សុខភាព
អន្តរជាតិ
WHO៖ អ្នក​ស្លាប់​ដោយ​សា​ជំ​ងឺ​អេ​បូ​ឡា​កើន​ច្រើន​ជាង​១.៩០០​នាក់​ហើយ
04, Sep 2014 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
អង្គ​ការ​សុខ​ភាព​ពិភព​លោក​ហៅ​កាត់​ថា WHO បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា មនុស្ស​ច្រើន​ជាង​​១.៩០០​នាក់​ហើយ​បាន​ស្លាប់​ដោយ​សា​តែ​ជំ​ងឺ​អេ​​បូ​ឡា​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច និង​បាន​ព្រមាន​ថា ការ​ផ្ទុះ​នូវ​ជំ​​ងឺ​ដ៏​​កាច​សា​ហាវ​​បំផុត​របស់​ពិភព​លោក​មួយ​នេះ នៅ​តែ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្ពស់​។



មន្ត្រី​ជំ​នាញ​សុខា​ភិបាល​ទូ​ទាំង​ពិភព​លោក​បាន​ចេញ​នូវ​ការ​​ព្រមាន​របស់​ពួក​គេ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា មេ​ដឹក​នាំ​​ពិភព​លោក​​ចាំ​បាច់​ត្រូវ​តែ​ខិត​ខំ​ព្យា​យាម​បន្ថែម​ទៀត​ដើម្បី​​គ្រប់​គ្រង​ជំ​ងឺ​រាត​​ត្បាត​មួយ​នេះ ដែល​កំពុង​តែ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​បំ​ផុត​នៅ​ប្រទេស​​ហ្គី​ណេ សេរ៉ា​ឡេ​អូន និង​លី​បេ​រី​យ៉ា​។

ការ​ផ្ទុះ​ជំ​ងឺ​អេ​បូ​ឡា ដែល​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​​ជា​មួយ​នឹង​សា​រធាតុ​រាវ​របស់​អ្នក​​ជំ​ងឺ​ផ្ទុក​ជំ​ងឺ​នេះ ​បាន​នាំ​ឲ្យ​មាន​​ការ​ប្រកាស​អាសន្ន​ទូ​ទាំង​តំបន់​នេះ ខណៈ​ដែល​ក្រុម​វិទ្យា​សាស្ត្រ​កំ​ពុង​តែ​​ប្រវេស​ប្រវាស់​​ដើម្បី​ស្វែង​រក​ថ្នាំ​ព្យា​បាល​។

លោក​ស្រី Margaret Chan ប្រធាន WHO បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​នៅ​រដ្ឋ​ធានី​វ៉ា​ស៊ីង​តោន​ថា៖ «​នៅ​សប្តាហ៍​នេះ យើង​កំ​ពុង​​តែ​ធ្វើ​របាយ​ការណ៍​​នូវ​ករណី​ចំនួន​៣.៥០០​នាក់់​ដែល​បាន​កើត​នៅ​ហ្គី​ណេ សេ​រ៉ា​ឡេ​អូន និង​លី​បេ​រី​យ៉ា និង​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាង​១.៩០០​នាក់ ហើយ​ការ​​ផ្ទុះ​នូវ​ជំងឺ​នេះ​កំ​ពុង​តែ​កើន​ឡើង​»​។

តួ​លេខ​​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ក្នុង​កម្រិត​យ៉ាង​លឿន​ពី​ចំនួន​មនុស្ស​ស្លាប់​ចំនួន​១.៥៥២​នាក់ និង​៣.០៦៩​ករណី​​ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​អង្គ​ការ​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​មួយ​នេះ​កាល​ពី​ថ្ងៃ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com