កីឡាអន្តរជាតិ
អន្តរជាតិ
Williams ផ្តួល Wozniacki ដើម្បី​ឈ្នះ​ពាន US Open ជាលើក​ទី​៦
08, Sep 2014 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡា​ការិនី​វាយ​កូន​បាល់​លេខ​១​ក្នុង​ពិភព​លោក Serena Williams បាន​ឈ្នះ​ពាន​​ក្នុង​កម្ម​វិធី Grand Slam ជា​លើក​ទី​១៨​របស់​នាង​តាម​រយៈ​ការផ្តួល​កីឡាការិនី Caroline Wozniacki ក្នុង​លទ្ធ​ផល ៦-៣ និង​៦-៣ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ឈ្នះ​ពាន​រង្វាន់ US Open ជា​លើក​ទី​៦​របស់​នាង​។



កីឡា​ការិនី​របស់​អាមេ​រិក​រូប​នេះ ដែល​បាន​រង​នូវ​ការ​ខក​ចិត្ត​ក្នុង​ការ​ប្រកួត​​ដណ្តើម​ពាន​រង្វាន់​សំ​ខាន់​បី​​នៅ​ឆ្នាំ​នេះ បាន​បញ្ចប់​​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​ការ​រង់​ចាំ​ ខណៈ​ដែល​នាង​បាន​​ចូល​រួម​ជា​មួយនឹង​កីឡា​ការិនី Chris Evert និង Martina Navratilova ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​សំ​ខាន់​ៗ​ចំនួន​១៨​លើក ប៉ុន្តែ ដេញ​តាម​ពី​ក្រោយ Steffi Graf ដែល​ឈ្នះ​ពាន​រង្វាន់​ធំ​២២​​លើក​ក្នុង​យុគ​សម័យ​កាល Open និង​ដេញ​តាមកំណត់​ត្រា​នៃ​ការ​ឈ្នះ​ពាន​សរុប​២៤​​លើក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយនាង Margaret Court​។

Williams ដែល​បាន​ឈាន​ចូល​វ័យ​៣៣​ឆ្នាំ​នៅ​ចុង​ខែ​នេះ បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ឈ្នះ​ពាន Grand Slam ជា​លើក​ទី​១៨ បាន​ស្ថិត​ក្នុង​អារម្មណ៍​របស់​នាង ពីព្រោះ «ខ្ញុំ​​នឹង​ចូល​រួម​ជា​មួយ Chrissy និង Martina ហើយ​បាន​គិត​ថា Serena Williams នឹង​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ទាំង​នោះ​»​។

Williams ដែល​បាន​ញញឹម​ទាំង​រីក​រាយ ខណៈ​ដែល Evert និង Navratilova បាន​ប្រគល់​ពាន​​រង្វាន់​ឲ្យ​ទៅនាង​នោះ បាន​ឲ្យ​ដឹង​ថា៖ «តើ​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិន​ធ្លាប់​បាន​គិត​ថា អ្នក​នឹង​​ដាក់​ឈ្មោះ​ខ្ញុំ​ជា​មួយ​នឹង​កីឡា​ការិនី​ឆ្នើម​ៗ​ទាំង​​នេះ​ឡើយ​»​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com