក។

លោក Mourinho បាន​ឲ្យ​ដឹងថា៖ «វា​ជាការ​បង្ហាញ​ពី​ទម្រង់​លេង​ពេញលេញ​មួយ​របស់​ខ្សែប្រយុទ្ធ​ម្នាក់។ ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​នេះ​មាន​គ្រប់​ទិដ្ឋភាព​ទាំងអស់។ Diego មានឱកាស​បី​លើក ហើយ​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី២គ្រាប់។ រូបគេ​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់ ហើយ​គេ​ផ្តល់​ឲ្យ​យើង​ឱកាស​ជាច្រើន។ នៅ​ចុងបញ្ចប់​យើង​ជា​អ្នក​សម្លាប់​នៅ​តំបន់​ប្រយុទ្ធ»៕

លទ្ធផល​នៃ​ការប្រកួត​គូ​ផ្សេងទៀត
Burnley 0-0 Manchester United
Manchester City 0-1 Stoke City
Newcastle Utd 3-3 Crystal Palace
QPR 1-0 Sunderland
Swansea 3-0 West Brom
West Ham 1-3 Southampton


© រក្សាសិទ្ធិដោយ thmeythmey.com